ខ្មែរប៉ុស្ដិ៍ Close

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​អគារទីបញ្ជាការ និងសមិទ្ធផលនានារបស់កងពលតូចអន្តរាគមន៍លេខ៦

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 33
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​អគារទីបញ្ជាការ និងសមិទ្ធផលនានារបស់កងពលតូចអន្តរាគមន៍លេខ៦ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​អគារទីបញ្ជាការ និងសមិទ្ធផលនានារបស់កងពលតូចអន្តរាគមន៍លេខ៦

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២  បានអញ្ជើញសម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ និង​សមិទ្ធផល​នានា សរុប ៣៦ខ្នងរបស់កងពលតូចអន្តរាគមន៍លេខ៦ ខេត្តឧត្តរមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន​ សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ថ្លែងនាឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះការរីកចម្រើនជាលំដាប់របស់កងពលតូចអន្តរាគមន៍លេខ៦ ដែលស្តែងឡើងតាមរយៈការសម្រេចបាននូវការកសាងសមិទ្ធផលជាច្រើន ដើម្បីធ្វើយ៉ាងណាឱ្យការបំពេញការងារប្រចាំថ្ងៃ ក៏ដូចជាការរស់នៅ និងហ្វឹកហ្វឺនរៀនសូត្ររបស់យោធិន អាចត្រូវ​បានលើកកម្ពស់កាន់តែប្រសើរឡើងថែមទៀត។

ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរ​ និងវាយតម្លៃ​ខ្ពស់ចំពោះកងពលតូចអន្តរាគមន៍លេខ៦ ក៏ដូចជាកងពលធំអន្តរាគមន៍លេខ២ និងបណ្តាស្ថាប័ន-​កងឯកភាពចំណុះផ្សេងទៀត ដែលកន្លងមក​បានយកចិត្តទុកដាក់ប្រមូលផ្តុំអនុវត្តភារកិច្ចសម្រេច​បានលទ្ធផល និងស្នាដៃការងារល្អប្រសើរជាច្រើនគួរជាទីមោទនៈ ដោយ​ធានាបាននូវការពង្រឹង​ប្រៀបការពារជាតិក្នុងភូមិសាស្ត្រទទួលខុសត្រូវឱ្យមានប្រសិទ្ធភាពជាប់ជាប្រចាំ និង​ការបំពេញកិច្ចសហការជាមួយអាជ្ញាធរ​ដែនដី សមត្ថកិច្ចពាក់ព័ន្ធក្នុងការថែរក្សាការពារសន្តិសុខ របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ បាន​ល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ ក៏ដូចជាការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងយថាហេតុផ្សេងៗ ជាពិសេសសកម្មភាពចូលរួមចំណែកនានានៅក្នុងយុទ្ធនាការទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមកនេះ។

ឆ្លៀតនាឱកាសនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ ក៏ដូចជាប្រជាជនក្នុងខេត្តឧត្តរមានជ័យ និងនៅទូទាំងប្រទេសចំពោះការបាត់បង់សាច់ញាតិ មិត្តភក្តិ ដោយសារជំងឺរាតត្បាតដ៏កាច​សាហាវ​កូវីដ-១៩ និងសូមបួងសួងឱ្យវិញាណក្ខន្ធរបស់ពួកគាត់បានទៅដល់សុគតិភព។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានអំពាវនាវ ដល់កងកម្លាំងឲ្យ រក្សាភាពស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងគោរពឱ្យបានម៉ឺងម៉ាត់នូវរាល់​បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជា​ការដ្ឋាន ព្រមទាំងបន្តយកចិត្តទុកដាក់ស្វែងយល់​អំពីសភាពការណ៍ថ្មីៗ ដើម្បី​លើកកម្ពស់មនសិការស្នេហាជាតិ បង្កើនការយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ និងយកអស់កម្លាំងកាយចិត្តហ្វឹកហាត់គ្រប់​ជំនាញ។

លើសពីនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏អំពាវនាវឲ្យបន្តសហការល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ រួមចំណែកក្នុងការកសាងភូមិ-ឃុំ មានសុវត្ថិភាព ព្រមជាមួយនឹងការបន្តប្រសិទ្ធភាពនៃការអនុវត្ត​តួនាទី និងភារកិច្ចរបស់កងទ័ពក្នុងការពង្រឹង​ខឿន​ការពារ​ជាតិ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាព។ ជាពិសេស លោកបានបន្ថែមថា កងកម្លាំងត្រូវបន្តយកចិត្តទុកដាក់ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយនានា នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវឱ្យបានរហ័សបំផុត ឱ្យស័ក្តិសមជាកូនចៅពិតប្រាកដរបស់ប្រជាជន ដែលហ៊ានធ្វើពលិកម្មគ្រប់យ៉ាងដើម្បីជាតិមាតុភូមិ៕

អត្ថបទទាក់ទង