ខ្មែរប៉ុស្ដិ៍ Close

អ្នកវិភាគចៅចាក់ស្មុក៖ បាតុកម្មដឹកនាំដោយឈ្មោះ ឈឹម ស៊ីថរ និងបក្ខពួក ដើរហួសបន្ទាត់ក្រហមនៃការទាមទារសិទ្ធិការងារ និងអត្ថប្រយោជន៍របស់អតីតបុគ្គលិកកម្មករ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី២ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 26
អ្នកវិភាគចៅចាក់ស្មុក៖ បាតុកម្មដឹកនាំដោយឈ្មោះ ឈឹម ស៊ីថរ និងបក្ខពួក ដើរហួសបន្ទាត់ក្រហមនៃការទាមទារសិទ្ធិការងារ និងអត្ថប្រយោជន៍របស់អតីតបុគ្គលិកកម្មករ នាង ឈឹម ស៊ីថរ

ចរិតនៃការប្រើប្រាស់រូបភាពតវ៉ាដើម្បីដុតកំហឹងសាធារណជន និងការប្រើប្រាស់វិធីសាស្ត្រធ្វើជនរងគ្រោះតូបនីយកម្មលើការរំលោភបំពានច្បាប់ របស់ក្រុមជនអគតិមួយចំនួនជ្រកក្រោមស្លាកសហជីព និងអង្គការសង្គម ស៊ីវិលក្នុងព្រឹត្តិការណ៍បាតុកម្មខុសច្បាប់របស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើល៍ ដើម្បីបុព្វហេតុបដិវត្តន៍ពណ៌ត្រូវបានបកអាក្រាតបន្ថែម ក្រោយបុគ្គល៩នាក់ដែលជាជនសកម្ម និងសមាជិកនៃសហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គា វើលដ៍ ដឹកនាំដោយឈ្មោះ ឈឹម ស៊ីថរ ត្រូវបានចាប់ខ្លួនដោយកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ។

ពួកគេត្រូវបានចោទប្រកាន់ថាបានរៀបចំបាតុកម្មដោយខុសច្បាប់ ឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ មុននឹងអនុវត្តច្បាប់ចំពោះក្រុមជនល្មើស នេះ អាជ្ញាធរបានធ្វើការណែនាំ និងព្រមានជាច្រើនដង រួចមកហើយដល់ក្រុមបាតុករថាត្រូវបញ្ឈប់បាតុកម្មខុស ច្បាប់នេះជាបន្ទាន់ និងបន្តធ្វើការជជែកពិភាក្សាជាមួយក្រសួងមានសមត្ថកិច្ចដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។
ប៉ុន្តែក្រុមជនសកម្មដឹកនាំបាតុកម្មខុសច្បាប់នេះបានព្យាយាមមិនប្រើប្រាស់នីតិវិធីច្បាប់ជាធរមានដើម្បីដោះស្រាយជម្លោះឡើយ តែបានបន្តអូសបន្លាយបាតុកម្មរហូតដល់ ១៣ ថ្ងៃ ធ្វើសកម្មភាពដោយបំពានច្បាប់ដើម្បីចិញ្ចឹមទំនាស់ និងបន្តញុះញង់ឱ្យបាតុករផ្សេងទៀតបដិសេធយកដំណោះស្រាយ និងប្រើវិធីសាស្ត្រសាច់កម្មរុញបាតុករឱ្យប្រឈមមុខ នឹងកម្លាំងសមត្ថកិច្ច ព្រមទាំងមានចេតនាឱ្យកម្លាំងសមត្ថកិច្ចចាប់ខ្លួនបាតុករ ដើម្បីពួកគេបានលេសបោះជំហានមួយជំហានទៀតលើផែនការទុច្ចរិត ដែលបានរៀបចំឡើងដោយបរទេសជាចៅហ្វាយនាយរបស់ពួកគេ។

អ្វីដែលកម្លាំងសមត្ថកិច្ចសម្រេចចាត់វិធានការច្បាប់ប្រឆាំងនឹងក្រុមជនសកម្មរៀបចំបាតុកម្មខុសច្បាប់នេះ ធ្វើឡើងដោយឈរលើមូលដ្ឋានច្បាប់ត្រឹមត្រូវ នោះគឺអនុ លោមទៅតាមមាត្រា៤៩៤និង៥៩៥ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ដែលអនុញ្ញាតឱ្យសមត្ថកិច្ចនគរបាលអនុវត្តនីតិវិធីទៅតាមវិធានការច្បាប់។ រយៈពេល ១៣ ថ្ងៃនៃការធ្វើបាតុកម្មរបស់ក្រុមអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍នាពេលកន្លងមកត្រូវបាន គេវាយតម្លៃថាមិនមែនដើម្បីគោលបំណងការពារសិទ្ធិបុគ្គលិក និងការពារអត្ថប្រយោជន៍បុគ្គលិកកម្មករឡើយ តែហេតុផល និងភស្តុតាងនានាដែលបានរកឃើញបង្ហាញពីទង្វើទុច្ចរិតនៃមេសហជីព និងជនសកម្មនៃការរៀបចំបាតុកម្មនេះដោយបានយកសហជីព និងសកម្មភាពបាតុកម្មទៅបម្រើផលប្រយោជន៍នយោបាយ។

ការអនុវត្តច្បាប់ប្រឆាំងក្រុមជនសកម្មរៀបចំបាតុកម្មខុសច្បាប់ទាំងនេះគឺជាការការពារនូវគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ក៏ដូចជាការពារសិទ្ធិនិងផលប្រយោជន៍របស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែលប្រាថ្នាចង់បានដំណោះស្រាយស្របតាមច្បាប់ជាធរមាន។ ប៉ុន្តែពួកគេខ្លះត្រូវបានបោកប្រាស់ដោយក្រុមជនខិលខូច និងមេដឹកនាំសហជីពដែលអះអាងលើបបូរមាត់ខ្លួនថាការពារផលប្រយោជន៍ពួកគេ តែបានបំពានសិទ្ធិពួកគេ ហើយគេងចំណេញពីការចូលរួមបាតុកម្មរបស់ពួកគេដើម្បីផល ប្រយោជន៍ក្រុមបក្ខពួកគេ និងបម្រើនយោបាយបរទេសទៅវិញ។

សហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គា វើលដ៍ ដឹកនាំដោយឈ្មោះ ឈឹម ស៊ីថរ និងបក្ខពួកដោយមានការរៀបចំផែនការយ៉ាងច្បាស់លាស់ ព្រមទាំងមានការគាំទ្រថវិកាពីក្រៅប្រទេសផង នោះ បានធ្វើសកម្មភាពបំពានច្បាប់ម្តងហើយម្តងទៀត ហើយបានយករាជរដ្ឋាភិបាលកម្ពុជាធ្វើជាចំណាប់ខ្មាំង ក្រោមលេសទាមទារសិទ្ធិការងារ និងការពារផលប្រយោជន៍ បុគ្គលិកកម្មករ តែទង្វើជាក់ស្តែង ពួកគេមិនស្តាប់ការសម្របសម្រួលរបស់ស្ថាប័នមានសមត្ថកិច្ច ដោះស្រាយជម្លោះឡើយ។ ពួកគេបន្តបំពានច្បាប់ បើទោះបីជាអាជ្ញាធរមានសមត្ថកិច្ចបានណែនាំជាច្រើនដងក៏ដោយ ហើយរបៀបនៃការធ្វើបាតុកម្ម និងសញ្ញាផ្សេងៗដែលពួកគេប្រើប្រាស់ក្នុងការធ្វើបាតុកម្មសុទ្ធសឹងតែមានការទាក់ទងនឹងបណ្តាញនៅបរទេសទាំងអស់។

បណ្តាញបរទេសដែលគេប្រើក្នុងការតវ៉ានិងផ្តួលរំលំរបបដឹកនាំមួយចំនួនដូចជានៅកូរ៉េខាងត្បូង នៅម៉ាឡេស៊ី នៅហុងកុង និងនៅថៃ ភូមាជាដើម។ ពួកគេបន្តលាបពណ៌រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធថាបំបិទសិទ្ធិសេរីភាពពួកគេ និងមិនគិតពីផលប្រយោជន៍អតីតបុគ្គលិកកម្មករ ដើម្បីញុះញង់ឱ្យសាធារណមតិយល់ច្រឡំលើរាជរដ្ឋាភិបាល បង្កើតកំហឹងប្រឆាំងរដ្ឋាភិបាល តែធាតុពិតគឺពួកគេបាននិងកំពុងប្រើប្រាស់ អតីតបុគ្គលិកកម្មករក្រុមហ៊ុនណាហ្គាវើលដ៍ជាលេសនយោបាយសុទ្ធសាធ។

បើពួកគេពិតជាមានឆន្ទៈការពារសិទ្ធិនិងផលប្រយោជន៍អតីតបុគ្គលិកកម្មករពិតប្រាកដ ពួកគេនឹងយកច្បាប់ប្រទេសមកដោះស្រាយ មិនមែនពួកគេបន្តប្រមាថច្បាប់ និងទាមទារទាំងបំពាន រហូតដល់រៀបចំផែនការរុញបាតុកម្មឱ្យជល់នឹងកម្លាំងសមត្ថកិច្ចតាមរយៈវិធីសាស្ត្រសាច់កម្ម ឱ្យសមត្ថកិច្ចចាប់ខ្លួនបាតុករដើម្បីពួកគេងាយស្រួល នឹងអនុវត្តផែនការបន្តបន្ទាប់ ទៀតរបស់ចៅហ្វាយនាយរបស់ពួកគេនោះឡើយ។ ក្នុងបទសម្ភាស ជាមួយវិទ្យុអាស៊ីសេរីនៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ឈ្មោះ ឈឹម ស៊ីថរ មិនបដិសេធលើសំឡេងរបស់ខ្លួនដែលបែកធ្លាយពីកិច្ចប្រជុំហ្សូម ណែនាំដល់ក្រុមបាតុករ ប្រើប្រាស់ល្បែងសាច់កម្មឱ្យសមត្ថកិច្ចចាប់ខ្លួនឡើយ។ នេះជាភាស្តុតាងថ្មីមួយទៀតថា បាតុកម្មនៅមុខក្រុមហ៊ុន ណាហ្គាវើលដ៍ មានគោលបំណងលើសពីការទាមទារ សិទ្ធិការងារនិងការពារអត្ថប្រយោជន៍ តែជាការអនុវត្តផែនការទុច្ចរិតមួយច្បាស់លាស់។

ភស្តុតាងដែលបានបង្ហាញចេញពីបាតុកម្មរយៈពេល១៣ថ្ងៃកម្លងទៅនេះគឺជនសកម្មនិងសមាជិកសហជីពដឹកនាំដោយឈ្មោះ ឈឹម ស៊ីថរ បានដើរសម្លុតបាតុករផ្សេង ទៀត មិនឱ្យទទួលយកដំណោះស្រាយស្របតាមច្បាប់ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានរៀបចំផែនការផ្សេងៗ ដើម្បីបន្តបាតុកម្មនេះ។ ទាំងអស់នេះច្បាស់ណាស់ថា ពួកគេមិនអាចធ្វើអ្វីបានដោយខ្លួនឯងឡើយ តែមានការជួយ ជ្រោមជ្រែងពីខាងក្រៅប្រទេសទាំងអស់។ ក្រុមមេដឹកនាំបាតុកម្មក្នុងនោះមានឈ្មោះ ឈឹម ស៊ីថរ បានទទួលការ បណ្តុះបណ្តាលជំនាញច្បាស់លាស់លើការងារធ្វើបាតុកម្ម និងអ្នកដែលបណ្តុះបណ្តាលនោះគឺជាបណ្តាញបរទេសដែលជាតួអង្គសំខាន់មួយ តែងតែធ្វើសកម្មភាពនៅតាមបណ្តាប្រទេសនានាក្នុងការផ្តួលរំលំរបបដឹកនាំ ដែលពួកគេមិនពេញចិត្ត ឬមិនបានដើរតាមបន្ទាត់នយោបាយពួកគេ។

ហេតុដូច្នេះហើយបានជា នៅពេលបាតុកម្ម ចាប់ផ្តើម និងថ្ងៃបន្តបន្ទាប់ សមាគមនិងអង្គការសង្គមស៊ីវិលមួយចំនួនដែលគេដឹងថា ជាប្រតិបត្តិករបដិវត្តន៍ពណ៌យ៉ាងសកម្ម ចាប់តាំងពីយូរមកហើយទាំងថ្មីទាំងចាស់ បានចេញធ្វើសកម្មភាពស៊ីចង្វាក់គ្នាដើម្បីគាំទ្រកម្លាំងបាតុកម្មខុសច្បាប់នេះតាមរយៈការចេញសេចក្តីថ្លែងការណ៍ ការចេញសារផ្សេងៗដើម្បីគាំទ្របាតុកម្មខុសច្បាប់នេះ។ នេះគឺជាទម្លាប់របស់ពួកគេដែលតែងតែធ្វើជនរងគ្រោះតូបនីយកម្មលើសកម្មភាពបទល្មើសដែលពួកគេធ្វើ និង បំភ្លៃសាធារណៈមតិថាពួកគេជាអ្នកលើកតម្លៃ និងលើកស្ទួយសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងសិទ្ធិការងារ តែគ្មានគ្មានផេះអីទេ គឺគ្រាន់តែជាការទទួលលុយដើម្បីអនុវត្តផែនការតាមការកំណត់គោលបំណងរបស់ម្ចាស់ជំនួយពួកគេប៉ុណ្ណោះ។

ប្រសិនបើសមត្ថកិច្ចរកឃើញថា សហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គា វើលដ៍ ដឹកនាំដោយឈ្មោះ ឈឹម ស៊ីថរ ទទួលថវិកាមិនស្របច្បាប់ មកធ្វើបាតុកម្មមិនស្របច្បាប់នេះ អាចនឹងត្រូវប្រឈមមុខច្បាប់ធ្ងន់ធ្ងរ ព្រោះវាជាការទទួលហិរញ្ញប្បទាន ខុសច្បាប់មកធ្វើសកម្មភាពប្រឆាំងនឹងកម្ពុជា។ ផែនការ ទុច្ចរិតទាំងឡាយដែលក្រុមជនអគតិព្យាយាមអនុវត្តដើម្បីបម្រើមហិច្ឆតានយោបាយបរទេសនឹងមិនអាចទទួលបាន ជ័យជម្នះឡើយ ព្រោះផែនការរាក់កំផែលទាំងនេះត្រូវ បានពលរដ្ឋខ្មែរមើលឃើញ និងយល់ច្បាស់ណាស់ សូម្បីតែក្រុមបាតុករដឹកនាំដោយឈ្មោះ ឈឹម ស៊ីថរ និងបក្ខពួកក៏បានយល់ជ្រាបពីល្បិចកលនិងផែនការនេះដែរ។ ហេតុដូច្នេះហើយបានជាកន្លងមក ក្រុមបាតុករខ្លះបានចេញមកបកអាក្រាតមុខមាត់ពិតរបស់ឈ្មោះ ឈឹម ស៊ីថរ និងផែនការផ្សេងទៀត។

អ្វីដែលល្អសម្រាប់អតីតបុគ្គលិក និងកម្មករដែលក្រុមហ៊ុនណាហ្គវើលដ៍ គួរធ្វើគឺការវិលទៅរកការចរចាពិភាក្សាដោះស្រាយជម្លោះដោយសន្តិវិធី និងមានស្ថាប័នពាក់ព័ន្ធ សម្របសម្រួលតាមនីតិវិធីច្បាប់ មិនគួរបន្តចាញ់បោកក្រុមសហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គា វើលដ៍ ដឹកនាំដោយឈ្មោះ ឈឹម ស៊ីថរ និងជនឱកាសនិយមមួយចំនួន បន្តទៀតឡើយ។ សូមផ្តាំផ្ញើទៅបងប្អូនទាំងអស់ជ្រាបថា ច្បាប់ការពារអ្នកទាំងអស់គ្នា ហើយប្រសិនបើអ្នកទាឱងអស់គ្នាដឹងថាមួយថ្ងៃឈ្មោះ ឈឹម ស៊ីថរ និងបក្ខពួកទទួលថវិកាប៉ុន្មានពាន់ដុល្លារសម្រាប់ការដឹកនាំធ្វើបាតុកម្មនេះ អាចបងប្អូននឹងក្អួតឈាមជាមិនខាន។ ដូច្នេះសូមទុកចិត្តលើស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះសករាយបញ្ហានេះ ដើម្បីយកពេលវេលា និងថវិកាដើម្បីប្រកបមុខរបរចិញ្ចឹមជីវិតទៅមុខទៀត ជាជាងបន្តចាញ់បោកថៅកែបាតុកម្ម៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី១ ខែមករា ឆ្នាំ២០២២

អត្ថបទទាក់ទង