ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ហៅសារលោក ហ៊ុន ម៉ាណែត តបទណ្ឌិត សម រង្ស៉ី ជាសារ «ក្មេងប្រដៅចាស់ ឬ កូនក្របីជល់ជាមួយក្របីចាស់»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 44
សម្តេចតេជោ ហ៊ុន សែន ហៅសារលោក ហ៊ុន ម៉ាណែត តបទណ្ឌិត សម រង្ស៉ី ជាសារ «ក្មេងប្រដៅចាស់ ឬ កូនក្របីជល់ជាមួយក្របីចាស់» សម្តេចតេជោ ហ៊ុន សែន ហៅសារលោក ហ៊ុន ម៉ាណែត តបទណ្ឌិត សម រង្ស៉ី ជាសារ «ក្មេងប្រដៅចាស់ ឬ កូនក្របីជល់ជាមួយក្របីចាស់»

តែប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីលោកបណ្ឌិត ហ៊ុន ម៉ាណែត បានចេញសារមួយបបួលទណ្ឌិត សម រង្ស៉ី ភ្នាល់ ដើម្បីបញ្ជាក់ភាពស្អាតស្អំលើ សញ្ញាបត្របណ្ឌិត្យសភាយោធាអាមេរិក ដែលហៅថា West Point នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានចេញសារមួយផងដែរ។

ក្នុងសារបង្ហោះលើហ្វេសប៊ុកនាព្រឹកថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១ ដោយភ្ជាប់មកជាមួយនឹងសាររបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ទាំងស្រុងផងនោះ សម្តេចតេជោ ហ៊ុន សែន បានហៅសារនេះថា ជាការប្រដៅទៅលើទណ្ឌិត សម រង្ស៉ី។ សម្តេចតេជោ បន្ថែមទៀតថា សារនេះប្រៀបដូចកូនក្របីជល់ជាមួយក្របីចាស់។
សម្តេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់ដូច្នេះ «ស្តាប់ក្មេងប្រដៅចាស់ពាល។ ល្អម្យ៉ាងដែរ ប្រៀបដូចជាយកកូនក្របីជល់ជាមួយក្របីចាស់។ បើខឹងកុំលេងបើលេងកុំខឹងsic! ផ្ញើរសារជូនអ្នកនយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពហានក្លាក្នុងការទទួលខុសត្រូវ»។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតមកពីគណបក្សប្រជាជនកម្ពុជា បានចេញសារដ៏វែងមួយតបទៅនឹងទណ្ឌិត សម រង្ស៉ី អ្នកនយោបាយចាញ់តជំនាន់ ដែលបានព្យាយាមវាយប្រហារម្តងហើយម្តងទៀតលើកម្រិតសញ្ញាបត្រពីសាលាបណ្ឌិតសភាយោធាអាមេរិក ឬហៅថា West Point។

លោក ហ៊ុន ម៉ាណែត បានបបួលទណ្ឌិត សម រង្ស៉ី ភ្នាល់គ្នាដោយយកតំណែងបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតរបស់លោកមកភ្នាល់តែម្តង។ លក្ខខណ្ឌនៃការភ្នាល់នោះ លោក ហ៊ុន ម៉ាណែត បានឱ្យទណ្ឌិត សម រង្ស៉ី ស្វែងរកការបញ្ជាក់ពីសាលា West Point ក៏ដូចជាសាកលវិទ្យាល័យញូវយ៉ក (New York University) និងសាកលវិទ្យាល័យប្រ៊ីសស្តុល (Bristol University) ថា កាលនៅរៀនទីនោះ លោកគ្មានសមត្ថភាព ឬរៀនក្រោមស្តង់ដារបស់សាលា ហើយសាលាបានផ្ដល់សញ្ញាបត្រឱ្យលោក ជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ លោកនឹងលាលែងពីតំណែងជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត មកពីគណបក្សប្រជាជនកម្ពុជាភ្លាម។

ផ្ទុយទៅវិញបើទណ្ឌិត សម រង្ស៉ី មិនអាចរកការបញ្ជាក់ពីសាលាទាំង៣នេះបានទេ លោក ហ៊ុន ម៉ាណែត ទាមទារឱ្យទណ្ឌិត សម រង្ស៉ី លាឈប់ពីសង្វៀននយោបាយផងដែរ។
លោក ហ៊ុន ម៉ាណែត បានហៅការចេញមកបបួលទណ្ឌិត សម រង្ស៉ី ភ្នាល់បញ្ជាក់ពីកម្រិតគុណភាពសញ្ញាបត្រនេះ ដើម្បីការពារការពារនូវកិត្តិយស និងសេចក្តីថ្លៃថ្នូរបស់លោក ក៏ដូចជារបស់និស្សិតនាយទាហានខ្មែរជាច្រើនរូបដែលកំពុងសិក្សា និងដែលបានបញ្ចប់ការសិក្សានៅសាលា West Point និងសាលាបណ្ឌិតសភាផ្សេងទៀត របស់សហរដ្ឋអាមេរិក និងនៅតាមប្រទេសនានាលើសកលលោក។

លោក ហ៊ុន ម៉ាណែត សង្ឃឹមថា អ្នកនយោបាយចាស់វស្សាដូចទណ្ឌិត សម រង្ស៉ី ប្រាកដជាមានភាពហានក្លា ក្នុងការការពារនូវអំណះអំណាងរបស់ខ្លួន កុំឱ្យក្មេងមើលស្រាលថា មនុស្សចាស់វស្សាតែគ្មានភាពហានក្លាក្នុងការទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបាននិយាយឬធ្វើ។
ខាងក្រោម គឺជាខ្លឹមសារទាំងស្រុងនៃសាររបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានបង្ហោះនៅលើហ្វេសប៊ុកនាព្រឹកថ្ងៃនេះ៖
ផ្ញើសារជូនអ្នកនយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពហានក្លាក្នុងការទទួលខុសត្រូវ។

កាលពីថ្ងៃទី២៨ កញ្ញា ២០១៩ លោក សម រង្ស៉ី ធ្លាប់បាននិយាយមើលងាយថា សញ្ញាប័ត្ររបស់ខ្ញុំពីសាលាបណ្ឌិតសភាយោធាអាមេរិក (United States Military Academy ឬហៅកាត់ថា West Point) ជាសញ្ញាបត្រកម្រិត២ ដែលផ្ដល់ឱ្យជាកិត្តិយសម្រាប់និស្សិតនាយទាហានបរទេសដែលរៀនក្រោមស្តង់ដា។ ដើម្បីការពារនូវកិត្តិយសនិងសេចក្តីថ្លៃថ្នូរបស់ខ្ញុំ ក៏ដូចជារបស់និស្សិតនាយទាហានខ្មែរជាច្រើនរូបដែលកំពុងសិក្សា និងដែលបានបញ្ចប់ការសិក្សានៅសាលា West Point និងសាលាបណ្ឌិតសភាផ្សេងទៀតរបស់សហរដ្ឋអាមេរិក និងនៅតាមប្រទេសនានាលើសកលលោក ខ្ញុំបានទាមទាអោយលោក សម រង្ស៉ី ធ្វើការបង្ហាញនូវភស្តុតាង ដើម្បីការពារនូវពាក្យសំដីក្នុងចេតនាមាក់ងាយរបស់គាត់ តាមរយៈការភ្នាល់គ្នា។

ជាការឆ្លើយតបនៅពេលនោះលោក សម រង្ស៉ី មិនត្រឹមតែមិនហ៊ានធ្វើការភ្នាល់នោះទេ ប៉ុន្តែបែរជាបង្វែរប្រធានបទ ហើយព្រមទាំងលើកឡើងថា «មិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេងទេ»។sic.

អ្វីដែលខ្ញុំស្មានមិនដល់ គឺអ្នកនយោបាយចាស់វស្សាម្នាក់នេះ មិនត្រឹមតែខ្វះភាពក្លាហានដើម្បីការពារអំណះអំណាងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែបែរជាគាត់នៅតែបន្តវាយប្រហាខ្ញុំរឿងសញ្ញាប័ត្រ «ប្រភេទ២» ឬ «សញ្ញាប័ត្រយោគយល់» ដដែលៗ ហើយព្រមទាំងវាយប្រហារមាក់ងាយទៅលើនិស្សិតខ្មែរជាច្រើននាក់ទៀត ដែលរៀននៅក្រៅប្រទេស ដោយថាសាកលវិទ្យាល័យបរទេសផ្ដល់សញ្ញាបត្រក្លែងក្លាយ ឬសញ្ញាប័ត្រយោគយល់ឱ្យនិស្សិតទាំងនោះ។
ប្រហែលជាបងប្អូននិស្សិតខ្មែរដែលធ្លាប់បានសិក្សា ឬកំពុងសិក្សានៅក្រៅប្រទេសទាំងអស់យល់ច្បាស់ហើយថា តើបងប្អូនត្រូវខិតខំប្រឹងប្រែងយ៉ាងណាខ្លះ ទម្រាំបានទទួលសញ្ញាបត្របញ្ចប់ការសិក្សាពីបណ្តាសាលានៅក្រៅប្រទេស។
ជាថ្មីម្ដងទៀតដើម្បីជាការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំក្នុងនាមជានិស្សិតម្នាក់ដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស (និងដើម្បីជាតំណាងឱ្យនិស្សិតខ្មែរទាំងអស់ដែលរៀននៅក្រៅប្រទេសដែលត្រូវលោក សម រង្ស៉ី មើលងាយ) ខ្ញុំសូមបបួលលោក សម រង្ស៉ី ធ្វើការភ្នាល់គ្នាម្ដងទៀត ហើយសង្ឃឹមថាលោក សម រង្ស៉ី នឹងមិនប្រើយុទ្ធសាស្ត្រមាន់ត្រចៀកស ម្ដងទៀតទេ (មាន់ត្រចៀកស គឺវាយគេពីក្រោយខ្នង ដល់គេបកមកវាយតបវិញ រត់គេចបាត់។ ដល់ពេលគេដើរចេញ គឺវាចាប់ផ្តើមដេញវាយគេពីក្រោយខ្នងទៀត)។

លក្ខខណ្ឌនៃការភ្នាល់៖

ខ្ញុំបានរៀននៅបណ្ឌិតសភាយោធាអាមេរិក (West Point) ថ្នាក់បរិញ្ញាបត្រ, នៅសាកលវិទ្យាល័យញូវយ៉ក (New York University) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និង នៅសាកលវិទ្យាល័យប្រ៊ីសស្តុល (Bristol University) នៅចក្រភពអង់គ្លេស ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ច។

បើសិនជាលោក សម រង្ស៉ី អាចឱ្យសាលាទាំងបីនេះបញ្ជាក់ថា ហ៊ុន ម៉ាណែត កាលនៅរៀនទីនោះ គឺគ្មានសមត្ថភាព ឬរៀនក្រោមស្តង់ដារបស់សាលា ហើយសាលាបានផ្ដល់សញ្ញាបត្រឱ្យ ហ៊ុន ម៉ាណែត ដែលជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ ខ្ញុំនឹងលាលែងពីបេក្ខភាពជានាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជន។ ផ្ទុយទៅវិញបើលោក សម រង្ស៉ី មិនអាចឲ្យសាលាបញ្ជាក់ជាផ្លូវការថា សញ្ញាប័ត្រដែលសាលាទាំងនោះ ផ្តល់ឱ្យ ហ៊ុន ម៉ាណែត ជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ទេនោះ សូមលោក សម រង្ស៉ី លាឈប់ពីឆាកនយោបាយចាប់ពីពេលនេះតទៅ។

ករណីលោក សម រង្ស៉ី ឯកភាព ដើម្បីឱ្យមានតម្លាភាពក្នុងការបញ្ជាក់នេះ យើងអាចរៀបចំក្រុមការងារចម្រុះមួយ ដែលរួមមានភាគីខាងលោក សម រង្ស៊ី និងភាគីខាងខ្ញុំ ដើម្បីទំនាក់ទំនងសុំការបំភ្លឺពីសាលាទាំងបីដែលខ្ញុំធ្លាប់រៀន។ បន្ថែមលើនេះ យើងក៏អាចអោយក្រុមការងាររបស់វិទ្យុអាស៊ីសេរី, VOA, RFI,…,។ល។ ទៅយកពត៌មានផ្ទាល់តែម្តង កុំអោយលោកបារម្ភថារាជរដ្ឋាភិបាលកម្ពុជាដាក់សម្ពាធទៅលើសាលាទាំងបីនោះមិនអោយបញ្ជាក់ការពិត។
តើលោក សម រង្ស៉ី ហ៊ានភ្នាល់ជាមួយខ្ញុំទេ?

ខ្ញុំសង្ឃឹមថាលោក សម រង្ស៉ី នឹងមិនចេញសារដូចលើកមុន ដែលសុំមិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេង។ ព្រោះកូនក្មេងម្នាក់នេះលែងជឿអ្នកនយោបាយចាស់វស្សាដែលនិយាយបាតដៃខ្នងដៃ ឬប្រើយុទ្ធសាស្ត្រមាន់ត្រចៀកសទៀតហើយ។

ខ្ញុំសង្ឃឹមថាអ្នកនយោបាយចាស់វស្សាដូចលោក សម រង្ស៉ី ប្រាកដជាមានភាពហានក្លា ក្នុងការការពារនូវអំណះអំណាងរបស់ខ្លួន ដែលបានលើកឡើងជាសាធារណៈម្តងហើយ ម្តងទៀត ដើម្បីវាយប្រហារក្មេងជំនាន់ក្រោយដូចជារូបខ្ញុំ។

លោក សម រង្ស៉ី បានវាយប្រហារឪពុករបស់ខ្ញុំជាច្រើនទស្សវត្សហើយ ប៉ុន្តែទៅមុខមិនរួច។ ឥឡូវបែរមកវាយប្រហារលើខ្ញុំដែលជាក្មេងជំនាន់ក្រោយទៅវិញ។ បើលោកជ្រុលជាធ្វើអ៊ីចឹងទៅហើយ សូមលោកបង្ហាញភាពក្លាហានផងទៅ កុំឱ្យក្មេងមើលស្រាលថាមនុស្សចាស់វស្សាតែគ្មានភាពហានក្លា ក្នុងការទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបាននិយាយឬធ្វើ។ ណាមួយលោកមានអាយុច្រើនជាងឪពុកខ្ញុំផង គួរកុំឱ្យខូចឈ្មោះ នៅចំពោះមុខក្មេងជំនាន់ក្រោយ។

ជាសីលធម៌ និងគុណធម៌ក្នុងការរស់នៅ ខ្ញុំតែងតែគោរពមនុស្សចាស់ទុំ។ ប៉ុន្តែបើមនុស្សដែលមានវ័យចំណាស់ អាងតែមានអាយុច្រើនហើយ ធ្វើការងារគ្មានការទទួលខុសត្រូវ ជាពិសេសធ្វើការវាយប្រហារដោយគ្មានមូលដ្ឋានមកលើរូបខ្ញុំ នោះខ្ញុំគ្មានជម្រើសអ្វីក្រៅពីការការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំទេ។ សូមកុំចោទថាខ្ញុំមិនស្គាល់ចាស់ទុំ៕

អត្ថបទទាក់ទង