ខ្មែរប៉ុស្ដិ៍ Close

ស្ពានហាលអង្គរវត្តគ្រោងនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ ២០២១នេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 35
ស្ពានហាលអង្គរវត្តគ្រោងនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ ២០២១នេះ ស្ពានហាលអង្គរវត្តគ្រោងនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ ២០២១នេះ

សៀមរាប៖​ ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា​ កំពុងបង្ហើយការងារដែលនៅសេសសល់ក្នុងការដ្ឋានជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ហើយផែនការគ្រោងនឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២១នេះ។

លោក អន សុភាព បុរាណវិទូ និងជាប្រធានក្រុមការងារជួសជុលស្ពានហាលអង្គរវត្តមានប្រសាសន៍ថា គិតត្រឹមពាក់កណ្ដាលខែវិច្ឆិកានេះ គម្រោងជួសជុលស្ពានហាលអង្គរវត្តសម្រេចបានជិត១០០ភាគរយហើយ។ លោកបន្ថែមថា ការងារនៅផ្នែកខាងលើនៃកម្រាលស្ពានសម្រេច៩៩ភាគរយហើយ ចំណែកនៅផ្នែកខាងក្រោមនៃជញ្ជាំងថ្មបាយក្រៀមសម្រេចបានប្រមាណ ៨០ភាគរយ ហើយអាចនឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ ២០២១ នេះ។

ដោយឡែក ចំពោះការងារជួសជុលកំពង់ទឹកនៅផ្នែកខាងជើងនឹងត្រូវបន្ត ដែលគម្រោងនេះអាចនឹងប្រើពេលមួយឆ្នាំទៀតដើម្បីជួសជុលរួច។

សូមបញ្ជាក់ថា គម្រោងជួសជុលស្ពានហាលអង្គរវត្តប៉ែកខាងជើងដំណាក់កាលទី២ មានប្រវែងសរុប ៩៤ម៉ែត្រ បានចាប់ផ្តើមដំណើរការពីឆ្នាំ ២០១៦ មក ដែលជាគម្រោងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន៕

អត្ថបទទាក់ទង