ខ្មែរប៉ុស្ដិ៍ Close

ប្រទេសឥណ្ឌានៅតែបន្តខ្វែងគំនិតគ្នាអំពីរឿងកិច្ចព្រមព្រៀង AUKUS

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានអន្តរជាតិ 64
ប្រទេសឥណ្ឌានៅតែបន្តខ្វែងគំនិតគ្នាអំពីរឿងកិច្ចព្រមព្រៀង AUKUS លោក Scott Morrison (ឆ្វេង) នាយករដ្ឋមន្ត្រីអូស្ត្រាលី និងលោក Narendra Modi (ស្ដាំ)

ទីក្រុង ញូវ ដេេលី នៅតែមិនទាន់ធ្វើការសម្រេចចិត្តនៅឡើយទេ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិសុខ AUKUS ។ អស់រយៈពេល ៣ខែមកហើយដែលកិច្ចព្រមព្រៀងនេះត្រូវបានគេប្រកាសឡើង។ ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកជំនាញផ្នែកសន្តិសុខរបស់ឥណ្ឌា នៅតែបន្តមានការខ្វែងគំនិតគ្នាទៅលើបញ្ហាដែលថា តើកិច្ចព្រមព្រៀងនេះ នឹងផ្តល់នូវផលប្រយោជន៍ដល់ទីក្រុង ញូវដេលី ឬអាចបង្កផលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសឥណ្ឌា។

មនុស្សជាច្រើនជឿជាក់ថា កិច្ចព្រមព្រៀងសន្តិសុខនេះ ពិតជាមានសារៈប្រយោជន៍សម្រាប់ប្រទេសឥណ្ឌា និងប្រទេសជាដៃគូនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ អ្នកដែលគាំទ្រចំពោះកិច្ចព្រមព្រៀងនេះបាននិយាយថា កិច្ចព្រមព្រៀង AUKUS នឹងផ្តល់លទ្ធភាពបន្ថែមដល់ប្រទេសឥណ្ឌាដើម្បីទប់ទល់នឹងប្រទេសចិន ហើយថែមទាំងបានផ្តល់នូវឱកាសដើម្បីបង្កើតឱ្យមានកិច្ចសហការជាយុទ្ធសាស្ត្របន្ថែមទៀតរវាងប្រទេសឥណ្ឌា និងប្រទេសបារាំង។

ភាពចលាចលដែលកំពុងតែបន្តកើតមាន នៅតាមបណ្តោយព្រំដែនភាគខាងជើងរបស់ប្រទេសឥណ្ឌាបានធ្វើឱ្យទីក្រុង ញូវ ដេលី ចាំបាច់ត្រូវតែឃ្លាតឆ្ងាយពីការចូលរួមជាមួយសម្ព័ន្ធមិត្តនានាដើម្បីប្រឆាំងនឹងប្រទេសចិន។ អ្នកដែលគាំទ្រចំពោះកិច្ចព្រមព្រៀងខាងលើបានបន្ថែមទៀតថា កិច្ចព្រមព្រៀង AUKUS នឹងអនុញ្ញាតឱ្យប្រទេសឥណ្ឌាដែលជាប្រទេសដៃគូដ៏សំខាន់របស់អាមេរិកនិងជាតួអង្គដ៏សំខាន់ នៅមហាសមុទ្រឥណ្ឌា មានសេរីភាពក្នុងការចរចាជាមួយប្រទេសចិនពាក់ព័ន្ធនឹងលក្ខខណ្ឌដែលទីក្រុង ញូវ ដេលី ចង់បាន។

ក្រោយវិបត្តិនៃជំងឺរាតត្បាត អ្នកធ្វើគោលនយោបាយរបស់ប្រទេសឥណ្ឌាត្រូវងាកទៅផ្តល់អាទិភាពលើវិស័យដែលមិនមែនជាយោធា ដូចជាការទូតវ៉ាក់សាំង, ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ, ការចែករំលែកបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុ ដោយពុំចាំបាច់ផ្តោតទៅលើការចូលរួមនៅក្នុងសម្ព័ន្ធភាពនានាដើម្បីទប់ទល់នឹងប្រទេសចិននោះទេ។ ហើយកិច្ចព្រមព្រៀងខាងលើនឹងអនុញ្ញាតឱ្យទីក្រុង ញូវ ដេលី អាចងាកមកផ្តោតទៅ លើរបៀបវារៈនៃការអភិវឌ្ឍរបស់ខ្លួន ដោយមិនចាំបាច់ព្រួយបារម្ភអំពីការគំរាមកំហែងមកលើ យុទ្ធសាស្ត្រនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទៀតឡើយ។

ប៉ុន្តែ ក៏មានមនុស្សមួយក្រុមផ្សេងទៀតមិនបានបង្ហាញការ យល់ស្របនោះទេ ដោយពួកគេបានលើកឡើងថា កិច្ចព្រមព្រៀងសន្តិសុខ AUKUS នឹងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតំបន់អាស៊ី។

ទី១ ៖ កិច្ចព្រមព្រៀងនេះពិតជាធ្វើឱ្យប្រទេសចិនមានការខឹងសម្បារនិងអាចបង្កឱ្យមានអស្ថិរភាពដ៏ធំ នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ហើយបណ្តាប្រទេសនៅមហាសមុទ្រឥណ្ឌានឹងមិនអាចគេចចេញបានពីផលវិបាកទាំងអស់នេះបានទេ។

ទី២ ៖ កិច្ចព្រមព្រៀងសនិ្តសុខនេះមានគោលដៅដើម្បីបង្កើនកម្លាំងដល់កងទ័ពជើងទឹករបស់ប្រទេសអូស្ត្រាលី និងមិនបានជួយកាត់បន្ថយបញ្ហាប្រឈមផ្នែកយុទ្ធសាស្ត្ររបស់ប្រទេសឥណ្ឌានៅតំបន់ជួរភ្នំ ហិម៉ាល័យ នោះទេ។

អ្វីដែលកាន់តែសំខាន់ទៀតនោះគឺ កិច្ចព្រមព្រៀង AUKUS បានបង្កនូវផលប៉ះពាល់យ៉ាងច្រើនដល់ផលប្រយោជន៍របស់ប្រទេសបារាំង។ ការផាត់ប្រទេសបារាំងចេញពីកិច្ចព្រមព្រៀងនេះ នឹងបង្កើនឱ្យមានការមិនទុកចិត្តគ្នានៅក្នុង ចំណោមបណ្តាប្រទេសក្នុងសម្ព័ន្ធភាព លោកខាងលិច ហើយក៏អាចនឹងបង្កឱ្យមាន ផលវិបាកដែលនឹកស្មានមិនដល់។

បើនិយាយអំពីការធ្វើប្រតិបត្តិការដែនសមុទ្រវិញ កិច្ចព្រមព្រៀង AUKUS បានធ្វើឱ្យអ្នកសង្កេតការឥណ្ឌាមានការព្រួយបារម្ភជាខ្លាំង។ ខណៈដែលសមត្ថភាពរបស់កងទ័ពជើងទឹកឥណ្ឌាពាក់ព័ន្ធនឹងនាវាមុជទឹកកំពុងតែធ្លាក់ចុះ ការដែលប្រទេសអូស្ត្រាលីទទួលបាននាវាមុជទឹកគឺមិនមែនជារឿងល្អនោះទេ។

ខណៈដែលប្រទេសឥណ្ឌាកំពុងតែបង្ហាញអារម្មណ៍សប្បាយចិត្តជំនួសប្រទេសអូស្ត្រាលីដែលទទួលបានបច្ចេកវិទ្យានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរពីសហរដ្ឋអាមេរិក និងអង់គ្លេសនោះអ្នកសង្កេតការឥណ្ឌាបានមើលឃើញថា មហាសមុទ្រឥណ្ឌាភាគខាងកើតនឹងមានហ្វូងនាវាមុជទឹកនុយក្លេអ៊ែរថ្មី លេចឡើងបន្ថែម។ ការកើនឡើងនៃវត្តមាននាវាមុជទឹកបរទេសនៅក្នុងផ្ទៃសមុទ្រជិតប្រទេសឥណ្ឌាបែបនេះនឹងកាន់តែធ្វើឱ្យប្រទេស នេះថមថយឥទ្ធិពលបន្ថែមទៀត។

ជាងនេះទៅទៀត ទីក្រុង ញូវ ដេលី ក៏អាចជួបប្រទះនឹងបញ្ហាផងដែរនៅពេលដែលប្រទេសចិនធ្វើការប្រឆាំងនឹងកិច្ចព្រមព្រៀង AUKUS។

កិច្ចព្រមព្រៀងសន្តិសុខនេះនឹងជម្រុញឱ្យទីក្រុងប៉េកាំងពង្រីកសកម្មភាពយោធានៅក្នុងតំបន់ជិតខាង មិនត្រឹមតែនៅក្នុងសមុទ្រចិនខាងត្បូងដែលកំពុងតែមានជម្លោះប៉ុណ្ណោះទេ តែក៏អាចនឹងមាននៅក្នុងមហាសមុទ្រឥណ្ឌា ដែលជាកន្លែងដែល ប្រទេសចិនតែងតែរក្សាភាពស្ងប់ស្ងាត់ នាពេលកន្លងមកទៀតផង។ ប្រទេសចិននឹងធ្វើការដាក់ពង្រាយនាវាចម្បាំង និងនាវាមុជទឹករបស់ខ្លួននៅក្នុងមហាសមុទ្រឥណ្ឌាខាងកើត។

ប្រទេសចិននឹងមិនធ្វើការពង្រាយកងទ័ពនៅក្នុងដែនទឹករបស់ប្រទេសឥណ្ឌានោះទេ ប៉ុន្តែវត្តមានរបស់កងទ័ពចិននៅក្នុងតំបន់ជិតៗនោះ ប្រាកដជាកា្លយទៅជាសម្ពាធបន្ថែមទៀតសម្រាប់កងទ័ពជើងទឹកឥណ្ឌា ហើយជាការឆ្លើយតប ទីក្រុង ញូវ ដេលី នឹងត្រូវដាក់ពង្រាយនាវាចម្បាំងរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងវិញ ដែលសកម្មភាពនេះនឹងរុញច្រានឱ្យស្ថានការណ៍ដែនសមុទ្ររវាងឥណ្ឌានិងចិន ធ្លាក់ចូលទៅក្នុងស្ថានភាពអវិជ្ជមាន។

លទ្ធភាពនៃការធ្វើសកម្មភាពទាំងកម្រោលរបស់ប្រទេសចិននៅមហាសមុទ្រឥណ្ឌាមិនមែនគ្រាន់តែជាការប៉ាន់ស្មាននោះទេ។ ដោយសារតែប្រទេសចិនបានបង្កើនសកម្មភាពទាំងផ្នែកយោធា និងមិនមែនយោធាជាច្រើននៅក្នុងមហាសមុទ្រឥណ្ឌាកាលពីប៉ុន្មានខែថ្មីៗនេះ កងទ័ពជើងទឹកឥណ្ឌាបានប្រកាសអំពីផែនការអភិវឌ្ឍកងនាវាមុជទឹកនុយក្លេអ៊ែររបស់ខ្លួន។ ប៉ុន្តែសហរដ្ឋអាមេរិកមិនបានជួយដល់សកម្មភាពខាងលើនេះទេ ខណៈអ្នកធ្វើគោលនយោបាយរបស់អាមេរិកបានប្រកាសថា នឹងមិនធ្វើការចែករំលែកបច្ចេកវិទ្យានុយក្លេអ៊ែរជា មួយប្រទេសជាដៃគូរបស់អាមេរិកណាទៀតឡើយ ក្រៅតែពីអង់គ្លេស និងអូស្ត្រាលី។

ផលវិបាករបស់កិច្ចព្រមព្រៀង AUKUS អាចនឹងកើត មានលើសពីប្រតិបត្តិការជើងទឹកទៅទៀត។ កិច្ចព្រមព្រៀងសន្តិសុខនេះមានគោលដៅចុងក្រោយមួយទៀតគឺដើម្បីបង្កើនការប្រណាំងប្រជែងផ្នែកបច្ចេកវិទ្យាជាមួយប្រទេសចិន។ ប្រទេសអូស្ត្រាលី អាមេរិកនិងអង់គ្លេស មានផែនការក្នុងការប្រជែងយកឈ្នះទៅលើប្រទេសចិន នៅក្នុងការប្រណាំងប្រជែងផ្នែកបច្ចេកវិទ្យាទំនើប តាមរយៈការប្រមូលធនធាន និងការធ្វើសមាហរណកម្មយោធានិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ឧស្សាហកម្ម។

ការពង្រីកកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រនៅក្នុងផ្នែកបញ្ញាសិប្បនិម្មិត, កម្មវិធីកុំព្យូទ័រ Quantum និងប្រតិបត្តិការអ៊ីនធើណិត ប្រាកដជាអាចផ្លាស់ប្តូរតុល្យភាពអំណាចនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅក្នុងរបៀបដែលបណ្តាប្រទេសនៅក្នុងតំបន់មិនបានគិតដល់។

ទោះជាយ៉ាងណាក៏ដោយ ប្រទេសឥណ្ឌានៅតែអាចទទួលយកបញ្ហាទាំងនេះបាន ប្រសិនបើកិច្ចព្រមព្រៀងសន្តិសុខថ្មីនេះគឺជាការបំពេញបន្ថែមដល់សម្ព័ន្ធក្រុមប្រទេស Quad។

បើទោះជាមានការពន្យារក្នុងការផ្ទេរបច្ចេកវិទ្យានាវាមុជទឹកទៅឱ្យអូស្ត្រាលីក្តី ក៏មនុស្សជាច្រើនជឿជាក់ថា កិច្ចព្រមព្រៀង AUKUS នឹងមានឥទ្ធិពលក្នុងការទប់ស្កាត់សកម្មភាពដ៏គគ្លើនរបស់ប្រទេសចិនលើផ្ទៃសមុទ្របាន។ ហើយបើទោះបីជាអ្វីដែលបានលើកឡើងនៅក្នុងកិច្ចព្រមព្រៀងនេះមិនត្រូវបានគេអនុវត្តពេញលេញក៏ដោយ ក៏កិច្ចព្រមព្រៀងសន្តិសុខនេះនៅតែអាចជួយជំរុញដល់ក្រុមសម្ព័ន្ធប្រទេស Quad ឱ្យស្វែងរកដំណោះស្រាយបែបច្នៃប្រឌិតដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់បានផងដែរ។

រឿងរ៉ាវអំពីកិច្ចព្រមព្រៀង AUKUS បានបង្ហាញថា នៅក្នុងរយៈពេលវែងទៅមុខ កិច្ចព្រមព្រៀងនេះអាចនឹងបង្កឱ្យមានការប៉ះពាល់ដល់តម្លៃនិងសារៈប្រយោជន៍របស់សម្ព័ន្ធក្រុមប្រទេស Quad។

ក្រោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ សម្ព័ន្ធក្រុមប្រទេស Quad មានគោលដៅចំនួន២ គឺការជម្រុញឱ្យមាន កំណើនសេដ្ឋកិច្ចនិងការអភិឌ្ឍ និងទប់ទល់ផ្នែកយុទ្ធសាស្ត្រជា មួយប្រទេសចិន។ ប៉ុន្តែគួរឱ្យស្តាយកិច្ចព្រមព្រៀង AUKUS បានដណ្តើមយកមុខងារខ្លះចេញបាត់ទៅហើយ ខណៈពេលនេះ សម្ព័ន្ធក្រុមប្រទេស Quad ត្រូវបានគេចាត់ទុកថាជា ផែនការដែលមិនមានជាប់ពាក់ព័ន្ធជាមួយផ្នែកសន្តិសុខនិងផ្នែកយោធានោះទេ។

ទោះបីជាបែបនោះក្តី មន្ត្រីរបស់ប្រទេសឥណ្ឌាត្រូវតែ មានការប្រុងប្រយ័ត្នក្នុងការបង្ហាញនូវជំហរផ្លូវការរបស់ខ្លួនពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង AUKUS។

សម្រាប់ទីក្រុង ញូវ ដេលី អ្វីដែលសំខាន់នោះគឺការបង្ហាញអំពីសាមគ្គីភាពជាមួយប្រទេសជាដៃគូខ្លួន ជាពិសេស នៅពេលដែលភាពតានតឹងជាមួយប្រទេសចិនកំពុងតែកើនឡើងសារជាថ្មី។ ប៉ុន្តែអ្នកជំនាញផ្នែកសន្តិសុខរបស់ប្រទេសឥណ្ឌានៅតែមានការព្រួយបារម្ភពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង AUKUS។

បើទោះបីជាប្រទេសឥណ្ឌាកំពុងតែមានសាមគ្គីភាពល្អជាមួយទីក្រុង កង់បេរ៉ា ក្តី ក៏គេនៅតែគិតថា កិច្ចព្រមព្រៀងសន្តិសុខថ្មីនេះប្រាកដជាបង្កឱ្យមានផលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសឥណ្ឌា នៅក្នុងមហាសមុទ្រឥណ្ឌាជាក់ជាមិនខាន៕

The Interpreter