ខ្មែរប៉ុស្ដិ៍ Close

SCMP ៖ អាស៊ាននៅតែបន្តរក្សាជំហរតឹងរ៉ឹងចំពោះប្រទេសមីយ៉ាន់ម៉ាដើម្បីបង្ខំឱ្យរបបយោធាអនុវត្តតាមផែនការសន្តិភាព បើទោះបីជាកម្ពុជាកំពុងតែប្រើប្រាស់យុទ្ធសាស្ត្រទន់ភ្លន់ក៏ដោយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 68
SCMP ៖ អាស៊ាននៅតែបន្តរក្សាជំហរតឹងរ៉ឹងចំពោះប្រទេសមីយ៉ាន់ម៉ាដើម្បីបង្ខំឱ្យរបបយោធាអនុវត្តតាមផែនការសន្តិភាព បើទោះបីជាកម្ពុជាកំពុងតែប្រើប្រាស់យុទ្ធសាស្ត្រទន់ភ្លន់ក៏ដោយ មេដឹកនាំរដ្ឋប្រហារ លោក Min Aung Hlaing (រូបថត៖ South China Morning Post)

ការជជែកពិភាក្សាផ្ទៃក្នុងរបស់ប្លុកអាស៊ានទៅលើបញ្ហាដែលថា តើគួរចូលរួម ឬបន្តប្រកាន់ជំហរដាច់ខាតជាមួយរបបយោធាមីយ៉ាន់ម៉ា នឹងក្លាយជាការបង្ខំឱ្យមេដឹកនាំរដ្ឋប្រហារ Min Aung Hlaing គោរពតាមផែនការសន្តិភាពសម្រាប់ប្រទេសដែលកំពុងតែហែកហួរទៅដោយជម្លោះនៅពេលនេះ។

អ្នកសង្កេតការណ៍ បានលើកឡើងថា ការប្រកាសរបស់ប្រទេសកម្ពុជាដែលជាប្រធានអាស៊ាននៅក្នុងសប្តាហ៍នេះថា របបយោធានឹងត្រូវបន្តហាមឃាត់មិនឱ្យចូលរួមក្នុងកិច្ចប្រជុំរបស់ខ្លួននោះ គឺជាការបង្ហាញយ៉ាងច្បាស់ថា ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី នៅតែបន្តប្រកាន់ជំហរ របស់ពួកគេយ៉ាងខ្ជាប់ខ្ជួនទៅលើបញ្ហានេះ។

លោក Matthew Smithនាយកប្រតិបត្តិ នៃក្រុមយុទ្ធនាការ Fortify Rights នៅ តំបន់អាស៊ីអាគ្នេយ៍បាននិយាយថា «ការ បដិសេធរបស់អាស៊ានចំពោះរបបយោធាគឺពិតជាមានសារៈសំខាន់ ។ អាស៊ានអាចមាន វិធីសាស្ត្រច្រើនសម្រាប់ឆ្លើយតបទៅនឹងអំពើឃោរឃៅនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយអាស៊ានអាចនឹងត្រូវចំណាយតម្លៃខ្ពស់នៅត្រង់ចំណុចនេះ»។

នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងសិង្ហបុរី ដែលជាប្រទេសស្ថាបនិកដ៏មានឥទ្ធិពលនៅក្នុងអាស៊ាន បានធ្វើការប្រតិកម្មយ៉ាងខ្លាំងដើម្បីឱ្យមានការដាក់ ចេញនូវវិធីសាស្រ្តតឹងរ៉ឺង បង្ខំឱ្យមេដឹកនាំរបបយោធាលោក Min Aung Hlaing គោរពតាមផែនការសន្តិភាព ៥ ចំណុច ដែលប្រទេសជាសមាជិកទាំងអស់បានព្រមព្រៀងគ្នាកាលពីខែមេសា។

ប៉ុន្តែលោក ហ៊ុន សែន បានធ្វើឱ្យប្រទេសទាំងនេះមានការព្រួយបារម្ភជាខ្លាំង តាមរយៈការផ្តល់សញ្ញារបស់លោកតាំងពីខែធ្នូមកថា ការចូលរួមជាមួយប្រទេសមីយ៉ាន់ម៉ាគឺជាដំណើរការដែលល្អប្រសើរជាង។ ជាងនេះទៅទៀត លោក ហ៊ុន សែន ក៏បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី ៧-៨ ខែមករាផងដែរ។

សកម្មភាពនេះបានជំរុញឱ្យបណ្តាប្រទេសដែលបានប្រកាន់ជំហរយ៉ាងតឹងរ៉ឹងចំពោះលោក Min Aung Hlaing ចេញមកធ្វើការឆ្លើយតបយ៉ាងមុតមាំ ខណៈរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Saifuddin Abdullah បានចង្អុលបង្ហាញថា «ប្រធានអាស៊ានគួរតែធ្វើការពិគ្រោះជាមួយប្រទេសជាសមាជិក ដទៃទៀតមុនពេលធ្វើការសម្រេចចិត្តចំពោះរឿងសំខាន់ណាមួយ»។

ក្រោយមក ប្រទេសកម្ពុជាក៏បានបង្ខំចិត្តធ្វើការពន្យារពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៨-១៩ ខែមករា បន្ទាប់ពីមានរដ្ឋាភិបាលនៃប្រទេសជាច្រើនបានលើកឡើងថា ពួកគេមិនអាចមកចូលរួមនៅក្នុងកិច្ចប្រជុំនេះបានទេ ដោយសារតែជាប់រវល់ជាមួយកិច្ចការបន្ទាន់ផ្សេងៗទៀត។

ការបន្ទន់ជំហរជាបន្តបន្ទាប់របស់លោក ហ៊ុន សែន ត្រូវបានបញ្ជាក់យ៉ាងច្បាស់តាមរយៈការប្រកាសរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍ដែលថា អ្នកការទូតកំពូលរបស់របបយោធា លោក Wunna Maung Lwin នឹងមិនត្រូវបានគេអញ្ជើញឱ្យចូលរួមនៅក្នុងកិច្ចប្រជុំដែលត្រូវបានគេរំពឹងថា នឹងរៀបចំធ្វើឡើងសារជាថ្មីនៅថ្ងៃទី ១៦-១៧ ខែកុម្ភៈនោះទេ។

ជំនួសមកវិញ របបយោធាត្រូវបានគេស្នើឱ្យបញ្ជូន «អ្នកតំណាងដែលមិនមែនជាអ្នកនយោបាយ» ដើម្បីមកចូលរួមនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនោះ។

ការបន្ទន់ជំហររបស់កម្ពុជាត្រូវបានស្វាគមន៍ដោយអ្នកគាំទ្ររបស់គណបក្សរួបរួមជាតិ (NUG) ដែលកំពុងតែធ្វើការប្រឆាំងនឹងភាពស្របច្បាប់របស់របបយោធា ខណៈអ្នកសង្កេតការណ៍អាស៊ានមួយចំនួននៅតែមានមន្ទិលសង្ស័យថា តើវិធីសាស្រ្តតឹងរ៉ឹងអាចទទួលបានផលដែរឬទេ។

លោក Bilahari Kausikan អ្នកការទូតជាន់ខ្ពស់ចូលនិវត្តន៍របស់សិង្ហបុរីបាននិយាយថា «ការខកខានក្នុងការចូលរួមជាមួយក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ា នឹងធ្វើឱ្យអាស៊ានកាន់តែអស់សារៈសំខាន់នៅក្នុងដំណើរការកាត់បន្ថយភាពតានតឹងនៅក្នុងប្រទេសនេះ»។

ក្រោយបានឯកភាពទៅលើចំណុចកុងសង់ស៊ីសទាំង ៥ កាលពីខែមេសាកន្លងទៅ លោក Min Aung Hlaing មិនបានអនុវត្តតាមកិច្ចព្រមព្រៀងនេះទេ។ ចំណុចកុងសង់ស៊ីស ទាំង ៥ នោះបានចែងអំពីការបញ្ឈប់ការប្រើប្រាស់អំពើហិង្សា និងការអនុញ្ញាតឱ្យបេសកជនពិសេសអាស៊ានធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងចូលជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

របបយោធាមិនទាន់បានទទួលយកបេកសជនពិសេសអាស៊ានមួយរូបណានៅឡើយទេ ហើយថែមទាំងបានលើកឡើងថា ពួកគេនឹងមិនអនុញ្ញាតឱ្យបេសកជនពិសេសអាស៊ានជួបជាមួយសមាជិកគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យដែលកំពុងតែជាប់ឃុំ ជាពិសេសគឺលោកស្រី Aung San Suu Kyi នោះឡើយ។

ក្រុមបាតុករដែលប្រឆាំងនឹងរបបយោធា ដុតទង់របស់អាស៊ាន (រូបថត៖ Reuters)
ក្រុមបាតុករដែលប្រឆាំងនឹងរបបយោធា ដុតទង់របស់អាស៊ាន (រូបថត៖ Reuters)

លោក Bilahari បាននិយាយថា «ប្រសិនបើអ្នកចង់បាននូវតួនាទីណាមួយដើម្បីដោះស្រាយបញ្ហា អ្នកត្រូវតែធ្វើការជាមួយរបបយោធា មិនត្រូវគេចចេញពីពួកគេបែបនេះទេ។ អ្នកមិនអាចបន្តជិះសេះខ្ពស់រហូត
បាននោះទេ» ។

លោក Bilahari បាននិយាយទៀតថា «តាមរយៈការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីខែមករា លោក ហ៊ុន សែន បានទទួលរងការវាយប្រហារក្នុងនាមជាប្រធានអាស៊ាន។ គាត់បានផ្តល់ឱកាសក្នុងការបន្ទន់ជំហរដោយមិនបង្កឱ្យមានផលប៉ះពាល់ខ្លាំងពេកដល់កេរ្តិ៍ឈ្មោះ និងតម្លៃនយោបាយរបស់ប្រទេសជាសមាជិកនានា ហើយវាពិតជាល្ងង់ខ្លាំងណាស់ដែលពួកគេមិនបានចាប់យកឱកាសនេះ»។

លោកបានបន្តទៀតថា «មិនយូរមិនឆាប់ ប្រទេសទាំងនោះនឹងត្រូវបន្ទន់ជំហរ ហើយចូលខ្លួនមកដោះស្រាយជាមួយរបបយោធា ប៉ុន្តែការប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងតម្លៃនយោបាយនៅពេលនោះនឹងកើនឡើងខ្ពស់»។

មតិនៅលើបណ្តាញសង្គម និងមតិរបស់អ្នកធ្វើអត្ថាធិប្បាយអំពីអាស៊ានមួយចំនួនតូច មានភាពផ្ទុយស្រឡះពីទស្សនៈរបស់លោក Bilahari ។

លោក ប៊ុណ្ណា វណ្ណ មកពីវិទ្យាស្ថានសហប្រតិបត្តិការនិងសន្តិភាពកម្ពុជាបាន និយាយថា «អាស៊ានគ្មានជម្រើសល្អជាងនេះទេ ដោយសារការសហការដែលទីក្រុងភ្នំពេញបានសាកល្បងធ្វើជាមួយប្រទេសមីយ៉ាន់ម៉ា
មិនបានផ្តល់ផលអ្វីនោះឡើយ»។

លោកបានបន្ថែមថា «ការផ្លាស់ប្តូរជំហររបស់រដ្ឋាភិបាលកម្ពុជា បានបង្ហាញអំពីការដឹងខ្លួនថា ការពឹងផ្អែកតែទៅលើវិធីសាស្ត្រទន់ភ្លន់គឺមិនដំណើរការនោះទេ»។

អ្នកវិភាគខាងលើ បានបន្តលើកឡើងថា «ការកែប្រែជំហររបស់ទីក្រុងភ្នំពេញអាចធានាបានថា អាស៊ានអាចធ្វើសកម្មភាព ប្រកបដោយការឯកភាព និងមានឥទ្ធិពលដើម្បីដាក់សម្ពាធលើផ្នែកនយោបាយ និងផ្នែកការទូតដល់របបយោធាឱ្យអនុវត្តចំពោះអ្វីដែលបណ្តាប្រទេសជាសមាជិកបានព្រមព្រៀងគ្នា» ។

យោធាមីយ៉ាន់ម៉ាម្នាក់កំពុងស្ថិតនៅលើរថពាសដែក (រូបថត៖ EPA)
យោធាមីយ៉ាន់ម៉ាកំពុងស្ថិតនៅលើរថពាសដែក (រូបថត៖ EPA)

អ្នកវិភាគដែលមានមូលដ្ឋាននៅប្រទេសកម្ពុជារូបនេះ ក៏បានបញ្ជាក់ផងដែរថា «របបយោធាទំនងជាមិនទទួលយកការអញ្ជើញដើម្បីបញ្ជូនអ្នកតំណាង ដែលមិនមែនជាអ្នកនយោបាយដើម្បីមកចូលរួមនៅក្នុងកិច្ចប្រជុំនៅពេលខាងមុខ នោះទេ»។

លោក Hunter Marston មកពីកម្មវិធី WSD-Handa Fellowship របស់វេទិកាអ្នកស្រាវជ្រាវ ប៉ាស៊ីហ្វិកបានលើកឡើងថា របបយោធាកំពុងតែចាត់ទុកអាស៊ានថាបានរំលោភទៅលើគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិក។

លោកបាននិយាយថា «ក្រុមប្រឹក្សារដ្ឋបាលរដ្ឋអាចនឹងធ្វើការប្រឆាំងជាមួយអាស៊ាន និងធ្វើការស្តីបន្ទោសអាស៊ានថាបានរំលោភទៅលើគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិក ហើយងាកទៅពឹងផ្អែកកាន់តែខ្លាំងទៅ លើប្រទេសចិន និងរុស្ស៊ីដែលជាមិត្តផ្តាច់ការ»។

លោកបានបន្ថែមថា «ប្រទេសឥណ្ឌា ដែលមានព្រំដែនជាប់ជាមួយប្រទេសមីយ៉ាន់ម៉ាប្រវែង ១៦៤៣ គីឡូម៉ែត្រ ក៏ទំនងជានឹងងាកមកផ្តោតការចាប់អារម្មណ៍បន្ថែមទៀតផងដែរ នៅពេលដែលរបបយោធាកំពុងតែស្វែងរកការពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅជាមួយទីក្រុង New Delhi ដើម្បីជាមធ្យោបាយមួយការពារប្រឆាំងនឹងការពឹងផ្អែកខ្លាំង ពេកទៅលើប្រទេសចិន» ។

លោក Smith ដែលជាអ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្ស បាននិយាយថា វាពិតជារឿងដ៏សំខាន់ខ្លាំងណាស់សម្រាប់អាស៊ានក្នុងការគាំទ្រ ចំពោះការដាក់ទណ្ឌកម្មអាវុធជាសកលប្រឆាំងនឹងរបបយោធា។

ការអំពាវនាវនេះមិនត្រូវបានគេអើពើនោះទេ បើទោះបីជាក្រុមសកម្មជនបានធ្វើការព្រមានម្តងហើយម្តងទៀតអំពីការប្រើប្រាស់អាវុធ និងយុទ្ធសាស្ត្រសង្គ្រាមកាន់តែខ្លាំងឡើងៗពីសំណាក់របបយោធា ប្រឆាំងនឹងជនស៊ីវិលយ៉ាងណាក៏ដោយ។

លោក Smith បាននិយាយថា «គ្មានរដ្ឋណាមួយនៅក្នុងអាស៊ាន ជាប្រទេសជួញដូរអាវុធធំជាមួយរបបយោធាមីយ៉ាន់ម៉ានោះទេ ប៉ុន្តែតំបន់ទាំងមូលត្រូវដោះស្រាយចំពោះសកម្មភាពវាយប្រហារយ៉ាងធ្ងន់ធ្ងរពី សំណាក់របបយោធាមកលើជនស៊ីវិល។ ដូចនេះ ការដាក់ទណ្ឌកម្មអាវុធគឺពិតជារឿងសមហេតុផលសម្រាប់អាស៊ាន»។

ក្រៅពីជម្លោះនៅក្នុងអាស៊ាន អ្នកសង្កេតការណ៍នានាក៏កំពុងតាមដានចំពោះចំណាត់ការបន្ទាប់របស់បេសកជនពិសេសរបស់អង្គការសហប្រជាជាតិដែលទទួលបន្ទុកដោះស្រាយវិបត្តិ គឺលោកស្រី Noeleen Heyzer។

លោកស្រី Noeleen Heyzer បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា
លោកស្រី Noeleen Heyzer បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

ការលើកឡើង របស់លោកស្រីនៅសប្តាហ៍នេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Channel News Asia បានបង្កឱ្យមានភាពចម្រូងចម្រាស នៅពេលដែលលោកស្រីបាននិយាយថា «ក្រុមអ្នកដែលប្រឆាំងនឹងរបបយោធាចាំបាច់ត្រូវតែធ្វើការពិចារណាទៅលើកិច្ចព្រមព្រៀងចែករំលែកអំណាចជាមួយក្រុមយោធា»។

ជាការឆ្លើយតប ក្រុមសង្គមស៊ីវិល ប្រហែល ២៥០ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបានលើកឡើងថា ការប្រកាសជំហរបែបនេះ នឹងធ្វើឱ្យលោក Min Aung Hlaing កាន់តែមានទំនុកចិត្ត ខណៈដែលកងកម្លាំងរបស់លោកកំពុងត្រូវបានគេចោទប្រកាន់អំពីការសម្លាប់រង្គាល ការរំលោភ និងការប្រព្រឹត្តអំពើឃោរឃៅផ្សេងៗទៀត។

សេចក្តីថ្លែងការណ៍នោះបានលើកឡើងថា «ការថ្លែងបែបនេះអាចបង្កើតនូវគម្រូដ៏គ្រោះថ្នាក់មួយដែលថា បុគ្គលដែលប្រើប្រាស់មធ្យោបាយដ៏ឃោរឃៅដើម្បីធ្វើការគ្រប់គ្រង ដូចជាការសម្លាប់រង្គាល ការចាប់រំលោភ
ការចាប់ខ្លួន ការធ្វើទារុណកម្ម ការដុតភូមិនិងប្រជាជន ការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងជនស៊ីវិល និងការបាញ់ផ្លោង អាចនឹងត្រូវបានគេទទួលស្វាគមន៍ដើម្បីធ្វើការចែករំលែកអំណាច»។

នៅក្នុងបទសម្ភាសន៍ជាបន្តបន្ទាប់ជាមួយគេហទំព័រសំឡេងប្រជាធិបតេយ្យមីយ៉ាន់ម៉ា លោកស្រី Heyzer បាននិយាយថា ការលើកឡើងរបស់លោកស្រីត្រូវគេបកស្រាយខុសពីអត្ថន័យដើម ហើយលោកស្រីបានទទួលយកក្តីបារម្ភដែលក្រុមសង្គមស៊ីវិលបានលើកឡើងដោយយកចិត្តទុកដាក់បំផុត។

លោក Marston អ្នកស្រាវជ្រាវដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីបានលើកឡើងថា រឿងអាស្រូវជុំវិញការអត្ថាធិប្បាយរបស់លោកស្រី Heyzer គឺជារឿងសមហេតុផល។

លោកបាននិយាយថា «ប្រជាជនមីយ៉ាន់ម៉ាភាគច្រើនបានចាត់ទុកថា ក្រុមយោធាលែងមានតួនាទីស្របច្បាប់នៅ ក្នុងប្រទេសនេះទៀតហើយ ហើយថែមទាំងមិនអាចធ្វើការចរចារជាមួយបានទៀតផង»។
-លោកបានបន្ថែមថា «ទោះជាយ៉ាងណាក៏ដោយ វាពិបាកក្នុងការទស្សន៍ទាយអំពីដំណោះស្រាយប៉ុន្តែវាអាចនឹងត្រូវចាប់ផ្តើមចេញពីការចរចារស្វែងរកច្រកចេញដើម្បីឱ្យក្រុមយោធាកាត់បន្ថយការធ្វើ សកម្មភាពរបស់ខ្លួន ឬចុះចេញពីតួនាទីបច្ចុប្បន្នរបស់ខ្លួន»។

លោក Marston បានលើកឡើងទៀតថា «ប្រសិនបើវាចាំបាច់ក្នុងការផ្តល់នូវអ្វីមួយទៅឱ្យមនុស្សអាក្រក់ដើម្បីសម្រេចឱ្យបាននូវរឿងល្អការលើកឡើងរបស់ លោកស្រី Heyzer ប្រហែលជាមិនខុសឆ្ងាយពេកនោះទេ» ។

លោក Smith បានចាត់ទុកថា ប្រតិកម្មខឹងសម្បារទាំងនេះគឺជាផ្នែកមួយនៃការចងចាំរបស់ក្រុមមនុស្សជំនាន់មុនរបស់ប្រទេសមីយ៉ាន់ម៉ាដែលពួកគាត់តែងតែបានឃើញក្រុមអ្នកជំនាញដែលមកពីខាងក្រៅ ពីមួយឆ្នាំទៅមួយឆ្នាំ តែងតែព្យាយាមធ្វើឱ្យក្រុមយោធាងាកមកស្តាប់តាមពួកគេវិញ។

លោកបាននិយាយថា «ក្រុមអ្នកជំនាញទាំងនោះបានបរាជ័យជាបន្តបន្ទាប់ ហើយពួកគេតែងតែបន្តសកម្មភាពទៅមុខ បន្ទាប់មកក៏មានអ្នកផ្សេងទៀតមកជំនួសពួកគេដើម្បីបន្តអនុវត្តនូវអ្វីដែលជាចំណុចខុសឆ្គងដូចគ្នានេះ។ ប្រជាជនទាំងនោះហត់ហើយពួកគេឆ្អែតឆ្អន់ហើយ»៕ South China Morning Post

អត្ថបទទាក់ទង