ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-ជប៉ុន ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក្នុងក្របខណ្ឌយុទ្ធសាស្ត្រទេសចរវ៉ាក់សាំង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 47
កម្ពុជា-ជប៉ុន ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក្នុងក្របខណ្ឌយុទ្ធសាស្ត្រទេសចរវ៉ាក់សាំង កម្ពុជា-ជប៉ុន ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក្នុងក្របខណ្ឌយុទ្ធសាស្ត្រទេសចរវ៉ាក់សាំង

ថ្លែងក្នុងជំនួបទ្វេភាគីរវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក មីកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅស្ថានទូតជប៉ុនរាជធានីភ្នំពេញ ភាគីទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងដាក់ចុះនូវផែនការទទួលស្វាគមន៍ទេសចរជប៉ុន ក្នុងក្របខណ្ឌយុទ្ធសាស្ត្រទេសចរវ៉ាក់សាំងរបស់កម្ពុជាដូចជា៖

ទី១៖ ជួយគាំទ្រឱ្យមានសិក្ខាសាលាអនឡាញ ស្តីពី ការភ្ជាប់ទំនាក់ទំនងផ្នែកឯកជនធុរកិច្ចទេសចរណ៍កម្ពុជា-ជប៉ុន។

ទី២៖ គាំទ្ររៀបចំការធ្វើទស្សនកិច្ចស្វែងយល់របស់ក្រុមហ៊ុនទេសចរណ៍ និងបណ្តាញសារព័ត៌មានពីប្រទេសជប៉ុន។

ទី៣៖ កម្ពុជាបានអញ្ជើញក្រុមហ៊ុនទេសចរណ៍ និងបណ្តាញសារព័ត៌មានជប៉ុន ចូលរួមវេទិកាទេសចរណ៍អាស៊ាន ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅក្រុង ព្រះសីហនុ។

ទី៤៖ គាំទ្រកម្ពុជាក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍ ដូចជា ទេសចរណ៍សហគមន៍ អេកូទេសចរណ៍ កសិទេសចរណ៍ ទេសចរណ៍សុខភាព និងផាសុកភាព ទេសចរណ៍ផ្ទះទី២ ដែលប្រទេសជប៉ុនមានភាពល្បីលើផ្នែកទាំងនេះ។

ទី៥៖ បន្តគាំទ្រការងារបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការបង្កើត និងបង្កើនជំនាញឡើងវិញដល់អ្នកជំនាញទេសចរណ៍កម្ពុជា។

ទី៦៖ ស្នើសុំឱ្យមានការរៀបចំការចែករំលែកបទពិសោធន៍របស់ជប៉ុនលើការរៀបចំព្រឹត្តការណ៍កីឡាដល់កម្ពុជា និងសូមជួយផ្សព្វផ្សាយព្រឹត្តការណ៍កីឡានេះ ដល់ពលរដ្ឋជប៉ុនសម្រាប់ព្រឹត្តការណ៍ SEA Games 2023 នៅកម្ពុជា។

ទី៧៖ ពិនិត្យលើភារកិច្ចចុះអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការទេសចរណ៍ ឬក្របខណ្ឌការងារកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា-ជប៉ុននៅពេលខាងមុខ។ អនុស្សរណៈនេះនឹងជួយលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ។

ទី៨៖ បង្កើតក្រុមការងារ មួយរវាងក្រសួងទេសចរណ៍ និងភាគីជប៉ុន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមនានាឆ្ពោះទៅមុខ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានអញ្ជើញក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន មកចូលរួមប្រជុំផ្ទាល់ នាឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងអំឡុងវេទិកាទេសចរណ៍អាស៊ាន ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅទីក្រុងព្រះសីហនុ៕

អត្ថបទទាក់ទង