ខ្មែរប៉ុស្ដិ៍ Close

អត្ថាធិប្បាយ៖ ត្លុកនយោបាយ សម រង្ស៉ី សម្តែងមួយរឿងនេះ…ឆ្កួតសុទ្ធ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 69
អត្ថាធិប្បាយ៖ ត្លុកនយោបាយ សម រង្ស៉ី សម្តែងមួយរឿងនេះ…ឆ្កួតសុទ្ធ អត្ថាធិប្បាយ៖ ត្លុកនយោបាយ សម រង្ស៉ី សម្តែងមួយរឿងនេះ…ឆ្កួតសុទ្ធ

នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រកាសចេញសេចក្តីថ្លែងការណ៍ ស្តីពីវិធានការដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ ហើយ១០ថ្ងៃក្រោយមក គឺនៅថ្ងៃទី១៣ ខែធ្នូ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្ម មាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលក្នុងមាត្រានោះ បានចែងអំពីបុគ្គល ដែលត្រូវបានតុលាការសម្រេចហាមឃាត់ធ្វើសកម្មភាពនយោបាយ នឹងអាចទទួលបាននូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់បន្ទាប់ពីផុតរយៈពេល នៃការហាមឃាត ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណី ដែលបុគ្គលនោះ ត្រូវបានផ្តល់នូវនីតិសម្បទាឡើងវិញ ដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំរបស់ក្រសួងមហាផ្ទៃ។ ក្រោយការធ្វើ វិសោធនកម្មច្បាប់នេះ យើងឃើញថា ផ្ទៃក្នុងពួកប្រឆាំងបានជ្រើសយកជម្រើសផ្សេងៗគ្នា ប៉ុន្តែ សម រង្ស៉ី និងបក្ខពួកដែលអត់ជម្រើស បានធ្លាក់ក្នុងសភាពស្លន់ស្លោ និងបានប្រកាសចេញដោយត្រង់ៗថា អ្នកណា ក៏ដោយដែលដាក់ពាក្យសុំឲ្យផ្តល់នីតិសម្បទាឡើងវិញ គឺជាជនក្បត់ជាតិ។

ជាត្លុកនយោបាយម្នាក់ ដែលមនុស្សម្នាគេលែងចាប់អារម្មណ៍ ឬក៏ជាជនចម្កួតនយោបាយម្នាក់ ដែលមិនមានឥទ្ធិពលក្នុងឆាកនយោបាយ បាត់ការចាប់អារម្មណ៍ពីអន្តរជាតិ បាត់ការលែងចង់ដឹងឮ លែងចង់ឃើញ លែងចង់ស្តាប់ និងលែងចង់ស្គាល់ ពីសំណាក់អ្នកដែលធ្លាប់គាំទ្រនៅក្នុងប្រទេស សម រង្ស៉ី ក៏ខិតខំ គោះប៉ោត ទូងស្គរ បន្លឺសំឡេងជាថ្មី ជាសំឡេងដ៏អស់សង្ឃឹម ។ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ត្លុកនយោបាយ សម រង្ស៉ី បានបង្ហោះឯកសារក្លែងក្លាយមួយ ដោយបន្លំថាជារបស់គណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណង ញុះញង់អុចអាលឲ្យមានការបែកបាក់នៅផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជា។ វាមិនមែនជាលើកទី១ទេ សម រង្ស៉ី ធ្លាប់លេងល្បែងនេះច្រើនដងណាស់មកហើយ ។ ជននេះ និងបក្ខសពួកធ្លាប់បង្ហោះព័ត៌មានថា សម្តេច ជា ស៊ីម ទទួលមរណភាព ក្នុងពេលដែលសម្តេចនៅមានជីវិតនៅឡើយ។ គេធ្លាប់បំភ្លៃព័ត៌មានថា សម្តេចតេជោ ហ៊ុន សែន មានជំងឺធ្ងន់ធ្ងរស្លាប់មួយចំហៀងខ្លួនបាត់បង់សមត្ថភាពការងារក្នុងពេលដែលសម្តេចកំពុងតែបំពេញ ការងារយ៉ាងសកម្មក្នុងការដឹកនាំរាជរដ្ឋាភិបាល ដោយជោគជ័យ ដែលមិនត្រឹមតែជោគជ័យក្នុងវិស័យសេដ្ឋកិច្ច និងការបរទេសទេ ប៉ុន្តែគឺជោគជ័យក្នុងការរក្សាបានសុខសន្តិភាពជូនប្រជាជន វាយបំបាក់ឲ្យទន់លោងរលាយទាំងស្រុងនូវចលនាបដិវត្តន៍ពណ៌រហូតដល់រំលាយចោលគណបក្សសង្គ្រោះជាតិ ក្លាយទៅជាផេះ កឹម សុខា ត្រូវជាប់គុក ឯសម រង្ស៉ី រត់ចោលស្រុកគេចពីច្រវាក់ គេចពីគុករហូត មកដល់សព្វថ្ងៃ។

ធ្លាក់ក្នុងស្ថានភាពបាត់បង់ម្ចាស់ការ និងអស់សង្ឃឹមកាន់តែខ្លាំង រឿងអីក៏ សម រង្ស៉ី ហ៊ានធ្វើដែរ។ ប៉ុន្តែការធ្វើរឿងមួយនេះ មិនមែនត្រឹមតែបង្ហាញឲ្យឃើញថា សម រង្ស៉ី កាន់តែឆ្កួតទេ ប៉ុន្តែវាហួសពីឆ្កួតរាប់រយដងទៅទៀត។ មានទម្ងន់អី? មានភស្តុតាងអី? មានទឡ្ហីករណ៍អី? ហើយមានសង្ឃឹមប៉ុន្មានទៅ ដែលហ៊ានក្លែងឯកសារយកមកបង្ហោះមួលបង្កាច់ ប៉ុនប៉ងបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ។

ពេលនេះគណបក្សប្រជាជនកម្ពុជាកាន់តែរឹងមាំ ពោលគឺ រឹងមាំជាងពេលណាៗទាំងអស់។ គណបក្សមួយនេះ មិនដែលដឹកនាំឲ្យប្រទេសជាតិធ្លាក់ទៅក្នុងគ្រោះមហន្តរាយ និងភាពចលាចលម្តងណាឡើយ។ ផ្ទុយទៅវិញការសម្រេចចិត្តដ៏ត្រឹមត្រូវខាងនយោបាយរបស់គណបក្ស បានធ្វើឲ្យទប់ស្កាត់ទាន់ ពេលវេលានូវគ្រោះថ្នាក់សម្រាប់ប្រទេសជាតិ ដែលបណ្តាលមកពីចលនាបដិវត្តន៍ពណ៌ដឹកនាំដោយ សម រង្សី និង កឹម សុខា។ ប្រជាជនកម្ពុជាភាគច្រើនលើសលប់ទទួលស្គាល់សមត្ថភាពដឹកនាំគ្មានគូប្រៀបរបស់ គណបក្សប្រជាជនកម្ពុជា ហើយបាននាំគ្នាចេញទៅបោះឆ្នោតគាំទ្រគណបក្ស ដើម្បីពួកគេទទួលបានមក នូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ។ ប្រជាជនភាគច្រើនបំផុតបាននិងកំពុងទទួលផល ផ្លែផ្កាពីការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាល ហើយពួកគេកំពុងរស់នៅប្រកប ដោយភាពសុខដុមរមនាក្នុងសង្គមជាតិ ដ៏ស៊ីវិល័យមានការគោរពសិទ្ធមនុស្ស និងការអនុវត្តលទ្ធិប្រជាធិប តេយ្យយ៉ាងទូលំទូលាយបំផុត ។

តើ សម រង្សី ទើបតែងើបចេញពីក្រហែងណាមក បានជាមើលមិនឃើញ ហើយមិនយល់ពីអ្វីសោះ យ៉ាងនេះ ។ គណបក្សខ្លួនឯងរលំរលាយ ចែកចាន ចែកឆ្នាំង ចែកបង្វេចគ្នារត់ប្រាស់អាយុ រកតែទីជម្រក ច្រកសឹងមិនបាន បែរជាមកបង្ហោះក្រដាសមួយសន្លឹកសរសេរមិនទាំងត្រូវជ្រុងផង ហើយដេកយល់សប្តិថា គណបក្សប្រជាជននឹងបែកបាក់គ្នា។ ពិបាកបំផុត គឺពន្យល់មនុស្សឆ្កួតឲ្យយល់បានត្រឹមត្រូវដូចមនុស្សជា។ ប៉ុន្តែទោះជាឆ្កួតដល់កម្រិតណា ក៏ សម រង្ស៉ី អាចគិតឃើញបន្តិចបន្តួចដែរថា គ្មានអ្នកគេល្ងង់លោតចោលសំពៅទៅតោងសំណាត់ដើមចេក ដែលអណ្តែតអត់កោះអត់ត្រើយកណ្តាលមហាសាគរនោះទេ៕

ដោយ៖ លី ទួង

អត្ថបទទាក់ទង