ខេត្តព្រះសីហនុ ផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការបង្កើតការិយាល័យ ប្រជាពលរដ្ឋខេត្ត និងដាក់ឲ្យដំណើការអង្គភាពច្រកចេញចូលតែមួយ
ព្រះសីហនុ៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ លោក ជាម ហ៊ីម ប្រធានក្រុម ប្រឹក្សាខេត្ត លោក យន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ បានប្រជុំផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការបង្កើតការិយាល័យប្រជាពលរដ្ឋ និងដាក់ឲ្យដំណើរការអង្គភាពច្រកចេញចូលតែមួយ ដោយមាន ការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក ។
សូមជម្រាបផងដែរថា ការផ្សព្វផ្សាយអនុក្រឹត្យលេខ ១៩ អនក្រ.បក ការបង្កើតការិយាល័យប្រជាពលរដ្ឋនៅសាលាខេត្តព្រះសីហនុនេះ សម្រេចទទួលស្គាល់លោក សំ សំអាត ជាប្រធានការិយាល័យប្រជាពលរដ្ឋ និងលោក ផន ភក្តី ជាអនុប្រធាន ។
លោក យន្ត មីន មានប្រសាសន៍ថា ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ត្រូវបានដាក់ឲ្យដំណើរការតាមក្រុង ស្រុក ខណ្ឌ របស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ដើម្បីបង្ខិតសេវាឲ្យនៅជិត ប្រជាពលរដ្ឋ សំដៅលើការផ្តល់សេវាជូនប្រជាពលរដ្ឋ ។ លោកបន្តថា ការិយាល័យប្រជាពលរដ្ឋជាស្ថាប័នសម្រុះសម្រួលដោះស្រាយពាក្យបណ្តឹងក្រៅប្រព័ន្ធតុលាការ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណ: និងការគ្រប់គ្រង រដ្ឋបាលក្នុងដែនសមត្ថកិច្ច សំដៅកែលម្អការផ្តល់សេវាសាធារណ: ជូនប្រជាពលរដ្ឋឲ្យមានគុណភាព ប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
នាឱកាសនោះ លោក យន្ត មីន បានឱ្យដឹងថា ថ្មីៗនេះរដ្ឋបាលខេត្ត ក៏បានធ្វើការដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋចំនួន ៤១គ្រួសារ នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ និងប្រជាពលរដ្ឋចំនួន ៣គ្រួសារនៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រៅប្រព័ន្ធតុលាការទទួលបានជោគជ័យ៕