ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្រោយរដ្ឋប្រហារ រដ្ឋមន្ត្រីការបរទេសឥណ្ឌា បានលើកឡើងអំពីការវាយប្រហារនៅរដ្ឋ Manipur
រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Harsh Vardhan Shringla បានលើកឡើងអំពីស្ថានភាពសន្តិសុខនៅក្នុងរដ្ឋភាគឦសានរបស់ឥណ្ឌា រួមទាំងការវាយឆ្មក់នៅក្នុងរដ្ឋ Manipur និងបានសង្កត់ធ្ងន់លើភាពចាំបាច់នៃ «ការវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យ» ឡើងវិញនៅក្នុងអំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្រោយរដ្ឋប្រហារ។
បើតាមប្រភពព័ត៌មាន របបយោធាបានបដិសេធសំណើររបស់ឥណ្ឌាដែលសុំឱ្យមានជំនួបរវាងលោក Shringla និងលោក ស្រី អ៊ុងសាន ស៊ូជី។
ក្រោយបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោក Shringla រួចមក ក្រសួងការបរទេសឥណ្ឌាបានចេញសេចក្តីថ្លែងការណ៍មួយដោយបានគូសបញ្ជាក់អំពីកាលៈទេសៈមិនអំណោយផលមួយ ចំនួនជុំវិញដំណើរទស្សនកិច្ចនេះ។
សេចក្តីថ្លែងការណ៍ នោះបានបង្ហាញអត្តសញ្ញាណអ្នកសន្ទនាតែម្នាក់គត់ក្នុងចំណោមគណៈប្រតិភូដែលចាត់តាំងដោយលោក Shringla ខណៈពេលដែលអ្នកផ្សេងទៀតត្រូវបាន បញ្ជាក់ថាជា «អ្នកតំណាងជាន់ខ្ពស់» ។
សេចក្ដីថ្លែងការណ៍របស់ឥណ្ឌាក៏បានកត់សម្គាល់ផងដែរថា: លោក Shringlaបានជួបជាមួយ «សមាជិកនៃក្រុមអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួន រួមទាំងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD)» ផងដែរ។ ទោះយ៉ាងណា គេពុំឃើញមានឈ្មោះរបស់សមាជិកបក្សប្រឆាំងមីយ៉ាន់ម៉ានៅ ក្នុងបញ្ជីនោះទេ។
លោក Shringla ក៏បានជួបជាមួយឯកអគ្គរដ្ឋទូតបរទេសនានាដែលមានមូលដ្ឋាននៅប្រទេសមីយ៉ាន់ម៉ា និងមន្ត្រីអង្គការសហប្រជាជាតិផងដែរ ដែលនេះជាបញ្ជីរាយនាមដៃគូសន្ទនាមិនប្រក្រតីមួយផ្សេងទៀត នៅ ក្នុងដំណើរទស្សនកិច្ចទ្វេភាគីរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌារូបនេះ។ បើយោងតាមប្រភពព័ត៌មាននានា លោក Shringla បានជួបជាមួយបេសកជនមកពីសហរដ្ឋអាមេរិក, អូស្ត្រាលី, ន័រវែស, សាធារណរដ្ឋឆែក, កម្ពុជា, ថៃ និងជប៉ុន។
ពាក្យពេជន៍នៅក្នុងសេចក្តីថ្លែងការណ៍នេះ គឺផ្ទុយគ្នាស្រឡះទៅនឹងដំណើរទស្សនកិច្ចកាលពីខែតុលាឆ្នាំ២០២០ ដែលលោក Shringla បានធ្វើទៅកាន់ប្រទេសមីយ៉ាន់ម៉ា អមដោយមេទ័ពឥណ្ឌា លោកឧត្តមសេនីយ៍ M.M. Naravane ទៅជាមួយ។ សេចក្ដីថ្លែងការណ៍កាលពីពេលមុនបាន ដាក់បញ្ចូលនូវបញ្ជីរាយនាមលម្អិតនៃតំណែងនិងឈ្មោះមេដឹកនាំជាន់ខ្ពស់ទាំងអស់ ដោយចាប់ផ្តើមពីលោកស្រី អ៊ុងសាន ស៊ូជី និងឧត្តមសេនីយ Min Aung Hlaing។
កាលពីខែកុម្ភៈ លោក Min Aung Hlaing បានធ្វើរដ្ឋប្រហារមួយក្រោមហេតុផលនៃការលួចបន្លំការបោះឆ្នោត ដោយចាប់ឃុំឃាំងសមាជិករបស់រដ្ឋាភិបាលស៊ីវិលទាំងអស់ព្រមទាំងបង្កឲ្យមានអំពើហិង្សានិងអស្ថិរភាពនៅក្នុងប្រទេសទៀតផង។
នៅអំឡុងដំណើរទស្សនកិច្ចចុងក្រោយរបស់លោក Shringla ទិដ្ឋភាពនយោបាយនៅមីយ៉ាន់ម៉ាបានផ្លាស់ប្តូរយ៉ាងខ្លាំងដោយលោកស្រី ស៊ូជី ត្រូវបានឃុំខ្លួន ហើយមេដឹកនាំគណបក្ស NLD ភាគច្រើនត្រូវជាប់គុក ឬបានទៅ បង្កើតចលនាតស៊ូប្រឆាំងនឹងរបបយោធា។
ប្រទេសចិនរួមជាមួយរុស្ស៊ីបានផ្តល់ការគាំទ្រផ្នែកការទូតដល់របបយោធាដែលបានផ្គើនសហគមន៍អន្តរជាតិយ៉ាងខ្លាំង។ របបយោធាបានបដិសេធមិនអនុញ្ញាតឱ្យបេសកជនពិសេសរបស់អង្គការសហប្រជាជាតិ និងបេសកជន ពិសេសរបស់អាស៊ាន ធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ានោះទេ ព្រោះពួកគេទាំង 2 បានទទូចចង់ជួបជា មួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងមេដឹកនាំគណបក្សប្រឆាំងដែលកំពុងជាប់ឃុំផងដែរ។
ប្រទេសឥណ្ឌានៅតែប្រុងប្រយ័ត្នចំពោះការរិះគន់ដោយត្រង់ៗ ទៅលើរបបយោធាមីយ៉ាន់ម៉ា។ បន្ទាប់ពីរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈមក ឥណ្ឌាបានសម្តែង «ការព្រួយបារម្ភយ៉ាងខ្លាំង» និងបានអំពាវនាវឱ្យមានការ ប្រកាន់ខ្ជាប់នូវដំណើរការប្រជាធិបតេយ្យ។
នៅឯសម័យប្រជុំពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិឥណ្ឌាបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងមិនគាំទ្រដល់ការដាក់ទណ្ឌកម្មណាមួយប្រឆាំងនឹងប្រទេសមីយ៉ាន់ម៉ាឡើយ។
នៅមួយខែបន្ទាប់ពីការធ្វើរដ្ឋប្រហារអនុព័ន្ធយោធារបស់ឥណ្ឌាគឺជាបុគ្គលម្នាក់ក្នុងចំណោមអ្នក តំណាងមកពីប្រទេសចំនួន 8 ដែលបានចូលរួមនៅក្នុងក្បួនដង្ហែរទិវាកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ាក្នុងទីក្រុង Naypyitaw។
បន្ទាប់ពីតុលាការមីយ៉ាន់ម៉ាបានកាត់ទោសលោកស្រី ស៊ូជី ឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ ពីបទញុះញង់ ប្រទេសឥណ្ឌាបានចេញមកបញ្ជាក់ថា ខ្លួនមានការ «រំខាន» ពីសាលក្រម នេះ ប៉ុន្តែជាថ្មីម្តងទៀត ឥណ្ឌាបានបដិសេធមិនធ្វើការថ្កោល ទោសយ៉ាងជាក់លាក់ណាមួយចំពោះរបបនេះទេ។
ខណៈពេលដែលឥណ្ឌាមិនចង់ឱ្យរបបយោធាមីយ៉ាន់ម៉ាធ្លាក់ចូលទាំងស្រុងទៅក្នុងដៃរបស់ចិន ឥណ្ឌាក៏មានការងារអាទិភាពនៅក្នុងស្រុករបស់ខ្លួនដែរ ដែលគ្រប់គ្នាបានឃើញហើយនៅក្នុងអំឡុងពេលទស្សនកិច្ចនេះ។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌាដដែល ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃនេះ «បានផ្តល់ឱកាសដល់ឥណ្ឌាក្នុងការលើកឡើងអំពីបញ្ហាដែលទាក់ទងនឹងសន្តិសុខរបស់ប្រទេសខ្លួន ជាពិសេសឧប្បត្តិហេតុថ្មីៗដែលបានកើតឡើងនៅក្នុងស្រុក Churachandpur ភាគខាងត្បូងរដ្ឋ Manipur» ។
កាលពីខែមុន ក្រុមបះបោរខុសច្បាប់ចំនួន២ក្រុម ដែលមានមូលដ្ឋាននៅរដ្ឋ Manipur គឺកងទ័ពរំដោះប្រជាជន Manipur (People’s Liberation Army of Manipur – PLAM) និងរណសិរ្សប្រជាជន Manipur Naga (Manipur Naga People’s Front – MNPF) បានចេញមុខទទួលខុសត្រូវចំពោះការវាយឆ្មក់ដ៏សាហាវមួយ នៅជិតភូមិ Sehkan ដែលបានសម្លាប់មេបញ្ជាការកងទ័ព Assam Rifles ព្រមទាំងក្រុមគ្រួសាររបស់គាត់ និងកងសន្តិសុខចំនួន ៤នាក់ផ្សេងទៀត។
លោក Shringla បានប្រាប់តំណាងរបស់យោធាមីយ៉ាន់ម៉ាថា វាជាការចាំបាច់ក្នុងការ «បញ្ចប់នូវរាល់អំពើហិង្សាទាំងអស់ និងរក្សាសន្តិភាពនិងស្ថិរភាពនៅតាមតំបន់ព្រំដែន»។
ក្រសួងការ បរទេសឥណ្ឌាបានលើកឡើងថា «ភាគី ទាំង២ បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការធានាថា ទឹកដីរបស់ពួកគេរៀងៗខ្លួននឹងមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដើម្បីបង្កសកម្មភាពណា មួយប្រឆាំងនឹងភាគីម្ខាងទៀតនោះទេ» ។
ការយោងទៅលើអំពើហិង្សានៅតាមបណ្តោយព្រំដែនក៏អាចជាការនិយាយសំដៅទៅដល់ការបង្កអសន្តិសុខនៅក្នុងតំបន់ដោយប្រទេសមីយ៉ាន់ម៉ាផងដែរ ដែលនាំឱ្យមានការជម្លៀសជនភៀសខ្លួនរាប់ពាន់នាក់ទៅកាន់រដ្ឋភាគឦសានរបស់ប្រទេសឥណ្ឌា។
ជាផ្លូវការ ប្រទេសឥណ្ឌាមិនពេញចិត្តនឹងការមកដល់នៃជនភៀសខ្លួនមីយ៉ាន់ម៉ានោះទេ។ ប៉ុន្តែធាតុពិត ពួកគេបានស្វែងរកទីជម្រកសម្រាប់អ្នកទាំងនោះនៅតាមភូមិដ្ឋានរបស់សមាជិកនៃក្រុមជនជាតិភាគតិចនៅទូទាំងតំបន់ព្រំដែន។
បើតាមសេចក្ដីថ្លែងការណ៍ដដែល «ប្រទេសឥណ្ឌាមានព្រំដែនប្រវែងប្រហែល ១៧០០គីឡូម៉ែត្រជាមួយប្រទេសមីយ៉ាន់ម៉ា។ ដូចនេះ រាល់ការវិវត្តណាមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ានឹងបង្កនូវផលប៉ះពាល់ដោយផ្ទាល់ទៅលើតំបន់ព្រំដែនរបស់ ប្រទេសឥណ្ឌា។ សន្តិភាពនិងស្ថិរភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅតែមានសារៈសំខាន់បំផុតសម្រាប់ឥណ្ឌា ជាពិសេសចំពោះតំបន់ភាគឦសានរបស់ខ្លួន»។
សេចក្ដីថ្លែងការណ៍ដដែលនោះបានលើកឡើងថា «នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំរវាងលោក Shringla ជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ រដ្ឋមន្ត្រីការបរទេសរូបនេះបានសង្កត់ធ្ងន់ទៅលើការចង់បានរបស់ឥណ្ឌាដើម្បីឱ្យប្រទេសមីយ៉ាន់ម៉ាវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យដូចនៅក្នុងដំណាក់ កាលដំបូងវិញដោយដោះលែងអ្នក ដែលបានជាប់ឃុំ និងអ្នកទោសក្នុងពន្ធនាគារ, ដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងបញ្ឈប់ទាំងស្រុងនូវរាល់អំពើហិង្សាទាំងអស់»។
គួររំលឹកថា ប្រទេសឥណ្ឌាបានចូលរួមនៅក្នុងការកសាងសមត្ថភាពដល់ស្ថាប័នប្រជាធិបតេយ្យនានារបស់មីយ៉ាន់ម៉ាដោយសេចក្តីថ្លែងការណ៍ នោះបានកត់សម្គាល់ថា ប្រទេសឥណ្ឌា «ស្នើឱ្យបន្តកិច្ចខិតខំប្រឹងប្រែងទាំងនេះសម្រាប់ប្រទេសមីយ៉ាន់ម៉ាបន្តទៀត ដើម្បីប្រែក្លាយប្រទេសនេះឱ្យក្លាយជាសហភាពសហព័ន្ធមួយដែលមានស្ថិរភាព និងប្រជាធិបតេយ្យ ស្របតាមបំណងប្រាថ្នារបស់ប្រជាជនមីយ៉ាន់ម៉ា»។
លោក Shringla ក៏បានបញ្ជាក់សារជាថ្មីនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់អាស៊ាននិងសង្ឃឹមថា «វឌ្ឍនភាពណាមួយនឹងត្រូវបានធ្វើឡើងក្នុងលក្ខណៈជាក់ស្តែង និងប្រកបដោយការស្ថាបនាដោយផ្អែកលើគោលការណ៍កុងសង់ស៊ីសទាំង ៥ ចំណុចនោះ»។
កាលពីខែតុលាកន្លងទៅ ប្រទេសមីយ៉ាន់ម៉ាមិនបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននោះទេ បន្ទាប់ពីមេដឹកនាំរបបយោធាត្រូវបានរារាំងមិនឱ្យចូលរួមក្នុងកិច្ចប្រជុំនេះ ដោយសារកង្វះកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគោលការណ៍កុងសង់ស៊ីសទាំង ៥ ចំណុច៕ The Wire India