ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញ ណែនាំជាថ្មីដល់ក្រុមបាតុករអតីតបុគ្គលិកណាហ្គាវើលដ៏កុំឲ្យប្រមូលផ្តុំធ្វើបាតុកម្មខុសច្បាប់តាមដងផ្លូវសាធារណៈ និងទីសាធារណៈផ្សេងទៀត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 75

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ បានធ្វើការណែនាំជាថ្មី ដល់ក្រុមបាតុករ ដែលជាអតីតបុគ្គលិក និងបុគ្គលិក ក្រុមហ៊ុន ណាហ្គាវើលដ៍ កុំឲ្យប្រមូលផ្តុំគ្នាធ្វើបាតុកម្មខុសច្បាប់ នៅតាមដងផ្លូវសាធារណៈ តាមចិញ្ចើមផ្លូវ សួនច្បារសាធារណៈ និងទីសាធារណៈផ្សេងទៀត។

តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានចេញសេចក្ដីជូនដំណឹងជាច្រើនលើកច្រើនសារ មិនអនុញ្ញាតឱ្យក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ប្រមូលផ្តុំគ្នាធ្វើបាតុកម្មខុសច្បាប់នៅតាមដងផ្លូវសាធារណៈ ចិញ្ចើមផ្លូវ សួនច្បារសាធារណៈ និងទីសាធារណៈផ្សេងទៀត ហើយក៏បានប្រើប្រាស់វិធានការអប់រំជាបន្តបន្ទាប់ទៅលើក្រុម បាតុករដើម្បីបញ្ឈប់នូវសកម្មភាពខុសច្បាប់បន្តទៀត។

ចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំសារជាថ្មីដល់ក្រុមបាតុករ ត្រូវអនុវត្តតាម នីតិវិធីដែលមានចែងក្នុងមាត្រា៥ ជំពូកទី២ នៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី «ក្រុមបុគ្គលណា ដែលមានបំណងរៀបចំធ្វើបាតុកម្មដោយសន្តិវិធីនៅទីសាធារណៈណាមួយ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរដែនដីរាជធានី ឬខេត្តមានសមត្ថកិច្ចគ្រប់គ្រងទីកន្លែងនោះ»។

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់បន្ថែមថា ករណីនេះ កន្លងមកក្រុមបាតុករបានទទួលការបកស្រាយច្បាប់ខុស ក្នុងន័យបំភាន់សាធារណមតិ តាមការនឹកឃើញរបស់ខ្លួនថា សកម្មភាពរបស់ខ្លួនជាការធ្វើកូដកម្មទៅវិញ តែសកម្មភាពពិតរបស់ពួកគាត់ គឺធ្វើការប្រមូលផ្តុំ លើកបដា និងប្រើឧក្បៀសនាសព្ទចល័ត ស្រែកទាមទារ នៅតាមដងផ្លូវសាធារណៈ ចិញ្ចើមផ្លូវ សួនច្បារសាធារណៈ និងទីសាធារណៈផ្សេងទៀតតាំងពីដើមរៀងមក។

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖

អត្ថបទទាក់ទង