ខ្មែរប៉ុស្ដិ៍ Close

ប្រមុខការទូតកម្ពុជា-ជប៉ុន ជួបសន្ទនាតាមទូរសព្ទ ខណៈជប៉ុនកត់សម្គាល់ពីវឌ្ឍនភាព ក្រោយដំណើរទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន នៅមីយ៉ាន់ម៉ា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 40
ប្រមុខការទូតកម្ពុជា-ជប៉ុន ជួបសន្ទនាតាមទូរសព្ទ ខណៈជប៉ុនកត់សម្គាល់ពីវឌ្ឍនភាព ក្រោយដំណើរទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន នៅមីយ៉ាន់ម៉ា ប្រមុខការទូតកម្ពុជា-ជប៉ុន ជួបសន្ទនាតាមទូរសព្ទ ខណៈជប៉ុនកត់សម្គាល់ពីវឌ្ឍនភាព ក្រោយដំណើរទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន នៅមីយ៉ាន់ម៉ា

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក ហាយ៉ាហ្សី យ៉ូហ្ស៊ីម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានជួបពិភាក្សាគ្នាតាមទូរសព្ទ ទៅលើប្រធានបទជាច្រើន។

តាមរយៈ Facebook ផ្លូវការ លោក ប្រាក់ សុខុន ដែលជាប្រសិតពិសេសអាស៊ាន ឆ្នាំ២០២២ បានបញ្ជាក់ពីលទ្ធផលជំនួបសន្ទនានោះ យ៉ាងដូច្នេះថា៖

«ជាថ្មីម្តងទៀត ខ្ញុំបានថ្លែងអំណរគុណប្រទេសជប៉ុន ចំពោះការគាំទ្រជាហូរហែដល់ការអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជាការធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ។ រដ្ឋមន្ត្រីការបរទេសជប៉ុន បានកត់សម្គាល់ពីវឌ្ឍនភាពមួយចំនួន ក្រោយដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ហើយបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជួយមីយ៉ាន់ម៉ាដោះស្រាយបញ្ហារបស់ខ្លួន»។

វិបត្តិនៅមីយ៉ាន់ម៉ា បានកើតឡើងបន្ទាប់ពីរដ្ឋប្រហារទម្លាក់លោកស្រី អង់ សានស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១ ក្រោយការបោះឆ្នោត។ វិបត្តិដែលបានប៉ះពាល់ដល់តំបន់អាស៊ានទាំងមូលនេះ មិនត្រូវបានដោះស្រាយចេញនោះទេ នៅពេលដែលព្រុយណេ ធ្វើជាប្រធានអាស៊ាន ដោយសារគោលការណ៍កុងសង់ស៉ីស ៥ចំណុច មិនត្រូវបានអនុវត្តដោយមីយ៉ាន់ម៉ា ប៉ុន្តែដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅមីយ៉ាន់ម៉ា នាសប្តាហ៍មុននេះ ធ្វើឲ្យវឌ្ឍនភាពនៃគោលការណ៍កុងសង់ស៉ីស ៥ចំណុច ចាប់ផ្តើមកើតមាន។

សេចក្តីប្រកាសព័ត៌មានរួម រវាងកម្ពុជា និងមីយ៉ាន់ម៉ា បញ្ជាក់ថា វឌ្ឍនភាពធំៗ ដែលគេឃើញមាននោះគឺ មេដឹកនាំយោធាមីយ៉ាន់ម៉ា បានសម្រេចពន្យារពេលបទឈប់បាញ់ រហូតដល់ចុងឆ្នាំ២០២២ ហើយអំពាវនាវភាគីពាក់ព័ន្ធបញ្ឈប់ហិង្សា ខណៈកម្ពុជា-មីយ៉ាន់ម៉ា ក៏បានគាំទ្រឱ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ា។ បន្ថែមលើនេះ មេដឹកនាំកំពូលយោធាមីយ៉ាន់ម៉ា ក៏បានចេញមុខធានា និងសម្របសម្រួល ដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ាន ឆ្នាំ២០២២ ក្នុងពេលបំពេញភារកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីឲ្យបានជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ផងដែរ។

ក្នុងជំនួបតាមទូសព្ទ ប្រមុខការទូតកម្ពុជា និងប្រមុខការទូតជប៉ុន បានឯកភាពគ្នាថាការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច គឺជាកត្តាស្នូលដើម្បីសម្រេចការងារនេះ។ លោក ប្រាក់ សុខុន ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកបណ្ឌិត យ៉ូហេ សាសាកាវ៉ា ដែលជាប្រេសិតពិសេសរបស់ជប៉ុន សម្រាប់ការផ្សះផ្សាជាតិនៅមីយ៉ាន់ម៉ា៕

អត្ថបទទាក់ទង