ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-ចិនកំពុងសិក្សាបង្កើត «រោងចក្រផលិតវ៉ាក់សាំង» នៅកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៦ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 41
កម្ពុជា-ចិនកំពុងសិក្សាបង្កើត «រោងចក្រផលិតវ៉ាក់សាំង» នៅកម្ពុជា កម្ពុជា-ចិនកំពុងសិក្សាបង្កើត «រោងចក្រផលិតវ៉ាក់សាំង» នៅកម្ពុជា

ព្រៃវែង៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើតាមរយៈឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ទៅកាន់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និង នាយករដ្ឋមន្រ្តីចិន ដើម្បីជំរុញឱ្យមានរោងចក្រសម្រាប់ផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩របស់ចិន នៅក្នុងប្រទេសកម្ពុជា។សំណើរនេះត្រូវបានភាគីប្រទេសយល់ព្រមហើយនឹងកំពុងបើកការសិក្សាស្រាវជ្រាវ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែងនៅថ្ងៃនេះ លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និង សម្តេច ហ៊ុន សែន បានបញ្ជាក់ថា សំណើររបស់ភាគីកម្ពុជាបង្កើត «រោងចក្រផលិតវ៉ាក់សាំង» នៅកម្ពុជា ត្រូវបានក្រុមហ៊ុនផលិតវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន កំពុងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីសិក្សា និងស្រាវជ្រាវក្នុងការផលិតវ៉ាក់សាំងនៅកម្ពុជា ហើយនៅក្នុងឆ្នាំក្រោយ ប្រជាជនកម្ពុជានឹងអាចប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលផលិតនៅក្នុងប្រទេសតែម្តង។

សម្តេច ហ៊ុន សែន បានសម្តែងការអបអរសាទរចំពោះដំណឹងនេះ ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវត្រៀមថវិកាដើម្បីទិញវ៉ាក់សាំង ដើម្បីប្រើប្រាស់ ព្រោះវ៉ាក់សាំងនេះមិនចាក់ឥតគិតថ្លៃដូចកន្លងទៅនោះទេ។

ថ្លែងក្នុងសន្និសីទកាសែងនៅក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបអំពីការនិយាយជាមួយ លោកអគ្គរដ្ឋទូតចិន វ៉ាង វិនធាន ទាក់ទងជាមួយនឹង ការផ្គត់ផ្គង់វ៉ាក់សាំងបន្ត ហើយឈានដល់គំនិតផ្តួចផ្តើមស្តីអំពីការផលិតវ៉ាក់សាំងនៅនឹងប្រទេសកម្ពុជា។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ធ្វើដូច្នេះកម្ពុជាមានលទ្ធភាពដើម្បីទិញវ៉ាក់សាំងដែលផលិតនៅក្នុងរោងចក្រដែលផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីចាក់នៅក្នុងប្រទេសខ្លួនឯងផង ហើយកម្ពុជាក៏មានលទ្ធភាពដើម្បីចែកចាយវ៉ាក់សាំងនេះទៅកាន់ប្រទេសដទៃ តាមរយៈនៃការបញ្ជាទិញរបស់ប្រទេសដទៃ»។

គួរបញ្ជាក់ថា ប្រទេសចិន បានក្លាយទៅជាប្រទេសឈានមុខគេ ក្នុងការផ្តល់ជំនួយ និងផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកដល់ប្រទេសកម្ពុជា ចាប់តាំងពីដើមឆ្នាំ២០២១ ខណៈដែលប្រទេសទាំងពីរជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាសហគមន៍រួមវាសនាតែម្តងហើយក៏ជាមិត្តដែកថែប៕