ប្រមុខការទូតចិន ប្រាប់សម្តេចតេជោ ហ៊ុន សែន ថាចិននឹងនាំចូលផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិនឱ្យកាន់តែច្រើន ដើម្បីប្រយោជន៍កសិករខ្មែរ
លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានអះអាងប្រាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា ចិននឹងនាំចូលផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិនឱ្យបានកើនតែច្រើន ដើម្បីប្រយោជន៍សម្រាប់កសិករខ្មែរ។ ការអះអាងបែបនេះ បានធ្វើឡើងក្នុងជំនួបជាមួយសម្តេចតេជោ នៅវិមានសន្តិភាព នាព្រលប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងជំនួប នោះ សម្តេចបានលើកបញ្ហាកសិផលជាមួយ លោក វ៉ាង យី ស្តីពីការនាំកសិផលកម្ពុជាត្រង់ទៅកាន់ប្រទេសចិន ដែលក្នុងនោះដូចជាមៀនប៉ៃលិនជាដើម។
សម្តេចបានបញ្ជាក់ថា ចិនកំពុងបើកទូលាយទីផ្សារ ហើយ នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិន ដែលនឹងចូលជាធរមាននៅពេលខាងមុខ យើងនឹងអាចប្រើប្រាស់ទីផ្សាររបស់ចិន និងទទួលបានផលប្រយោជន៍ពីទីផ្សាររបស់ចិន។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្រឹងប្រែងឱ្យអស់លទ្ធភាព ជាមួយនឹងការប្តេជ្ញាជួយពីមិត្តចិន។
ឆ្លើយតបនឹងការលើកឡើងនេះ លោក វ៉ាង យី បានថ្លែងថា ការលំបាករបស់ប្រជាជនកម្ពុជា គឺជាការលំបាករបស់ប្រជាជនចិន។ យើងនឹងពួតដៃគ្នាជាមួយប្រទេសកម្ពុជា ដើម្បីជួយកម្ពុជាឱ្យបានកាន់តែច្រើន។
លោកអះអាងថា ចិននឹងគាំទ្រវិស័យកសិកម្មនៅកម្ពុជា។ ប្រទេសចិននឹងនាំចូលផលិតផលកសិកម្មពីប្រទេសកម្ពុជាទៅកាន់ទីផ្សារចិនឱ្យបានច្រើន ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់កសិករកម្ពុជា។
សូមជម្រាបថា មកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជាចំនួន៦មុខ ត្រូវបានភាគីចិនអនុញ្ញាតឲ្យនាំចេញ ដោយផ្ទាល់គឺ អង្ករ ចំណិតដំឡូងមីក្រៀម ស្វាយចន្ទី ចេក និងផ្លែស្វាយស្រស់៕ Fresh News