ខ្មែរប៉ុស្ដិ៍ Close

ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកវេទិកាទេសចរណ៍អាស៊ាន នៅខេត្តព្រះសីហនុ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 73
ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកវេទិកាទេសចរណ៍អាស៊ាន នៅខេត្តព្រះសីហនុ ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកវេទិកាទេសចរណ៍អាស៊ាន នៅខេត្តព្រះសីហនុ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានផងនោះ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២នេះ អញ្ជើញជាអធិបតីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលរៀបចំធ្វើឡើងនៅក្រុងព្រះសីហនុ។

វេទិកាទេសចរណ៍អាស៊ាន ជាវេទិកាដ៏មានសារៈសំខាន់ជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍របស់ប្រទេសទាំង១០ ដែលជាសមាជិកអាស៊ាន។ មុនពេលមកដល់នៃវិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០១៩ ប្រទេសសមាជិកអាស៊ាន គឺជាទីតាំងសម្រាប់លំហែកកាយ និងដំណើរកម្សាន្តដ៏ទាក់ទាញមួយ។

របាយការណ៍បានបង្ហាញថា អ្នកទេសចរណ៍អន្តរជាតិចូលមកអាស៊ាន មានរហូតដល់ប្រមាណ ១៣៦,២៤លាននាក់ កំណើនប្រមាណ ៧ភាគរយ ហើយបង្កើតការងារផ្ទាល់ប្រមាណ ៣០លាននាក់។ វិស័យទេសចរណ៍នេះ បានផ្តល់ចំណូលប្រមាណ ១០ភាគរយ នៃផលិតផលសរុបរបស់អាស៊ាន។ តែនៅឆ្នាំ២០២០ ទេសចរអន្តរជាតិ ចូលមកទស្សនាអាស៊ាន មានត្រឹមប្រមាណ ២៥.៩៦លាននាក់ប៉ុណ្ណោះ ធ្លាក់ចុះប្រមាណ ៨០.៥ភាគរយ។ ចំណូលពីទេសចរណ៍ ធ្លាក់ចុះរហូតដល់ ៧៥.៨ភាគរយ។

វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ដែលរៀបចំឡើងនៅកម្ពុជា គឺជាការបង្ហាញឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក៏ដូចជាប្រទេសសមាជិកអាស៊ានដទៃទៀត ក្នុងការធ្វើឱ្យវិស័យទេសចរណ៍មានដង្ហើមឡើងវិញ ក្រោយរងការវាយប្រហារយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩ រយៈពេលប្រមាណ២ឆ្នាំកន្លងទៅនេះ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញក្តីសង្ឃឹមរបស់ខ្លួនថា វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២នេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ។ លោកបានបង្ហាញសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍អន្តរជាតិនេះនឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន។

វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ត្រូវរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២។ ការសម្រេចរៀបចំវេទិកាទេសចរណ៍អាស៊ាន២០២២ ដោយផ្ទាល់លើកនេះ ឈរលើមូលដ្ឋាននៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ, ភាពសុាំសហគមន៍, ប្រសិទ្ធភាពនៃការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩, ការអនុវត្តវិធាន S.O.P. ក៏ដូចជាយុទ្ធសាស្ត្រស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទជំងឺកូវីដ-១៩។ កត្តាទាំងនេះ ចូលរួមផ្តល់ភាពជឿជាក់ដល់ប្រតិភូជាតិ និងអន្តរជាតិ ព្រមទាំងអាចចូលរួមផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ចាប់ពីឆ្នាំ២០២២។

វេទិកាទេសចរណ៍អាស៊ានលើកទី៤០ នឹងភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនមានដូចជា៖ កិច្ចប្រជុំថ្នាក់ស្ថាប័នជាតិទេសចរណ៍អាស៊ាន (ASEAN NTO), កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ, ព្រឹត្តិការណ៍អម និងការតាំងពិព័រណ៍ទេសចរណ៍ (Travel Exchange/ Travex) ខ្នាតតូចល្មម។

ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពីដៃគូសន្ទនាដូចជា៖ អង្គការទេសចរណ៍ពិភពលោក (UNWTO), សមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) និងសមាគមទេសចរណ៍អាស៊ាន (ASEANTA)។ ភ្ញៀវកិត្តិយស ដែលចូលរួមមានដូចជា៖ លោក Bruno BODARD អគ្គនាយកក្លឹបឆ្នេរ (The Most Beautiful Bay Club) និងគោលដៅទេសចរណ៍មេគង្គ (Destination Mekong)។

វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ក៏មានការដាក់លក់ទំនិញផ្សេងៗរហូតដល់ទៅ ១៨៧ស្តង់ ក្នុងនោះស្តង់អន្តរជាតិមានចំនួន ៦១ស្តង់ និងស្តង់ក្នុងស្រុកចំនួន ១២៦ស្តង់ មកពីឥណ្ឌូណេស៊ី ម៉ាឡេស៊ី ភូមា ហ្វីលីពីន និងថៃជាដើម។

តាមរយៈវេទិកានេះ គេរំពឹងថា នឹងទទួលបានលទ្ធផលមួយចំនួន ដើម្បីរួមចំណែកជំរុញដល់វិស័យទេសចរណ៍នៅក្នុងប្រទេសតំបន់អាស៊ាន។ ផលដែលរំពឹងទុកនោះមានដូចជា៖

  • នឹងអនុម័តលើគោលការណ៍ណែនាំស្តីពីយន្តការទទួលស្គាល់ការសិក្សាពីមុនសម្រាប់អ្នកជំនាញទេសចរណ៍អាស៊ាន (The Guidelines on RPL Mechanism for ASEAN Tourism Professionals) ដែលរៀបចំដោយកម្ពុជាផ្ទាល់
  • នឹងអនុម័តលើបច្ចុប្បន្នភាពស្តង់ដាស្តីពីសហគមន៍ទេសចរណ៍អាស៊ាន (the 2nd Edition ASEAN Community-Based Tourism Standard) ដែលរៀបចំដោយកម្ពុជាផ្ទាល់
  • នឹងអនុម័តលើសេចក្តីថ្លែងការណ៍ភ្នំពេញស្តីពីបំលែងកម្មនៃទេសចរណ៍អាស៊ាន (Phnom Penh
    Declaration on Transforming ASEAN Tourism) (រៀបចំដោយកម្ពុជា) ដើម្បីដាក់ស្នើសុំការអនុម័តដោយកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ & ៤១ ក្រោមភាពជាប្រធានអាស៊ាន របស់កម្ពុជា ដែលជាសមិទ្ធិផលអាទិភាពរបស់កម្ពុជា២០២២
  • នឹងអនុម័តលើគោលការណ៍ណែនាំអាស៊ានស្តីពីសុវត្ថិភាព និងអនាម័យសម្រាប់អ្នកបម្រើការងារ និងសហគមន៍ក្នុងឧស្សាហកម្មទេសចរណ៍ និងឡាប៊ែលអាស៊ាន៖ ភាពកក់ក្តៅ និងសុវត្ថិភាព (ASEAN Stamp: Warm & Safe) ដឹកនាំសម្របសម្រួលដោយកម្ពុជា
  • នឹងកត់សម្គាល់លើវឌ្ឍនៈភាព នៃការចុះហត្ថលេខាលើពិធីសារស្តីពីវិសោធនកម្មនៃកិច្ចព្រមព្រៀងយោគយល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍ (Amendment of ASEAN Protocol of MRA-TP)៖ ពិធីសារនឹងដាក់ឱ្យចូលជាធរមាននូវមុខជំនាញទេសចរណ៍អាស៊ានស្ប៉ា (ដឹកនាំរៀបចំដោយកម្ពុជា) ចំនួន ៦ជំនាញ និងជំនាញម៉ាយចំនួន ៣២ជំនាញ នៅក្នុងកិច្ចព្រមព្រៀង MRA ដែលនឹងមានជំនាញអាស៊ានសរុបចំនួន ៧០ជំនាញ សម្រាប់ធ្វើការបណ្តុះបណ្តាលតាមស្តង់ដារួមអាស៊ាន ដើម្បីអាចបម្លាស់ទីការងារក្នុងតំបន់អាស៊ាន
  • នឹងអនុម័តឯកសារផ្សេងៗទៀតដែលមានក្នុងកម្មវិធីវេទិកាទេសចរណ៍អាស៊ានដូចជា៖ របាយការណ៍ សេចក្តីប្រកាសព័ត៌មានជាដើម៕

អត្ថបទទាក់ទង