ខ្មែរប៉ុស្ដិ៍ Close

ស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ព្រះបរមរតនកោដ្ឋ ចំពោះកិច្ចអភិរក្ស ថែរក្សា និងលើកតម្លៃរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 37

នាឱកាសដ៏ថ្លៃថ្លានៃព្រឹត្តិការណ៍រំលឹកគុណអង្គរ អាជ្ញាធរជាតិអប្សរាសូមសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាទិគុណ និងព្រះព្រហ្មវិហារធម៌ និងព្រះរាជតម្រិះដ៏ឈ្លាសវៃ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់អស់ពីកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណបំពេញព្រះរាជសកម្មភាព ដ៏ឧត្តុង្គឧត្តម បម្រើជាតិ មាតុភូមិ និងប្រជានុរាស្រ្ត ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ព្រះអង្គ នៅគ្រប់កាលៈទេសៈ។

គួររំលឹកផងដែរថា ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ គឺជាថ្ងៃប្រវត្តិសាស្រ្ត ដែលកម្ពុជាទទួលបានជោគជ័យដ៏អស្ចារ្យក្នុងការដាក់បញ្ចូលរមណីយដ្ឋានអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ក្រោមព្រះរាជបញ្ញាញាណដ៏ថ្លៃថ្លា និងឈ្លាសវៃបំផុតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ បន្ទាប់ពីព្រះអង្គបានអំពាវនាវទៅកាន់អង្គការយូណេស្កូ សុំឱ្យជួយស្រោចស្រង់អង្គរ។

បន្ទាប់ពីព្រះរាជបំណងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ បានសម្រេចដោយដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចហើយនោះ សន្និសីទអន្តរជាតិមួយត្រូវធ្វើឡើងនៅទីក្រុងតូក្យូ កាលពីថ្ងៃទី១២ -១៣ ខែតុលា ឆ្នាំ១៩៩៣ ក្រោមការផ្តួចផ្តើមរបស់រដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលបារាំង និងមានការគាំទ្រពីអង្គការយូណេស្កូផង ហើយបានសម្រេចបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដែលបច្ចុប្បន្ន ត្រូវបានស្គាល់ថា ជា អាយស៊ី ស៊ី-អង្គរ (ICC- Angkor)។

សមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ គឺជាស្នាព្រះហស្តដ៏ធំធេងរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានខិតខំប្រឹងប្រែង ត្រួសត្រាយផ្លូវលើកិច្ចការអភិរក្ស ថែរក្សា និងលើកតម្លៃរមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដើម្បីទុកជូនដល់កូនចៅ និងប្រជាជាតិខ្មែរជំនាន់ក្រោយ៕

អត្ថបទទាក់ទង