ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនកំណត់ពេលវេលាកាន់អំណាចជានាយករដ្ឋមន្រ្តី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 42
សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនកំណត់ពេលវេលាកាន់អំណាចជានាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនកំណត់ពេលវេលាកាន់អំណាចជានាយករដ្ឋមន្រ្តី

សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ បានប្រកាសសង្កត់ធ្ងន់ៗថា សម្តេចមិនកំណត់ពេលវេលា ក្នុងការកាន់អំណាចជានាយករដ្ឋមន្រ្តីឡើយ។ ចំពោះការប្រកាសបែបនេះសម្តេចអះអាងថា មិនមែនជាការប្រកាសក្នុងនាមជាមេដឹកនាំប្រទេសបែបផ្តាច់ការឡើយ។

ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនក្មេង និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានបុគ្គលមួយចំនួន ដែលតែងតែប្រឆាំងនឹងសម្តេច បានចោទប្រកាន់មិនឈប់មិនឈរថាសម្តេចជាមេដឹកនាំផ្តាច់ការ។

ប៉ុន្តែបើតាមប្រសាសន៍សម្តេចតេជោ, ការដឹកនាំរបស់សម្តេច បានធ្វើឲ្យប្រជាជនពេញចិត្ត និងគាំទ្រជានិច្ច ដែលបានបង្ហាញតាមរយៈចលនាជាតិនានា ដូចជា ការចូលរួមភាគទានទិញវ៉ាក់សាំង និងសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពសង្គមទាំងឡាយផង។

សម្តេចមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «បើអ្នកណាផ្តាច់ការកាន់តែខ្លាំង សម្លាប់គេកាន់តែច្រើន គេវ៉ៃវិញកាន់តែលឿន។ ខ្ញុំមិនបានទៅសម្លាប់នរណាទេ […] ឥឡូវខ្ញុំលែងកំណត់ពេលវេលា នៃការស្ថិតនៅជានាយករដ្ឋមន្ត្រីរបស់ខ្ញុំ ធ្វើទាល់តែខ្ញុំលែងចង់ធ្វើ»។

សម្តេចណែនាំទៅក្រុមប្រឆាំងបន្តថា «កុំមកនិយាយថា រដ្ឋាភិបាលនេះផ្តាច់ការ ព្រោះបើផ្តាច់ការប្រជាជនមិនមែននៅជាមួយទេ។ គ្មាននរណា ផ្តាច់ការជាង ប៉ុល ពត នោះទេ តែគេនៅបានតែ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ចំណែកឯ ហ៊ុន សែន ដឹកនាំរាជរដ្ឋាភិបាល ជាង៤២ឆ្នាំ»។

សូមជម្រាបថា កាលពីដើមឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសថា សម្តេចចង់បន្តកាន់អំណាចជានាយករដ្ឋមន្ត្រី ១០ឆ្នាំទៀត៕ Fresh News

អត្ថបទទាក់ទង