ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ពន្យល់លម្អិតពីផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 36
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ពន្យល់លម្អិតពីផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ពន្យល់លម្អិតពីផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ បានថ្លែងពន្យល់លម្អិតពីផែនយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង ដើម្បីឱ្យការអនុវត្តផែនការទទួលទេសចរណ៍វ៉ាក់សាំង ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។

លោក ថោង ខុន បានថ្លែងពន្យល់ដូចនេះ ក្នុងឱកាសអមលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង» ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូប តាមប្រព័ន្ធវីដេអូពីចម្ងាយ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ។

លោក ថោង ខុន បានបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង ត្រូវទទួលបាននូវធាតុចូល និងការផ្តល់យោបល់ល្អៗ ពីកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន ក្នុងក្របខណ្ឌនៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងក្រោយមកបានដាក់ឆ្លង ក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពលោក អូន ព័ន្ធមុនីរ័ត្ន មុននឹងត្រូវបានពិនិត្យ និងសម្រេចពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១។

លោក ថោង ខុន បានបន្តថា ជាមួយនឹងស្មារតីបុរេសកម្ម រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ចេញនូវ «ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺ កូវីដ-១៩» កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដែលជាឯកសារគោលដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញ។ ផ្តើមចេញពីផែនទីចង្អុលផ្លូវនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បន្តដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង ដើម្បីបើកទទួលភ្ញៀវទេសចរអន្តរជាតិ ពីប្រភពទីផ្សារដែលមានសក្តានុពល និងមានហានិភ័យទាប និងអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាពតាមគន្លងប្រក្រតីភាពថ្មី ស្របតាមទស្សនទាន «ប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព»។

គោលបំណងនៃផែនការយុទ្ធសាស្រ្តនេះ គឺដើម្បីចាប់ផ្តើមជំរុញការបើកទទួលទេសចរអន្តរជាតិ ឡើងវិញជាជំហានៗ ឈរលើគោលការណ៍រក្សាបាននូវតុល្យភាព រវាងសកម្មភាពសង្គម-សេដ្ឋកិច្ច និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ស្របតាមស្មារតីនៃការធ្វើដំណើរ និងទេសចរណ៍សុវត្ថិភាព ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ឱ្យក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព។

ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងគោលបំណង ផែនការយុទ្ធសាស្រ្តកំណត់នូវគោលដៅសំខាន់ៗចំនួន៤ រួមមាន៖
* គោលដៅទី១៖ ការកំណត់ប្រភពទីផ្សារដែលមានសក្តានុពល សុវត្ថិភាព និងហានិភ័យទាប។
* គោលដៅទី២៖ ការគ្រប់គ្រងរំហូរភ្ញៀវទេសចរអន្តរជាតិ ដើម្បីបង្ការ ទប់ស្កាត់ និងកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
* គោលដៅទី៣៖ ការពង្រឹងសុវត្ថិភាព និងគុណភាពសេវាកម្មទេសចរណ៍កម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី។
* គោលដៅទី៤៖ ការបង្កើនទំនុកចិត្ត និងភាពជឿជាក់គ្នាទៅវិញទៅមករវាងប្រភពទីផ្សារ និងគោលដៅទេសចរណ៍កម្ពុជា។

ការចងក្រងផែនការយុទ្ធសាស្ត្រនេះ គឺផ្អែកតាមអភិក្រមនៃការបើកទទួលទេសចរណ៍អន្តរជាតិឡើងវិញតាមដំណាក់កាលជាជំហានៗ រួមមាន៖
* ជំហានទី១ ការចាប់ផ្តើមឡើងវិញ៖ ចាប់ផ្តើមទទួលទេសចរអន្តរជាតិឡើងវិញដោយកំណត់យកគម្រោងសាកល្បង នៅចុងខែវិច្ឆិកា ឆ្នាំ២០២១ ដោយចាប់ផ្តើមនៅក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរនៃខេត្តកោះកុង និងបន្ទាប់មកនៅខេត្តសៀមរាប នៅក្នុងខែមករា ឆ្នាំ២០២២។
* ជំហានទី២ ការបើកឡើងវិញតាមតំបន់៖ ចាប់ផ្តើមទទួលទេសចរអន្តរជាតិមកតាមតំបន់ទេសចរណ៍សុវត្ថិភាពផ្សេងៗទៀត បន្ទាប់ពីគម្រោងសាកល្បងនៃជំហានទី១ ទទួលបានជោគជ័យ។
* ជំហានទី៣ ការបើកឡើងវិញទាំងស្រុង៖ ការបើកទទួលទេសចរណ៍វ៉ាក់សាំងពេញលេញនៅទូទាំងប្រទេស។

ផែនការយុទ្ធសាស្ត្រដាក់ចេញយុទ្ធសាស្ត្រចំនួន៤ រួមមាន៖
យុទ្ធសាស្ត្រទី១៖ ការកំណត់នូវប្រភពទីផ្សារទេសចរណ៍វ៉ាក់សាំង។
យុទ្ធសាស្ត្រទី២៖ ការគ្រប់គ្រងទេសចរមុនពេលចេញដំណើរ និងពេលមកដល់អាកាសយានដ្ឋានអន្តរជាតិ។
យុទ្ធសាស្ត្រទី៣៖ ការត្រៀមលក្ខណសម្បត្តិនៃឧស្សាហកម្មទេសចរណ៍ ស្របតាមគន្លងប្រក្រតីភាពថ្មី។
យុទ្ធសាស្ត្រទី៤៖ ការកំណត់ និងគ្រប់គ្រងគោលដៅទេសចរណ៍សុវត្ថិភាព។

លោក ថោង ខុន បានបន្ថែមថា ផែនការយុទ្ធសាស្រ្តបានចង្អុលបង្ហាញពីវិធីសាស្រ្តជាក់លាក់ក្នុងការកំណត់តំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព ដោយផ្អែកលើសូចនាករសមិទ្ធកម្មចំនួន៤ រួមមាន៖
១៖ អត្រានៃការចាក់វ៉ាក់សាំង សំដៅបង្កើតភាពស៊ាំសហគមន៍
២៖ អត្រាអ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម និងកម្រិតធ្ងន់ និងអត្រាស្លាប់នៃអ្នកជំងឺកូវីដ-១៩
៣៖ សមត្ថភាពឆ្លើយតប និងព្យាបាល និងការគ្រប់គ្រងហានិភ័យដែលអាចកើតមានពីវីរុសបំប្លែងថ្មី
៤៖ ការត្រៀមខ្លួនរបស់ឧស្សាហកម្មទេសចរណ៍។

ការអនុវត្តផែនការយុទ្ធសាស្ត្រនេះ គឺមានការគិតគូរប្រកបដោយស្មារតីបុរេសកម្ម និងប្រុងប្រយ័ត្ន ដោយត្រូវមានជាជម្រើសសម្រាប់ការបើកការបិទនៅក្នុងជំហាននីមួយៗ ទៅតាមការវិវត្តជាក់ស្តែងនៃសភាពការណ៍។ ការរៀបចំប្រព័ន្ធស្នើសុំលិខិតអនុញ្ញាតចូលកម្ពុជា គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយសម្រាប់ការគ្រប់គ្រងស្ថានការណ៍ ពិសេសសម្រាប់ការអនុវត្ត «ការបើក-ការបិទ» នៅក្នុងជំហាននីមួយៗនៃផែនការយុទ្ធសាស្រ្ត។

ជម្រើសសម្រាប់ការបើកការបិទ នឹងផ្តោតសំខាន់លើទិដ្ឋភាពចំនួន៣ រួមមាន៖
ទិដ្ឋភាពទី១៖ ការបែងចែកតំបន់
ទិដ្ឋភាពទី២៖ ការធ្វើអាទិភាវូបនីយកម្ម ជម្រើសសកម្មភាពទេសចរណ៍
ទិដ្ឋភាពទី៣៖ កត្តាពេលវេលា។

ចំពោះទិដ្ឋភាពទាំង៣នេះតម្រូវឱ្យមានការ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាបាននូវការអនុវត្តផែនការយុទ្ធសាស្រ្តនេះទទួលបានជោគជ័យប្រកបដោយសុវត្ថិភាព ដោយឈរលើគោលការណ៍ចតុភាគីរដ្ឋ-ឯកជន-ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ-ដៃគូនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី៕

ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទទាក់ទង