អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់និងស៊ីណូហ្វាម នឹងទទួលបានវ៉ាក់សាំង AstraZeneca សម្រាប់ដូសជំរុញ (ដូសទី៣)
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជានឹងចាក់វ៉ាក់សាំងដូសទី ៣ (ដូសជំរុញ) បន្ថែមទៀតដល់ពលរដ្ឋរបស់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពរបស់អង្គបដិបក្ខ (អង់ទីករ) របស់ពួកគេ ទប់ទល់នឹងវីរុសកូវីដ-១៩ ជាពិសេសគឺវីរុសបម្លែងខ្លួនថ្មីដែលតា (Delta)។ លោកបានមានប្រសាសន៍ថា សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងបានចំនួន ២ ដូសរួចរាល់ហើយ នឹងត្រូវចាក់ដូសទី ៣ បន្ថែមទៀតនៅរយៈពេល ៦ ខែក្រោយ ដែលក្នុងនោះ អ្នកដែលបានចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ និងស៊ីណូហ្វាម រួច នឹងត្រូវចាក់វ៉ាក់សាំង AstraZeneca សម្រាប់ដូសទី ៣។
លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនក្មេងៗ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ដែលពិធីនេះប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។