ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន បានចំនួនជិត ១៤លាននាក់ គិតត្រឹមយប់ថ្ងៃទី២៥ ខែមករា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 26

ការងារចាក់វ៉ាក់សាំងនៅកម្ពុជា បាននិងកំពុងបង្ហាញនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយមានប្រជាពលរដ្ឋសរុបទូទាំងប្រទេស បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ឬដូសទី២រួចរាល់ បានចំនួន ១៣,៧៤៣,៦១២នាក់ គិតត្រឹមយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ម្សិលមិញនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។

សម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានប្រជាពលរដ្ឋចំនួន ១០,១៩៥,២២៦នាក់ ដែលបានចាក់ដូសទី១ និងចំនួន ៩,៨៤២,៨៩១នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០១.៩៥% នៃប្រជាជនគោលដៅសរុប ១០លាននាក់។ ក្នុងនោះសម្រាប់ដូសទី៣វិញ សម្រេចចាក់បានចំនួន ៤,៨៤៦,៩១២នាក់ និងដូសទី៤ បានចំនួន ៣៧២,៦៣៥នាក់។

ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១,៨១៧,៦៤៥នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១,៧៣៨,៧៤០នាក់ ដែលស្មើនឹង ៩៩.៤៧% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។

ក្នុងនោះផងដែរ ចំពោះកុមារអាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២,០០៨,៣៩៥ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១,៩១៨,៥៣៨នាក់ ដែលស្មើនឹង ១០៥.៨៥% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារអាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣២១,០៨៧ នាក់ សម្រាប់ដូសទី១ និងចំនួន ២៤៣,៤៤៣នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០៥.៥១%។

បើគិតជាចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់ ការងារចាក់វ៉ាក់សាំងសម្រេចបាន ៨៩.៦៤% ដែលជាតួលេខមួយដ៏ខ្ពស់ នៅក្នុងចំណោមបណ្តាប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤៕

អត្ថបទទាក់ទង