ខ្មែរប៉ុស្ដិ៍ Close

ការនាំចេញអង្កររបស់កម្ពុជា មានការកើនឡើង ៣,៥៣ភាគរយ ក្នុងខែកក្កដាកន្លងទៅនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 41
ការនាំចេញអង្កររបស់កម្ពុជា មានការកើនឡើង ៣,៥៣ភាគរយ ក្នុងខែកក្កដាកន្លងទៅនេះ ការនាំចេញអង្កររបស់កម្ពុជា មានការកើនឡើង ៣,៥៣ភាគរយ ក្នុងខែកក្កដាកន្លងទៅនេះ

ការនាំចេញអង្កររបស់កម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០២១នេះ បានចំនួន២៩,៤១៥ តោន គិតជាទឹកប្រាក់ចំនួនជាង ២១លានដុល្លារ មានការកើនឡើងចំនួន ៣,៥៣% បើធៀបទៅនឹងបរិមាណនាំចេញក្នុងខែកក្កដា ឆ្នាំ ២០២០ ឬ កើន ១១,១០% បើធៀបទៅបរិមាណ នាំចេញក្នុងខែកក្កដា ឆ្នាំ២០១៩។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករ ដែលវិទ្យុជាតិទទួលបាន ទោះបីជា ស្ថានភាពនៃកង្វះទូកុងតឺន័រ នៅតែបន្ត តម្លៃកប៉ាល់ទៅកាន់ទីផ្សារនៅក្នុងសហគមន៍អ៊ឺរ៉ុបនៅតែបន្តឡើងថ្លៃ តែស្ថានភាពទីផ្សារនៃការនាំចេញអង្ករកម្ពុជា នៅតែ ដំណើរការជាបន្តបន្ទាប់ ដោយការបំពេញការនាំចេញលើកិច្ចសន្យាដែលខកខាន ឬ ពន្យារពេលកន្លងមក។ ដោយក្នុងខែកក្កដា ឆ្នាំ២០២១នេះ ការនាំចេញអង្កររបស់កម្ពុជា បានចំនួន ២៩,៤១៥ តោនគិតជាទឹកប្រាក់ចំនួន ជាង២១លានដុល្លារ មានការកើនឡើងចំនួន ៣,៥៣ភាគរយ បើធៀបទៅនឹងបរិមាណនាំចេញក្នុងខែកក្កដា ឆ្នាំ ២០២០ ឬ កើន ១១,១០% បើធៀបទៅបរិមាណនាំចេញ ក្នុងខែកក្កដា ឆ្នាំ២០១៩។ សម្រាប់ខែកក្កដានេះ ការនាំចេញអង្ករក្រអូបប្រណិតបានចំនួន ៤៥%, អង្ករក្រអូបធម្មតា( សែនក្រអូប) ៣៥%, អង្ករស បាយទន់ ១៧% ហើយអង្ករចំហុយបានចំនួន ៣% ដែលអង្ករទាំងនោះចំនួន ៣៦,២១% ទៅកាន់សហគមន៍អ៊ឺរ៉ុប ៣៦,១៣% នាំទៅ កាន់ប្រទេសចិន ៧,៨៨%ទៅកាន់ទីផ្សារសហគមន៍អាស៊ាន និង ១៩,៧៩%ទៅកាន់ទីផ្សារផ្សេងៗចំនួន ២២ គោលដៅដូចជា ហ្កាប៊ុង អូស្ត្រាលី អង់គ្លេស ញូវហ្សេលិន..ជាដើម។

សហព័ន្ធស្រូវអង្ករបានឱ្យដឹងទៀតថា សម្រាប់ការនាំចេញស្រូវ ជាពិសេសស្រូវប្រាំងដែលបាននិងកំពុងប្រមូលផល ក្នុងខែកក្កដា នេះ បានចំនួន ៣២៥,៤២៨ តោន គិតជាទឹកប្រាក់ចំនួនប្រមាណជា៧៨លានដុល្លារអាមេរិក។ ការនាំចេញស្រូវក្នុងខែកក្កដា ឆ្នាំ២០២១ នេះ មានការកើនឡើងគួរឱ្យកត់សំគាល់ ទោះបីជាមានការរាំងស្ទះខ្លះដោយសារវិធានការសុវត្ថិភាពប្រឆាំងកូវីដ ១៩ នៅតាមព្រំដែនជាមួយ ប្រទេសវៀតណាម ត្រូវបានរឹតបន្តឹងក៏ដោយ។

សហព័ន្ធស្រូវអង្ករបានបញ្ជាក់ទៀតថា ការនាំចេញអង្ករក្នុងរយៈពេល៧ខែឆ្នាំ២០២១នេះ ចាប់ផ្តើមងើបឡើងបន្តិច ខណៈការនាំចេញ អង្ករជារួម បានចំនួន ៣០៩,៨៦៥ តោន គិតជាទឹកប្រាក់ចំនួន ២២៣លានដុល្លារ ចំណែការនាំចេញស្រូវបានចំនួន ២,០០៨,២៤១ តោន គិតជាទឹកប្រាក់ចំនួន ជាង ៥០៣លានដុល្លារ។ ចំណូលសម្រាប់វិស័យស្រូវអង្ករកម្ពុជា បានពីការនាំចេញ មានចំនួន ជាង៧២៦លាន ដុល្លារអាមេរិក។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា បាននិងកំពុងប្រមូលផលស្រូវប្រាំងជុំទី២ ចន្លោះពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១ លើផ្ទៃដី ៥៦៣, ៣៩៤ហិកតា ហើយរំពឹងថានឹងទទួលបានទិន្នផលខ្ពស់៕

ប្រភព៖ វិទ្យុជាតិកម្ពុជា