ខ្មែរប៉ុស្ដិ៍ Close

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំប្រតិភូអន្តរក្រសួងចុះប្រជុំត្រួតពិនិត្យ និងពិភាក្សាពីស្ថានភាពនានារបស់ប៉ុស្តិ៍ត្រួតពិនិត្យតាមព្រំដែនក្នុងខេត្តតាកែវ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៩ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 55
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំប្រតិភូអន្តរក្រសួងចុះប្រជុំត្រួតពិនិត្យ និងពិភាក្សាពីស្ថានភាពនានារបស់ប៉ុស្តិ៍ត្រួតពិនិត្យតាមព្រំដែនក្នុងខេត្តតាកែវ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំប្រតិភូអន្តរក្រសួងចុះប្រជុំត្រួតពិនិត្យ និងពិភាក្សាពីស្ថានភាពនានារបស់ប៉ុស្តិ៍ត្រួតពិនិត្យតាមព្រំដែនក្នុងខេត្តតាកែវ

តាកែវ៖ នៅថ្ងៃ០៩ ខែឧសភា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូអន្តរក្រសួងចុះប្រជុំត្រួតពិនិត្យ និងពិភាក្សា សិក្សាស្វែងយល់ពីស្ថានភាពនានារបស់ប៉ុស្តិ៍ត្រួតពិនិត្យនៅតាមព្រំដែនក្នុងខេត្តតាកែវ ដោយមានការចូលរួមពីសំណាក់លោក អ៊ូច ភា អភិបាលខេត្តតាកែវ លោកស្នងការនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថ ប្រធានច្រកទ្វាទាំងអស់នៅក្នុងខេត្តតាកែវ និងមន្ត្រីពាក់ព័ន្ធនានានៅក្នុងខេត្ត។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានជម្រាបជូនពីគោលបំណងនៃការចុះមកនេះ គឺដើម្បីពិភ្សាស្វែងយល់ពីស្ថានភាពនានា បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពររបស់ប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វា ដើម្បីធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល។ ជាមួយគ្នានោះ លោកបានលើកឡើងពីតួនាទីដ៏មានសារៈសំខាន់របស់ប៉ុស្តិ៍ច្រកទ្វាតាមព្រំដែន គឺជាប៉ុស្តិ៍ជួរមុខក្នុងការការពារបូរណភាពទឹកដី ហើយក៏មានតួនាទីក្នុងការត្រួតពិនិត្យការចរាចរណ៍ទំនិញ មនុស្ស និងមធ្យោបាយចេញចូល រក្សាសន្តិសុខតាមបន្ទាត់ព្រំដែនជូនប្រជាពលរដ្ឋ ក៏ដូចជារកថវិកាជូនជាតិ។ ទន្ទឹមនឹងនោះ យើងក៏ត្រូវលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយភាគីជាប់ព្រំដែនរបស់យើង គឺជាបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើរបាយការណ៍ជូនប្រតិភូអំពីស្ថានភាពទូទៅនៅក្នុងខេត្ត ការងារសន្តិសុខ សណ្តាប់ធ្នាប់ ការងារបោះបង្គោលព្រំដែន ក៏ដូចជាការងារ ព្រំដែនក្នុងខេត្តតាកែវ និងកិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែន ដែលបាននិងកំពុងដំណើរការទៅយ៉ាងរលូន និងល្អប្រសើរ។ បន្ថែមពីនោះលោកក៏បានស្នើដល់លោកប្រធានច្រកទ្វាព្រំដែនអន្តរជាតិភ្នំដិន ច្រកទ្វាទ្វេភាគីកំពង់ក្រសាំង និងច្រកទ្វាតំបន់បាក់ដាយ រាយការណ៍ជូនប្រតិភូអំពីស្ថានភាពជាក់ស្តែង គ្រប់គ្រង និងការអនុវត្តតួនាទីនៅតាមភូមិសាស្ត្រច្រកទ្វានីមួយៗ ដើម្បីបានស្វែងយល់កាន់តែច្បាស់។

ក្នុងឱកាសនៃការដឹកនាំប្រតិភូអន្តរក្រសួង ចុះសិក្សាស្វែងយល់អំពីស្ថានភាពប៉ុស្តិ៍ច្រកទ្វាព្រំដែននៅក្នុងខេត្តតាកែវនេះ លោករដ្ឋលេខាធិការ និងប្រតិភូអម ក៏បានចុះត្រួតពិនិត្យជាក់ស្តែងដល់ទីតាំងប៉ុស្តិ៍ត្រួតពិនិត្យទ្វេភាគីកំពង់ក្រសាំង ស្ថិតក្នុងស្រុកបូរីជលសារ និងប៉ុស្តិ៍អន្តរជាតិភ្នំដិន ស្ថិតក្នងស្រុកគិរីវង់ផងដែរ។

ឆ្លៀតក្នុងឱកាសចុះត្រួតពិនិត្យជាក់ស្តែងនៅតាមប៉ុស្តិ៍ទាំងពីរ លោកប្រធានប្រតិភូក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញតួនាទីរបស់កងកម្លាំងទាំងអស់ និងបានផ្តាំផ្ញើរដល់កងកម្លាំងដែលឈរជើងនៅទីនោះ ត្រូវបន្តយការចិត្តទុកដាក់ដើម្បីការពារថែរក្សានូវបូរណភាពទឹកដីរបស់យើងបានល្អ បន្តថែរក្សា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យបានល្អជាមួយភាគីមិត្ត ដើម្បីធ្វើយ៉ាងណាឱ្យបន្ទាត់ព្រំដែនរបស់យើង គឺជាបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ទន្ទឹមនឹងនោះ យើងត្រូវខិតខំធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋ មប្រើប្រជាពលរដ្ឋ ផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ចូលរួមពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ហើយធ្វើយ៉ាងណាកុំបង្កបញ្ហាដល់ប្រជាពលរដ្ឋដែលឆ្លងដែនត្រឹមត្រូវ៕

អត្ថបទទាក់ទង