គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅភូមិដំរិប ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហម
កំពង់ឆ្នាំង៖ កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកជំទាវ ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ឯកឧត្តម លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខា ចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ដែលបណ្ដាលអោយរលំផ្ទះ និងខូចខាត ចំនួន ៨គ្រួសារ ក្នុងភូមិដំរិប ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស។
ក្នុងឱកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធិ បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ទោះនៅទីណាក៏ដោយ។ ខ្ញុំបាទក៏បានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយដែលអាចកើតឡើងជាយថាហេតុ និងត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីចៀសផុតពីជំងឺកូវីដ-១៩។
អំណោយដែលបានផ្ដល់ជូនក្នុងមួយគ្រួសាររួមមាន អង្ករ ២៥ គីឡូក្រាម មី ១ កេស ត្រីខ ១០ កំប៉ុង ឃីត ១កញ្ចប់(មុង ១ ភួយ ១ សារុង ១ ក្រមា ១) តង់ធំ ១ និងថវិកាមួយចំនួន៕