ខ្មែរប៉ុស្ដិ៍ Close

ខេត្តឧត្តរមានជ័យ អបអរសារទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទ «ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 40
ខេត្តឧត្តរមានជ័យ អបអរសារទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទ «ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន» ខេត្តឧត្តរមានជ័យ អបអរសារទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទ «ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន»

នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែខែកញ្ញា ឆ្នាំ២០២១ លោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងលោក ប៉ែន កុសស្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីអបអរសារទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទ «ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន» និងដាំដើមកូនឈើចំនួន ១០៨ដើម ក្នុងបរិវេណប្រាសាទល្បើក ស្ថិតក្នុងភូមិខ្ទំ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលរៀបចំដោយមន្ទីរទេសចរណ៍ខេត្ត ជាមួយ មន្រ្តីរាជការ អាជ្ញាធរក្រុង សង្កាត់ មន្ទីរ អង្គភាព កងកម្លាំង យុវជន ប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋ ប្រមាណជា២០០នាក់ ដោយអនុវត្តស្របតាមវិធានការសុខាភិបាល និងវិធានសុវត្ថិភាព។

ពិធីដ៏មានសារៈសំខាន់នេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីតួនាទីរបស់ទេសចរណ៍នៅក្នុងសហគមន៍អន្តរជាតិ ក៏ដូចជាបង្ហាញឱ្យឃើញពីគុណតម្លៃនៃវិស័យនេះ សម្រាប់សង្គម វប្បធម៌ នយោបាយ និងសេដ្ឋកិច្ចទូទាំងសកលលោក។ ក្នុងនោះ ក៏បានរៀបចំពិធីដាំកូនឈើ ដើម្បីជាការបំផុសនូវស្មារតីការដាំដើមឈើឡើងវិញ បណ្តុះគំនិតថែរក្សា ការពារ ស្រឡាញ់ ព្រៃឈើ និងបរិស្ថានធម្មជាតិ និងមួយវិញទៀតដើម្បីកែលម្អ និងលើកកម្ពស់សោភណ្ឌភាពនៅក្នុងបរិវេណប្រាសាទបុរាណ។

ថ្លែងនៅក្នុងពិធីនេះ លោក បានមានប្រសាសន៍លើកឡើងថា ការប្រារព្ធពិធីនេះឡើង ទៅបានក៏ដោយសារប្រទេសជាតិទទួលបាននូវសុខសន្តិភាព ពេញលេញ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ យើងទាំងអស់គ្នា សូមអរគុណសន្តិភាព បីតា ស្ថាបនិកសន្តិភាព គឺសម្តេចតេជោសែន ដែលបាននាំសន្តិភាពពេញលេញដល់ប្រទេសរបស់ យើងពុំធ្លាប់មានពីមុនកន្លងមក រហូតដល់បច្ចុប្បន្ននេះ។ កត្តារសន្តិភាពនេះ បាននាំកម្ពុជា អាចអភិវឌ្ឍគ្រប់វិស័យដូចជា ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្រ្ត។

ក្នុងកាលៈទេសៈដ៏លំបាកនៃការរីករាលដាលជំងឺកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំនះពុះពារគ្រប់ឧបសគ្គ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ-១៩ នេះនៅក្នុងប្រទេសយើង។ ជាក់ស្តែងប្រជាពលរដ្ឋភាគច្រើនបាន ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ រាប់ចាប់តាំងពីកុមារអាយុ ០៦ឆ្នាំ យុវវ័យ និងមនុស្សចាស់។ លើសពីនេះទៀត រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសង្រ្គោះបងប្អូន ប្រជាពលរដ្ឋដែលជួបប្រទះនឹងគ្រោះធម្មជាតិ ដូចជា ខ្យល់កន្រ្តាក់ ទឹកជំនន់។ ល ។ ដោយបានចែកស្បៀងអាហារ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយគ្មានអាហារ បរិភោគនោះឡើយ។

ឆ្លៀតក្នុងឱកាសនេះ លោក បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរទេសចរណ៍ខេត្ត អាជ្ញាធរក្រុង សង្កាត់ មន្រ្តីរាជការ កងកម្លាំង និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការល្អក្នុងការរៀបចំឱ្យ មានព្រឹត្តិការណ៍ដាំកូនឈើនាពេលនេះ និងបន្តធ្វើកិច្ចការនេះតទៅទៀត ដើម្បីបងប្អូន ប្រជាពលរដ្ឋក្នុងសហគមន៍ក៏ដូចជា ភូមិ ឃុំ/សង្កាត់ របស់យើងបៃតង។

ជាងនេះទៅទៀត លោក បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពាររបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធាន ៣ការពារ និង៣កុំ របស់លោកនាយករដ្ឋមន្រ្តី ។ ម្យ៉ាងវិញទៀតក៏ដូចជាការការពារខ្លួនយើង គ្រួសារយើង និងសហគមន៍យើង ពិសេសចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ចេញពីសហគមន៍យើង៕