ខ្មែរប៉ុស្ដិ៍ Close

សត្វពង្រូលដែលចាស់ៗតែងនិយាយថា ពេលវាជួបសត្រូវវាមូលខ្លួនដូចបាល់

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី៩ ខែឧសភា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 80
សត្វពង្រូលដែលចាស់ៗតែងនិយាយថា ពេលវាជួបសត្រូវវាមូលខ្លួនដូចបាល់ សត្វពង្រូលដែលចាស់ៗតែងនិយាយថា ពេលវាជួបសត្រូវវាមូលខ្លួនដូចបាល់

មាន​មនុស្ស​ជាច្រើន​មិន​បាន​ដឹង​ទេ។ ​វា​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ ជា​សត្វ​ពង្រូល​មាន​ស្រកា។ ​ក្រុម​អ្នក​អភិរក្ស​និយាយ​ថា​ វា​ជា​ថនិក​សត្វ​ដែល​ត្រូវ​គេ​ជួញដូរខុ​ស​ច្បាប់​ច្រើន​បំផុត​ក្នុង​ពិភពលោក។​

ទស្សនាវីដេអូនៅខាងក្រោម

រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​កំពុង​ត្រូវ​បាន​ស្នើ​ឲ្យកំណត់​សត្វ​ប្រាំពីរ​ប្រភេទ​ថា​ ជា​សត្វ​ជិត​ផុត​ពូជ។​

លោកស្រី ​Rosalyn Morrison ​នៃ​អង្គការ​ Born Free USA ​និយាយ​ថា​ មាន​ម្តងនោះ​ មាន​សត្វ​ពង្រូល​រស់​នៅ​ច្រើន​ក្នុង​តំបន់​ដ៏​ធំ​នៃ​ទ្វីប​អាស៊ី​ និង​អនុតំបន់​សាហារ៉ា​នៃ​ទ្វីប​អាហ្វ្រិក។​

«តាម​ពិត​ទៅ​ឥឡូវ​នេះ​សត្វ​ពង្រូល​គឺ​ជា​ថនិក​សត្វ​ដែល​រង​ការ​គំរាម​កំហែង​ច្រើន​ជាង​គេ​បំផុត ​នៅ​ក្នុង​ពិភព​លោក។​ ហើយ​មាន​សត្វ​ពង្រូល​ប្រាំបី​ប្រភេទ​ក្នុង​ពិភពលោក​នេះ ​គឺ​សត្វ​ពង្រូល​បួន​ប្រភេទ​នៅ​ក្នុង​តំបន់​អាស៊ី ​និង​ពង្រូល​បួន​ប្រភេទ​នៅ​តំបន់​អាហ្រ្វិក។​ ពង្រូល​ជា​ថនិកសត្វ​មាន​ស្រកា​រុំព័ទ្ធ​ពេញ​ខ្លួន​វា​តាំងពី​ក្បាល​ទៅ​ដល់​កន្ទុយ។

ស្រកា​ពង្រូល​កើត​ពី​ជាតិ​ស្នែង​ដែល​ជា​ធាតុ​ផ្សំ​ ដូច​គ្នានឹង​ក្រចក​របស់​យើង​ដែរ‍»។​

អង្គការ​ Born Free USA ​និង​អង្គការ​ដទៃ​ទៀត​បាន​ស្នើ​សុំ​ឲ្យ​ដាក់​បញ្ចូល​ពូជពង្រូល​ប្រាំពីរ​នៃ​ពូជ​ពង្រូល​ប្រាំបី​ប្រភេទ​ចូល​ក្នុង​ច្បាប់​របស់​ស.រ.អា.​ការពារ​សត្វ​ជិត​ផុត​ពូជ។​ ពង្រូល​មួយ​ប្រភេទ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​រួច​ហើយ​ថា ​ជា​សត្វ​ជិត​ផុត​ពូជ។​

«ពួក​វាជា​ទូទៅ​កំពុង​ជិត​ផុតពូជ​ ពីព្រោះ​ផ្នែក​ខ្លះ​នៃ​តំបន់​អាស៊ី​និង​ផ្នែក​ខ្លះ​នៃ​តំបន់​អាហ្រ្វិក​ជឿ​ថា ​ស្រកា​របស់​ពង្រូល​ មាន​គុណភាព​ជា​ឱសថ​សម្រាប់​ព្យាបាល។ ​ហើយ​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​ជាច្រើន​ នៅ​ក្នុង​តំបន់​អាស៊ី ​និង​អាហ្វ្រិក ​គេ​ខិតខំ​ក្រៃលែង​ស្វែង​រក​ស្រកា​ និង​សាច់​របស់​ពង្រូល​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ​មាន​គុណភាព​ពិសេស»។

ប្រទេស​ចិន​និង​វៀតណាម​ជា​ទីផ្សារ​ធំ​បំផុត​នៃ​ផលិត​ផល​សត្វ​ពង្រូល​ខុស​ច្បាប់​ ដូច​ភ្លុក​ដំរី​ និង​ស្នែង​រមាស​ដែរ។​

«បើ​ទោះ​បី​សត្វ​ពង្រូល​ជា​សត្វ​ជិត​ផុតពូជ​ទៅ​ហើយ​ក៏​ដោយ​ ក៏​មនុស្ស​ភាគច្រើន​មិន​បាន​ដឹង​ថា ​មាន​សត្វ​ពង្រូល​ផង​ទេ។​ សត្វ​នេះ​អាច​វិនាស​អស់​ទៅ ​នៅ​មុន​ពេល​ដែល​មនុស្ស​បាន​ដឹង​ឮ​អំពី​ពួក​វា។​ មូលហេតុ​ដែល​មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង​អំពី​សត្វ​ពង្រូល​ គឺ​មកពី​សត្វ​នេះ​ជា​សត្វ​ចេញ​រក​ស៊ី​ពេល​យប់។ ​សត្វ​នេះ​ពូកែ​លាក់​ខ្លួន​ណាស់។​ ដូច្នេះ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ពិបាក​ស្វែងរក​សត្វ​ពង្រូល​នៅ​ក្នុង​ព្រៃ​ណាស់ ហើយ​ ពង្រូល​មិន​អាច​បង្កាត់​ពូជ​កន្លែង​ចិញ្ចឹម​បាន​ទេ។​ នៅ​ក្នុង​សួន​សត្វកម្រ​ឃើញ​មាន​សត្វ​ពង្រូល​ណាស់​ បើ​មាន​គឺ​មាន​តិច​តួច​ប៉ុណ្ណោះ។​ ខ្ញុំ​គិត​ថា ​មានសត្វ​ពង្រូល​តិចណាស់​នៅ​ក្នុង​សួន​សត្វ​នៅ​ទូទាំងពិភព​លោក។​

លោកស្រី ​Morrison ​និយាយ​ថា​ ចំនួន​សត្វ​ពង្រូល​កំពុង​ធ្លាក់ចុះ​យ៉ាង​លឿន។

«យើង​បាន​រក​ឃើញ​ថា​ សត្វ​ពង្រូល​ច្រើន​ជាង​៩៦​ម៉ឺន​ក្បាល​ត្រូវ​បាន​ ជួញ​ដូរ​ដោយ​ខុស​ច្បាប់ ​ជាង​មួយ​ទស​វត្សរ៍​កន្លង​មក​នេះ។ ​ដូច្នេះ​ នៅ​ពេល​ដែល​លោក​អ្នក​ប្រៀបធៀប​ចំនួន​សត្វ​ពង្រូល​ ជា​មួយ​ចំនួន​សត្វដំរី ​និង​សត្វ​រមាស​ដែល​ត្រូវ​គេ​ជួញ​ដូរ​នោះ ​នោះ​អ្នក​នឹង​ឃើញ​ថា​ សត្វ​ពង្រូល​មាន​ចំនួន​ច្រើន​ជាង​ខ្លាំង​ណាស់»។​

មាន​ទីផ្សារ​មួយ​នៅ​ក្នុង​ស.រ.អា.​ សម្រាប់​ផលិត​ផល​សត្វពង្រូល​ខុស​ច្បាប់។ ​ការ​បញ្ចូល​ថនិក​សត្វ​នេះ​ក្នុង​ច្បាប់​ការពារ​សត្វព្រៃ​ជិត​ផុតពូជ ​វា​នឹង​អាច​ហាម​ឃាត់​ការ​នាំចូល ​ការ​លក់​ពង្រូល​និង​ការ​លក់​ចំណែក​នៃ​ខ្លួន​ប្រាណ​(គ្រឿងគ្រូវ)​របស់​វា។ ​លោកស្រី ​Morrison​ និយាយ​ថា ​វា​ក៏​នឹង​បង្កើន​ការ​យល់​ផង​ដែរ​ដឹង​អំពី​ថនិក​សត្វ​ដែល​មាន​អណ្តាត​វែង ​និង​ស្អិត​នេះ។​

លោកស្រី​និយាយ​ថា​ ការ​បាត់បង់​សត្វ​ពង្រូល​អាច​នាំ​ឲ្យ​ខូច​ប្រព័ន្ធ​អេកូឡូស៊ី។

«សត្វ​ពង្រូល​រក្សា​តុល្យភាព​សត្វ​ល្អិត។ ​វា​ស៊ី​ស្រមោច ​និង​ សត្វ​កណ្ដៀរ។​ ដូច្នេះ​ប្រសិន​បើ​យើង​បាត់បង់​សត្វ​ពង្រូល​នោះ​នឹង​មាន​ផល​ប៉ះពាល់​ខ្លាំង​លើ​ប្រព័ន្ធ​អេកូឡូស៊ី។​អង្គការ​ Born Free USA ​បាន​ចូល​រួម​ជាមួយ​អង្គការ​នានា​ ដូចជា​មជ្ឈមណ្ឌល​ជីវសាស្រ្ត​ចម្រុះ​ សង្គម​មនុស្សធម៌​អន្តរជាតិ​ សង្គម​មនុស្សធម៌​នៃ​ស.រ.អា.​ និង​មូលនិធិ​អន្តរជាតិ​ដើម្បី​សុខុមាលភាព​សត្វ​ក្នុង​ការ​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​ស.រ.អា.​នេះ៕

  • សូមទស្សនាវីដេអូ