ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរារៀបចំកៅអីឈើសម្រាប់ភ្ញៀវទេសចរអង្គុយសម្រាក នៅពេលដើរទស្សនាតាមប្រាសាទនានា

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ វប្បធម៌ & ប្រវត្តិសាស្រ្ដ 99
អាជ្ញាធរជាតិអប្សរារៀបចំកៅអីឈើសម្រាប់ភ្ញៀវទេសចរអង្គុយសម្រាក នៅពេលដើរទស្សនាតាមប្រាសាទនានា អាជ្ញាធរជាតិអប្សរារៀបចំកៅអីឈើសម្រាប់ភ្ញៀវទេសចរអង្គុយសម្រាក នៅពេលដើរទស្សនាតាមប្រាសាទនានា

អាជ្ញាធរជាតិអប្សរា បានរៀបចំធ្វើកៅអីឈើនៅតាមម្លប់ដើមឈើនានា ក្បែរៗប្រាសាទបុរាណសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានអង្គុយសម្រាកក្នុងពេលដើរទស្សនានឿយហត់ គឺជាការយកចិត្តទុកដាក់ថ្មីមួយបន្ថែមទៀតរបស់ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ក្រៅតែពីការងារស្តារហេដ្ឋារចនាសម្ពន្ធ ការរៀបចំសណ្តាប់ធ្នាប់ ការរៀបចំសួន ដាំកូនឈើ សម្អាតបរិស្ថាន ថែទាំអភិរក្សប្រាសាទ និងការងារថែទាំបរិស្ថានក្នុងឧទ្យានអង្គរជាប្រចាំ។

លោក សេក វីដា មន្រ្តីបច្ចេកទេសក្រុមការងារត្រួតពិនិត្យបរិក្ខារទេសចរណ៍ នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា ក្រុមការងាររបស់លោកកំពុងមមាញឹករៀបចំធ្វើកៅអីឈើដាក់នៅតាមម្លប់ដើមឈើចំនួន៤កន្លែងនៅប្រាសាទអង្គរវត្តសម្រាប់ឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានអង្គុយសម្រាក បន្ទាប់ពីពួកគាត់បានដើរទស្សនាប្រាសាទបុរាណហត់នឿយ និងចុករួយជើជាដើមនោះ។

ជាមួយគ្នានេះដែរ លោក ឡេក គិមលីន ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរានៅប្រាសាទអង្គរវត្ត ក៏បានឱ្យដឹងដែរថា ការរៀបចំធ្វើកៅអីឈើសម្រាប់ឱ្យភ្ញៀវទេសចរបានអង្គុយសម្រាកនេះ មានការគាំទ្រពីភ្ញៀវទេសចរជាច្រើន។ «កៅអីធ្វើពីបន្ទះឈើវែងៗទាំងនេះ បានជួយឱ្យភ្ញៀវទេសចរបានអង្គុយសម្រាកបន្ធូរអារម្មណ៍បំបាត់ការនឿយហាត់មួយអន្លើ បន្ទាប់ពីពួកគាត់បានដើរឆ្ងាយ ហត់ អស់កម្លាំង និងចុករួយជើងអំឡុងពេលទស្សនាប្រាសាទ ជាពិសេសភ្ញៀវទេសចរដែលមានវ័យចំណាស់»។ ក្រៅពីប្រយោជន៍ដែលបានរៀបរាប់ខាងលើ កៅអីធ្វើពីបន្ទះឈើទាំងនេះ ក៏មានសារសំខាន់ជួយការពារថ្មប្រាសាទ និងស្មៅនៅតាមប្រាសាទផង ព្រោះកន្លងមកភ្ញៀវទេសចរតែងតែទៅអង្គុយលើថ្មប្រាសាទ ឬស្មៅនៅពេលពួកគាត់ដើរឆ្ងាយ ហត់ អស់កម្លាំង ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ថ្មប្រាសាទ និងវាលស្មៅ៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក យី សុថា/ភោគ ជា

អត្ថបទទាក់ទង