ខ្មែរប៉ុស្ដិ៍ Close

ADB អនុម័តប្រាក់កម្ចី ៨២លានដុល្លារ ដើម្បីកែលម្អផ្លូវក្នុងខេត្តចំនួន២របស់កម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 39
ADB អនុម័តប្រាក់កម្ចី ៨២លានដុល្លារ ដើម្បីកែលម្អផ្លូវក្នុងខេត្តចំនួន២របស់កម្ពុជា ADB អនុម័តប្រាក់កម្ចី ៨២លានដុល្លារ ដើម្បីកែលម្អផ្លូវក្នុងខេត្តចំនួន២របស់កម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន៨២លានដុល្លារ ដើម្បីកែលម្អផ្លូវជាតិ និងផ្លូវខេត្តប្រវែង៤៨គីឡូម៉ែត្រ ក្នុងខេត្តព្រៃវែង និងកណ្តាល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមច្រករបៀងសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ (GMS)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ADB ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

ADB បានឲ្យដឹងថា ជំនួយថ្មីនេះ គឺជាដំណាក់កាលទី២ នៃគម្រោងធ្វើឲ្យប្រសើរឡើង នូវបណ្តាញផ្លូវថ្នល់ដែលមាន គោលបំណងពង្រឹងការតភ្ជាប់កម្ពុជា ជាមួយវៀតណាម និងគាំទ្រការអភិវឌ្ឍគ្រឿងសម្របសម្រួលការឆ្លងដែននៅក្នុងខេត្តទាំងពីរ។ ការធ្វើឲ្យប្រសើរថ្មីនេះ នឹងប្រើប្រាស់ការរចនាដែលធន់ នឹងគ្រោះមហន្តរាយ និងអាកាសធាតុ និងជួយឲ្យក្រសួងសាធារណការ និងដឹកជញ្ជូនគ្រប់គ្រង ផ្លូវបានល្អប្រសើរ ដោយកាត់បន្ថយ ការផ្ទុកលើសចំណុះយានយន្ត ដែលជារឿយៗធ្វើឲ្យខូចផ្លូវ និងនាំឲ្យមានការជួសជុលមុនពេលកំណត់។

លោក Mohammad Nazrul Islam អ្នកជំនាញផ្នែកដឹកជញ្ជូនរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានថ្លែងថា «ការដឹកជញ្ជូនតាមផ្លូវគោក គឺជាមធ្យោបាយចម្បង នៃចរាចរណ៍ទំនិញ និងមនុស្សនៅក្នុងប្រទេសកម្ពុជា និងរវាងប្រទេសមហាអនុតំបន់ទន្លេមេគង្គ។ គម្រោងនេះ នឹងពង្រីកលទ្ធភាពទទួលបាន ការអប់រំ សេវាសុខភាព ក៏ដូចជាសេវាកម្មសាធារណៈដទៃទៀត ក្នុងចំណោមសហគមន៍មូលដ្ឋាន ជាពិសេសពលរដ្ឋក្រីក្រនៅតាមជនបទ។ វាក៏នឹងជួយតភ្ជាប់កាន់តែប្រសើរទៅនឹងទីផ្សារ និងឱកាសសេដ្ឋកិច្ច តាមរយៈបណ្តាញផ្លូវថ្នល់ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និង ភាពធន់នឹងអាកាសធាតុ ដែលតភ្ជាប់កម្ពុជា ជាមួយវៀតណាម តាមច្រករបៀងសេដ្ឋកិច្ចខាងត្បូង នៃមហាអនុតំបន់មេគង្គ»។

សេដ្ឋកិច្ចកម្ពុជា បានកើនឡើង៧.៨% ក្នុងមួយឆ្នាំជាមធ្យមចាប់ពីឆ្នាំ១៩៩៨ ដល់២០១៩ ប៉ុន្តែ បានធ្លាក់ចុះ ៣.១% នៅឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាតកូវីដ-១៩។ វិស័យដឹកជញ្ជូនរបស់ប្រទេស ប្រឈមនឹងបញ្ហា ដូចជាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ និងបញ្ហានិរន្តរភាព។ ផ្លូវជនបទ និងផ្លូវខេត្តភាគច្រើន របស់កម្ពុជាមិនទាន់ឈួសឆាយ ហើយសមត្ថភាពផ្លូវជាតិមានកំណត់។

ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាល បានបង្កើតផែនការជាតិមួយដើម្បីកសាង ហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ និរន្តរភាព និងភាពធន់នឹងអាកាសធាតុដែលអាចបំពេញតម្រូវការប្រជាពលរដ្ឋ និងកំណើនការងារអំឡុងឆ្នាំ២០៣០។ ផ្លូវកសាងក្នុងគម្រោងថ្មីនេះ ត្រូវបានបញ្ចូលក្នុង បញ្ជីគម្រោង ផែនការជាតិនេះ។

ដំណាក់កាលទី១ នៃគម្រោង ដែលត្រូវបានអនុម័តដោយ ADB ក្នុងឆ្នាំ២០១៧ គ្របដណ្តប់លើ ផ្លូវជាតិចំនួន១៤៧គីឡូម៉ែត្រ ក្នុងខេត្តព្រៃវែង សៀមរាប និង ស្វាយរៀង តាមច្រករបៀងសេដ្ឋកិច្ច ខាងត្បូងនៃមហាអនុតំបន់មេគង្គ។

ក្នុងដំណាក់កាលទី២ ការកែលម្អផ្លូវជាតិ នឹងបង្ហាញពីការចំណាយប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបច្ចេកទេសជីវសាស្រ្ត ដែលមិនប៉ះពាល់ដល់បរិស្ថាន រួមទាំងការការពារទំនប់ និងជម្រាល។ ការធ្វើឲ្យប្រសើរឡើងនូវផ្លូវខេត្ត នឹងប្រើអង្គធាតុដីរាវ ដែលមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីជួយពង្រីកការ ប្រើប្រាស់វត្ថុធាតុដើម ដែលមាននៅក្នុងស្រុក។

គម្រោងនេះ ក៏មានគោលបំណងជួយក្រសួងសាធារណការ និងដឹកជញ្ជូន កែលម្អការគ្រប់គ្រងផ្លូវ ថ្នល់និងអភិវឌ្ឍរបៀបថែទាំផ្លូវ ប្រកបដោយនិរន្តរភាព ដោយប្រើប្រាស់កិច្ចសន្យាថែទាំផ្លូវថ្នល់ ដែលមានប្រសិទ្ធភាព។ វាក៏នឹងបង្កើនការយល់ដឹងអំពីសុវត្ថិភាព និងសុខភាពផ្លូវថ្នល់ក្នុងសហគមន៍ ដែលមានការអនុវត្តគម្រោងនេះ។

គម្រោងផ្លូវនេះ អនុវត្តតាមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់ប្រទេសកម្ពុជា ដែលមានគោលបំណងជួយប្រទេស ក្នុងការកែលម្អការប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច។ គម្រោងនេះ ក៏ជាការអនុវត្តបន្តនៃកម្មវិធីផ្លូវ និងផ្លូវដែករបស់ ADB នៅក្នុងប្រទេសកម្ពុជាផងដែរ។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថា នឹងសម្រេចឲ្យបាននូវវិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើតឡើងនៅឆ្នាំ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន៦៨ប្រទេស ដែលក្នុងនោះ មាន៤៩ប្រទេស មកពីតំបន់ខាងលើនេះ៕ Fresh News

អត្ថបទទាក់ទង