ខ្មែរប៉ុស្ដិ៍ Close

Asia Times ៖ ឆ្នាំដ៏គ្រោះថ្នាក់របស់ប្រាក់ដុល្លារអាមេរិកកំពុងឈានចូលមកដល់ហើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣ ខែមករា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 43
Asia Times ៖ ឆ្នាំដ៏គ្រោះថ្នាក់របស់ប្រាក់ដុល្លារអាមេរិកកំពុងឈានចូលមកដល់ហើយ Asia Times

ធនាគារកណ្តាលនៅជុំវិញពិភពលោកនឹងបញ្ចប់ឆ្នាំ២០២១ ទៅជាមួយនឹងការស្តុកទុកមាសក្នុងកម្រិតដ៏ខ្ពស់បំផុតនៅក្នុងរយៈពេល ៣១ឆ្នាំកន្លងមកនេះ ខណៈពេលដែលប្រាក់ដុល្លារអាមេរិកបាននិងកំពុប្រឈមមុខនឹងការខាតបង់ ហើយនិន្នាការបែបនេះអាចនឹងក្លាយទៅជាបញ្ហាកាន់តែធំ។

តម្លៃ​ប្រាក់​ដុល្លារ​ធៀប​នឹង​តម្លៃមាស​បាន​ធ្លាក់​ចុះអស់រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ។ នេះគឺជាលទ្ធផលនៃគោលនយោបាយរបស់ធនាគារកណ្តាល ដែលបានធ្វើឱ្យពិភពលោកជន់ជោរទៅដោយសាច់ប្រាក់ ងាយស្រួល។

នៅពេលឥឡូវនេះ បើទោះបីជាធនាគារកណ្តាលបានចាប់ផ្តើមងាកមករឹតបន្តឹងឥណទានឡើងវិញក៏ដោយ ក៏មាសនៅតែបន្តបង្ហាញពីនិន្នាការទទួលបានការចាប់អារម្មណ៍ច្រើនជាងប្រាក់ដុល្លារ ហើយវាបានធ្វើឱ្យមនុស្សជាច្រើនមាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ថា «ពេលវេលាដែលមនុស្សរក្សាទុកប្រាក់ដុល្លារ​ជាទុនបម្រុង បានឈានចូលដល់ទីបញ្ចប់ហើយ»។

កាលពីពេលថ្មីៗនេះ កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនបានធ្លាក់ចុះដល់កម្រិតទាបបំផុតនៅក្នុងរយៈពេលជាង ៣ទសវត្សរ៍កន្លង មកនេះ ខណៈពេលដែលអតិផរណារបស់អាមេរិក និងទីផ្សាភាគហ៊ុនរបស់ជប៉ុន «Nikkei Stock Average» បានកើនឡើងដល់កម្រិតខ្ពស់បំផុត។

មូលហេតុចម្បងដែលនាំមកនូវបញ្ហាទាំងនេះ អាចបណ្តាលមកពីការផ្លាស់ប្តូរវិធានការរបស់ធនាគារកណ្តាលក្នុងការងាកឆ្ពោះទៅរកមាសជាជាងប្រាក់ដុល្លារ។

យោងតាមក្រុមប្រឹក្សាមាសពិភពលោក (World Gold Council) «នៅពេលឥឡូវនេះ ការរក្សាស្តុកនូវលោហៈពណ៌លឿង (Yellow Metal) របស់ធនាគារកណ្តាល បានកើនឡើងជាង ៤៥០០ តោននៅក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ហើយនៅត្រឹមចុងខែកញ្ញា ទុនបម្រុងនេះមានចំនួនសរុបរហូត ដល់ ៣៦០០០ តោន ដែលជាកម្រិតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ ១៩៩០ មក»។

អ្នក​វិភាគ​ភាគ​ច្រើន​យល់​ស្រប​ថា «រយៈពេលប៉ុន្មានខែ​ខាង​មុខទៀត ​អាច​នឹងមានភាពល្អប្រសើរបន្តិចសម្រាប់​ប្រាក់​ដុល្លារ»។ ការផ្លាស់ប្តូររបស់ធនាគារកណ្តាលឆ្ពោះទៅរកគោលនយោបាយតឹងរ៉ឹងជាងមុនបានកើតឡើងស្របពេលដែលធនាគារប្រជាជនចិន (People’s Bankof China) បានងាកឆ្ពោះទៅរកការបន្ធូរបន្ថយរូបិយវត្ថុ។

អ្នកយុទ្ធសាស្រ្ត វិនិយោគ Manpreet Gill នៅធនាគារ Standard Chartered បាននិយាយថា «ប្រាក់ដុល្លារអាចនឹងមានកម្លាំងបន្តិចនៅដើមឆ្នាំ»។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់ដុល្លារអាចនឹងជួបប្រទះនឹងបញ្ហាប្រឈមយ៉ាងហោចណាស់ចំនួន៥ នៅក្នុងឆ្នាំ ២០២២ ដោយក្នុងនោះ សេដ្ឋវិទូ Stephen Roach បានលើក ឡើងថា «បញ្ហាស្តីពី ការធ្លាក់ចុះនៃប្រាក់ដុល្លារទើបតែបានចាប់ផ្តើមប៉ុណ្ណោះ»។

បញ្ហាទី១ ៖ «ភាព លើសលុបផ្នែកសារពើពន្ធបានក្លាយ ជារឿងដែលមិនអាចគ្រប់គ្រងបាន»

អាណត្តិប្រធានាធិបតីឆ្នាំ ២០១៧-២០២១ របស់ ដូណាល់ ត្រាំ បានធ្វើឱ្យបំណុលរបស់សហរដ្ឋអាមេរិកកើនឡើងយ៉ាងលឿនឆ្ពោះទៅរកចំនួន ៣០ ទ្រីលានដុល្លារ។

ហេដ្ឋារចនាសម្ព័ន្ធ និងផែនការចំណាយសង្គមរបស់ប្រធានាធិបតី ចូ បៃឌិន បានកើតឡើងស្របពេលដែលអតិផរណារបស់អាមេរិកកំពុងកើនឡើងខ្លាំងដែលជាហេតុបង្កការដាក់សម្ពាធកាន់តែធ្ងន់ទៅលើទិន្នផលរបស់រតនាគារអាមេរិក។

ខណៈពេលដែលបំណុលរបស់អាមេរិកកាន់តែកើនឡើង គឺបានកើតមានចំពេលជួនគ្នានឹងការកើនឡើងនៃអតិផរណា ក៏ដូចជាការផ្ទុះឡើង នៃវីរុស កូវីដ-១៩។ ហេតុដូច្នេះ សេដ្ឋកិច្ចច្បាស់ជាជៀសមិនផុតពីការដាំក្បាលចុះនោះទេ ហើយពេលវេលានោះអាចនឹងខិតចូលមកដល់នៅក្នុងពេលឆាប់ៗនេះ។

បញ្ហាទី២ ៖«តម្លៃទ្រព្យសកម្មបានកើន ដល់កម្រិតខ្ពស់បំផុត»

កាលពី ២៥ ឆ្នាំមុន លោក Alan Greenspan ដែលជាអតីតប្រធានធនាគារកណ្តាលបាន ប្រើពាក្យទាំងនេះ ដើម្បីបញ្ជូនសារទៅកាន់ទីផ្សារភាគហ៊ុន។

ទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងស្ថានភាពដ៏គួរឱ្យព្រួយបារម្ភ។ ប្រសិនបើវីរុស កូវីដ-១៩ ទម្រង់ Delta មិនបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចទេ នោះវាច្បាស់ណាស់ថា «សេដ្ឋកិច្ចនឹងមិនអាចគេចផុតពីផលប៉ះពាល់ដែលបង្ក ឡើងដោយវីរុសទម្រង់ Omicron ឡើយ»។

បញ្ហាទី៣ ៖ «ប្រាក់យ័នកំពុងមានសន្ទុះ»

ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២០ មក ប្រាក់យ័នបានឡើងថ្លៃជាង ១០% បើធៀបនឹងប្រាក់ដុល្លារ។ ការផ្លាស់ប្តូររបស់ធនាគារកណ្តាលជាច្រើនក្នុងការងាកចេញពីប្រាក់ដុល្លារ បានកើតឡើងស្របពេលដែលប្រធានាធិបតីចិន ស៊ី ជីនពីង បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងករធ្វើអន្ដរជាតូបនីយកម្មប្រាក់យ័ន។

លោកRay Dalio ដែលជាអ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យបាននិយាយថា «ប្រាក់យ័ននឹងឡើងមកជំនួសប្រាក់ដុល្លារលឿនជាងអ្វីដែលគ្រប់គ្នាបានរំពឹងទុក»។ មិនមែនគ្រប់គ្នាសុទ្ធតែយល់ស្របនឹងការអះអាងរបស់លោកទេ ក៏ប៉ុន្តែស្ថាបនិករបស់ «Bridgewater Associates» រូបនេះបានលើកឡើងនូវករណីដ៏គួរឱ្យជឿជាក់មួយចំនួនដែលអាចបញ្ជាក់ថា «ហេតុការណ៍ដែលលោកបាននិយាយពិតជានឹងអាចកើតឡើង»។

បញ្ហាទី៤ ៖ «នៅពេលនេះគឺជាយុគសម័យឌីជីថល»

ក្រុមការងាររបស់ធនាគារប្រជាជនចិន (PBOC) បាននិងកំពុងបញ្ចេញរូបិយប័ណ្ណឌីជីថល ដែលនេះគឺជាលើក ដំបូងហើយដែលវាត្រូវបានធ្វើដោយអាជ្ញាធររូបិយវត្ថុដ៏ធំមួយ។

អ្វីដែលចិននឹងទទួលបានពីការចាត់វិធានការមុនគេបែបនេះ គឺសារៈសំខាន់ និងអត្ថប្រយោជន៍ក្នុងការអាចក្លាយទៅជាអ្នកកំណត់ឡើងវិញនូវអនាគតនៃប្រាក់។ នៅត្រឹមខែកុម្ភៈ នៅពេលដែលទីក្រុងប៉េកាំងធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងា ធនាគារ PBOC សង្ឃឹមថា «ប្រព័ន្ធ e-yuan នឹងត្រូវបានរៀបចំរួចរាល់សម្រាប់ដាក់ឱ្យដំណើរការ»។

ពាក់ព័ន្ធនឹងកិច្ចការនេះ សហរដ្ឋអាមេរិក, អឺរ៉ុប និង ជប៉ុន បានស្ថិតនៅក្រោយឆ្ងាយណាស់។

នៅពេលដែលប្រព័ន្ធប្រាក់យ័នឌីជីថលរបស់ចិនទទួល បានការទទួលស្គាល់ជាសកលកាន់តែច្រើន មហិច្ឆតារបស់លោក ស៊ី ក្នុងការបង្កើនតួនាទីរបស់ប្រទេសចិននៅ ក្នុងវិស័យហិរញ្ញវត្ថុនិងពាណិជ្ជកម្មសកល ក៏នឹងទទួលបានផ្លែផ្កាកាន់តែខ្លាំងផងដែរ។ បណ្តាអ្នកវិនិយោគ និងធនាគារកណ្តាលនៅជុំវិញពិភពលោក អាចនឹងងាកមកចាប់ផ្តើមស្តុកទុកប្រាក់យ័នកាន់តែច្រើន។

បញ្ហាទី៥ ៖ «ធនាគារិកអាមេរិកកំពុងអំពាវនាវឱ្យអ្នកខ្ចីប្រាក់ បង់សងបំណុល»

អ្នក​ជំពាក់​បំណុល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់អាមេរិកភាគច្រើនគឺ​ស្ថិតនៅ​តំបន់អាស៊ី ជាពិសេស​គឺប្រទេសជប៉ុន និង​ចិន។ នៅពេលដែលអតិផរណាកំពុងកើនឡើង ធនាគារកណ្តាលរបស់អាមេរិកត្រូវតែចាត់វិធានការដោះស្រាយជាបន្ទាន់។

លោក Willem Buiter ដែលជាសេដ្ឋវិទូនៃសាកលវិទ្យាល័យ Columbia បាននិយាយថា«ធនាគារកណ្តាលអាមេរិកនៅ មានជម្រើសមួយចំនួន ហើយបើនិយាយឱ្យសាមញ្ញទៅ គឺអាមេរិកត្រូវតែបង្កើនការរក ប្រាក់ចំណូលឱ្យបានច្រើនជាងនេះ»។

សរុបមក ​ប្រាក់​ដុល្លារ​ពិតជាកំពុងឈាន​ទៅ​រក​ឆ្នាំដែលពោរពេញទៅដោយភាព​មិន​ប្រាកដ​ប្រជា, ភាព​មិន​ច្បាស់​លាស់ និង​លទ្ធភាពនៃការអាចបាត់បង់ឥទ្ធិពល៕ Asia Times

អត្ថបទទាក់ទង