ខ្មែរប៉ុស្ដិ៍ Close

ផ្ទុះសង្រ្គាមផ្ទៃក្នុងបក្សCNRP កាន់​តែ​ខ្លាំង៖ កូនស្រីច្បងលោក កឹម សុខា ហៅលោក សម រង្ស៊ី និងដៃជើងថា «ចូលចិត្តមុសា និងលាបពណ៌»

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 51
ផ្ទុះសង្រ្គាមផ្ទៃក្នុងបក្សCNRP កាន់​តែ​ខ្លាំង៖ កូនស្រីច្បងលោក កឹម សុខា ហៅលោក សម រង្ស៊ី និងដៃជើងថា «ចូលចិត្តមុសា និងលាបពណ៌» ផ្ទុះសង្រ្គាមផ្ទៃក្នុងបក្សCNRP កាន់​តែ​ខ្លាំង៖ កូនស្រីច្បងលោក កឹម សុខា ហៅលោក សម រង្ស៊ី និងដៃជើងថា «ចូលចិត្តមុសា និងលាបពណ៌»

សារឆ្លើយឆ្លងតាម Messager រវាងកញ្ញា កឹម មនោវិទ្យា ជាមួយក្រុមមនុស្សមានស្វាមីភក្តិចំពោះលោក កឹម សុខា ដែលត្រូវបានសកម្មជនសំខាន់មួយរូបដែលកំពុង រស់នៅប្រទេសកាណាដា ដែលមានជំហរគាំទ្រលោក សម រង្ស៊ី ផ្ញើមកកាន់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ, កញ្ញា កឹម មនោវិទ្យា បានលើកឡើងថា លោក សម រង្ស៊ី បានធ្វើឲ្យអ្នកប្រជាធិបតេយ្យគ្នាឯងឈឺចាប់ច្រើនណាស់ជាង ២០ឆ្នាំមកនេះ ដោយសារតែលោក សម រង្ស៊ី និង ដៃជើងចូលចិត្តមុសា និងលាបពណ៌។

នៅក្នុងសារឆ្លើយឆ្លងនេះ​ កញ្ញា កឹម មនោវិទ្យា បានរៀបរាប់យ៉ាងដូច្នេះ «លោក សរ (សម រង្ស៊ី) ធ្វើឲ្យអ្នកប្រជាធិបតេយ្យគ្នាឯងឈឺចាប់ច្រើន ណាស់ជាង២០ឆ្នាំនេះ ដោយសារគាត់ និងដៃជើងគាត់ខ្លះចូលចិត្តមុសា និងលាបពណ៌។ មិនមានសច្ចធម៌ ឬភាពថ្លៃថ្នូទេទង្វើនេះ។ ឲ្យតែគេមិនធ្វើដូចចិត្តដឹងតែលាប ដែលសាកគិតទេ ដូចជាគ្រួសារលោក កែម ឡី ឬ គ្រួសាខ្ញុំឈឺចាប់ប៉ុណ្ណានូវការមួលបង្កាច់មកលើពួកខ្ញុំ មិនមែនធម្មតាទេ ចោទមុសាសាហាវៗណាស់»។

ពាក់ព័ន្ធនឹងសារដែលផ្ញើមកអង្គភាពព័ត៌មាន Fresh News នេះ មិនទាន់អាចស្វែងរកការបំភ្លឺ និងបញ្ជាក់ពីកញ្ញា កឹម មនោវិទ្យា នៅឡើយទេ។
តែជាការកត់សម្គាល់សង្រ្គាមពាក្យសម្តីក្នុងគណបក្សសង្រ្គោះជាតិរ វាងក្រុមមនុស្សរបស់លោក សម រង្ស៊ី និង ក្រុមមនុស្សរបស់លោក កឹម សុខា នៅប៉ុន្មានថ្ងៃនេះបានផ្ទុះឡើង ជាខ្លាំងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានចេញមកចោទដោយចំហថា លោក ម៉ៅ មុនីវណ្ណ មនុស្សជំនិតលោក កឹម សុខា ក្បត់បក្ស និងធ្វើតាមការបង្គាប់បញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច។

លោក ម៉ៅ មុនីវណ្ណ មិនបានប្រតិកម្មតបតខ្លាំងជាមួយលោក សម រង្ស៊ី នោះទេ គ្រាន់តែបានលើកឡើងថា លោកបន្តគោរពឆន្ទៈរបស់ប្រជាពលរដ្ឋ ដោយមិនរត់ចោល ប្រជាពលរដ្ឋដែលខំជឿជាក់លើលោកនោះឡើយ។ បើទោះបីលោក ម៉ៅ មុនីវណ្ណ មិនតបតតែគេក៏ឃើញ កូនស្រីលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានបង្ហោះសារដោយចំហលើទំព័រ Facebook របស់ខ្លួនបង្ហាញពីអារម្មណ៍ឈឺចាប់ និង វាយបកចំៗទៅលោក សម រង្ស៊ី ផងដែរ។

កញ្ញា កឹម មនោវិទ្យា បានលើកឡើងថា «គាត់ធ្វើនយោបាយជាង២០ឆ្នាំហើយ មិនដែលលាបពណ៌មួលបង្កាច់អ្នកណាទេ។ គាត់ធ្លាប់រងការលាបពណ៌មកយូរហើយ ក៏មិនដែលចងគំនុំនឹងពួកដែលលាបពណ៌គាត់ និងនិយាយពាក្យកុហកបោកប្រាស់ដើម្បីបង្ខូចឈ្មោះគាត់ដែរ។ គាត់គិតតែពីម្យ៉ាងគត់គឺធ្វើយ៉ាងណាឲ្យខ្មែរមានសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ មកទល់ថ្ងៃនេះវិនាទីនេះ គាត់បានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ។ តើបងប្អូនដឹងទេថាគាត់កំពុងនៅទីណា? គាត់កំពុងជាប់ឃុំក្នុងពន្ធនាគារដ៏ឆ្ងាយដាច់សង្វែង! ភរិយាគាត់សុខចិត្តនៅប្រឈមការភ័យខ្លាច មិនរត់ទៅណា ដើម្បីធ្វើដំណើររាប់ម៉ោងមួយជើងៗ ក្នុងការទៅជួបគាត់ សួរសុខទុក្ខ និងពាំនាំបណ្តាំរបស់គាត់មកជូនជនរួមជាតិ»។

កូនស្រីច្បងរបស់លោក កឹម សុខា បានបន្តលើកពីវីរភាពរបស់ឪពុកថា «សូមចាំទុកថា ក្នុងកាលៈទេសៈណាក៏ដោយ កឹម សុខា មិនដែលចុះញ៉ម មិនដែលក្បត់ឆន្ទៈខ្លួន មិនដែលរត់គេច មិនដែលភ្លេចប្រជាពលរដ្ឋ! ទោះរូបកាយគាត់ ត្រូវជាប់ឃុំ តែគ្មាននរណាម្នាក់អាចឃុំឧត្តមគតិគាត់បានឡើយ។ គាត់នៅតស៊ូនិងរឹងមាំជានិច្ច»។

ក្រៅពីលើកបង្ហាញពីវីរភាពរបស់ឪពុក កញ្ញា កឹម មនោវិទ្យា ក៏បានផ្ញើសារបញ្ឈឺចំពោះលោក សម រង្ស៊ី និងក្រុមរបស់លោក ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេសផងដែរ។ កញ្ញា បានលើកឡើងថា «បើអ្នកជាប់ឃុំលះបង់ប៉ុណ្ណេះហើយ តើវាពិបាកណាស់ទៅឬ សម្រាប់អ្នកនៅក្រៅឃុំក្នុងការមិននិយាយពាក្យកុហកបោកប្រាស់ ហើយឲ្យចេះរួមសាមគ្គីគ្នាក្នុងគ្រាលំបាក មិនមែនឆ្លៀតឱកាសវាយប្រហារគ្នាឯង?»។

បើផ្អែកទៅខ្លឹមសារដែលបង្ហាញដោយចំហនៅលើទំព័រ Facebook នេះ និងសារឆ្លើយឆ្លងជាសម្ងាត់ គឺបានបញ្ជាក់ថា កញ្ញា កឹម មនោវិទ្យា កំពុងមានការអាក់អន់ចិត្ត និងខឹងសម្បាខ្លាំងចំពោះលោក សម រង្ស៊ី និងក្រុមរបស់លោក សម រង្ស៊ី ដែលបានចោទប្រកាន់លោក ម៉ៅ មុនីវណ្ណ មនុស្សស្មោះស្ម័គ្រឪពុករបស់ខ្លួន ថាជាជនក្បត់បក្សនោះ៕

អត្ថបទទាក់ទង