ខ្មែរប៉ុស្ដិ៍ Close

ទស្សនះមិត្តអ្នកអាន ៖ «ការអំពាវនាវរកជំនួយរបស់សហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៏ គឺជាឆាកល្ខោនបំភ័ន្តភ្នែក»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 96
ទស្សនះមិត្តអ្នកអាន ៖ «ការអំពាវនាវរកជំនួយរបស់សហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៏ គឺជាឆាកល្ខោនបំភ័ន្តភ្នែក» ទស្សនះមិត្តអ្នកអាន ៖ «ការអំពាវនាវរកជំនួយរបស់សហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៏ គឺជាឆាកល្ខោនបំភ័ន្តភ្នែក»

កាលពីថ្ងៃទី២៧ មេសា ឆ្នាំ ២០២២ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏បានចេញសេចក្តីអំពាវនាវមួយដើម្បីស្វែងរកជំនួយពីសប្បុរសជនក្រោមហេតុផលថា បុគ្គលិកកម្មករដែលតវ៉ាឲ្យថៅកែយកចូលធ្វើការវិញនោះ កំពុងជួបការខ្វះខាតផ្នែកជីវភាព ហើយពួកគេភាគច្រើនជាស្ត្រី។ បើអានសេចក្តីអំពាវនាវនេះមួយភ្លែត គេហាក់ដូចជាមានអារម្មណ៍ថា ក្រុមអ្នកតវ៉ាទាំងនោះ ហាក់ដូចជាកំសត់ណាស់។

ប៉ុន្តែ ប្រសិនបើពិចារណាអោយជ្រៅបន្តិចទៅលើសកម្មភាពរបស់ពួកគេដែលបាននិងកំពុងធ្វើវិញ គ្រប់គ្នាច្បាស់ជាយល់បានថា សេចក្តីអំពាវនាវនេះគ្រាន់តែជាឆាកល្ខោនបន្លំភ្នែកតែប៉ុណ្ណោះ។ តាមពិតទៅ ក្រុមនេះមិនកំសត់ដូចដែលសហជីពនេះបានលើកឡើងនោះទេ ពីព្រោះពួកគេអាចធ្វើសកម្មភាពបែបនេះបានក្នុងរយៈពេលជាច្រើនខែមកនេះគឺដោយសារតែមានអ្នកឧបឧត្ថម្ភពីក្រោយខ្នងយ៉ាងរឹងមាំក្នុងចេតនាចិញ្ជឹមទំនាស់ដោយចិញ្ចឹមចលនាបាតុកម្មខុសច្បាប់នេះឲ្យនៅរស់រវើក ទោះជាការតវ៉ានេះខុសទំនងនិងខុសច្បាប់ការងារក៏ដោយ ជាពិសេសគឺការទាមទារបង្ខំគំរាមថៅកែឱ្យយកពួកខ្លួនចូលធ្វើការវីញដែលគ្មានច្បាប់នៅក្នុងប្រទេសណាមួយក្នុងពិភពលោក មានចែងនិងធ្លាប់បានអនុវត្តនោះឡើយ។ ចំណុចដែលគួរឲ្យពិចារណាមាន ដូចតទៅ៖

ទី១៖ ប្រសិនបើជាវិវាទការងារពិតប្រាកដ បញ្ហាអាចដោះស្រាយបានយ៉ាងងាយដោយឈរលើច្បាប់ការងារពីព្រោះក្នុងការបញ្ចប់កិច្ចសន្យាការងារ និយោជកត្រូវផ្តល់សំណងនិងអត្ថប្រយោជន៍ផ្សេងៗដល់កម្មករ និយោជិតទៅតាមច្បាប់ដែលបានចែង។ ក្នុងន័យនេះ និយោជកក្រុមហ៊ុនណាហ្គាវើលបានយល់ព្រមអនុវត្តតាមច្បាប់ការងារទាំងអស់ ហើយបុគ្គលិកកម្មករភាគច្រើនក៍បានទទួលយកដំណោះស្រាយតាមនីតិវិធីច្បាប់រួចរាល់ហើយដែរ។ ប៉ុន្តែនៅសល់តែបុគ្គលិកនិងកម្មករមួយក្រុមតូចដែលដឹកនាំដោយសកម្មជននយោបាយ ឈឹម ស៊ីថរ និងដោយមានការទំនុកបំរុងជាប្រចាំនិងយ៉ាងសកម្មពីសង្គមស៊ីវីលមួយចំនួនដែលទទួលជំនួយពីពួកបរទេស បែរជាមិនព្រមទទួលយកដំណោះស្រាយ ហើយបែរជាទាមទារឲ្យថៅកែយកចូលធ្វើការវិញ? នេះគឺជាការទាមទារខុសពីនីតិវិធីច្បាប់ពីព្រោះគ្មានច្បាប់ណាបង្ខំឲ្យនិយោជកត្រូវទទួលយកកម្មករ និយោជិតតាមការបង្ខិតបង្ខំនោះឡើយ។

ទី២៖ សំណងដែលនិយោជកផ្តល់ជូន ក៏មានចំនួនច្រើនគួរសម និងសមរម្យដែលអាចអនុញ្ញាត ឲ្យកម្មករនិយោជិតអាចដោះស្រាយជីវភាពបានក្នុងកំឡុងពេលស្វែងរកការងារថ្មី។ ចុះហេតុអ្វីបានជាមិនព្រមទទួលយដំណោះស្រាយតាមច្បាប់ការងារដែលជាប្រយោជន៍សម្រាប់ខ្លួនឯងបែរទៅជាជ្រើសរើសយកមធ្យោបាយតវ៉ាដែលមិនសមទំនងហើយខាតប្រយោជន៍បែបនេះទៅវិញ? តើមានអ្វីនៅពីក្រោយការតវ៉ាបែបនេះ?

ទី៣៖ បន្ទាប់ពីការតវ៉ាខុសច្បាប់និងខុសទំនងអស់រយៈពេលជាច្រើនខែ និងបន្ទាប់ពីរងការរិះគន់ថាមានអ្នកឧបត្ថម្ភពីក្រោយខ្នង និងមានភស្តុតាងជាច្រើនដែលគេចាប់បាន ទើបសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលបានចេញសេចក្តីអំពាវនាវមួយដើម្បីស្វែងរកជំនួយពីសប្បុរសជន។ ចុះរយៈ ពេលជាច្រើនខែមកនេះ ពួកគេបានលុយមកពីណាដើម្បីធ្វើសកម្មភាពបាតុកម្មតវ៉ានិងផ្គត់ផ្គង់ជីវភាពបើគ្មានអ្នកឧត្ថម្ភពីក្រោយខ្នងទេនោះ?

ទី៤៖ ការអំពាវនាវរបស់សហជីព នេះដើម្បីស្វែងរកជំនួយពីសប្បុរសជនធ្វើឡើងក្រោមហេតុផលដើម្បីការពារសិទ្ធិការងារ និងដោយយកស្ត្រីមកធ្វើជាលេសដើម្បីទាក់ទាញចំណាប់អារម្មណ៍ ។ ប៉ុន្តែសំណួរ នៅត្រង់ថា ប្រសិនបើពួកគេតវ៉ាដើម្បីសិទ្ធិការងារនិងយុត្តិធម៌សង្គម ម្តេចក៍មិនទទួលយកការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលនិងដំណោះស្រាយតាមច្បាប់ការងារដែលនិយោជកដោះស្រាយជូន?

ការដាក់លក្ខខណ្ឌឲ្យនិយោជកត្រូវយកខ្លួនចូលធ្វើការវិញដោយចាត់ទុកថាជាដំណោះស្រាយតែមួយគត់ គឺមិនមែនជាការការពារសិទ្ធិការងារនិងយុត្តិធម៌សង្គមទេ។ សិទ្ធិការងារគឺជាសិទ្ធិដែលនិយោជកនិងនិយោជិតព្រមព្រៀងគ្នាដោយគោរពតាមច្បាប់ការងារ ចំណែកឯយុត្តិធម៌សង្គមគឺជាយុត្តិធម៌សម្រាប់ភាគីទាំងសងខាង មិនមែនជាការបង្ខំឲ្យនិយោជកទទួលយកខ្លួនឲ្យចូលធ្វើការនោះទេពីព្រោះទាល់តែមានការព្រមព្រៀងរវាងបុគ្គលិកនិងថៅកែទើបមានការងារធ្វើ។ គ្មានបុគ្គលណាចង់បានការងារធ្វើហើយមានសិទ្ធិបង្ខំនិយោជកឲ្យទទួលយកខ្លួនធ្វើការនោះទេ។

ដោយឈរលើហេតុផលទាំងអស់នេះ គេអាចយល់បានថា សេចក្តីថ្លែងការណ៍អំពាវនាវរបស់សហជីពនេះដើម្បីស្វែងរកជំនួយពីសប្បុរសជន គ្រាន់តែជាឆាកល្ខោនដើម្បីបិទបាំងម្ចាស់ជំនួយលាក់មុខរបស់ខ្លួន និងដើម្បីជាលេសអូសបន្លាយបញ្ហាតែប៉ុណ្ណោះ៕

ដោយ : អ្នកនយោបាយតុកាហ្វេ