ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាមានមហិច្ឆតាធ្វើទំនើបកម្មវិស័យកសិកម្មឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី៩ ខែកក្កដា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 23
កម្ពុជាមានមហិច្ឆតាធ្វើទំនើបកម្មវិស័យកសិកម្មឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ កម្ពុជាមានមហិច្ឆតាធ្វើទំនើបកម្មវិស័យកសិកម្មឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា ក្រសួងកសិកម្មមានមហិច្ឆតាក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មឱ្យកាន់តែមានភាពប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព ដែលនឹងនាំមកនូវការបង្កើនប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពយូរអង្វែងសម្រាប់ប្រជាជនកម្ពុជា ។

ការលើកឡើងបែបនេះ ធ្វើឡើង នៅក្នុងឱកាសលោក អញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក.ជ.វ.ប.ន) តាមប្រព័ន្ធអនឡាញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ដឹកនាំដោយ លោកកិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន ក.ជ.វ.ប.ន ដើម្បីធ្វើការពិនិត្យ ពិភាក្សា កំណត់ទិសដៅការងារ និងអនុម័តលើឯកសារពាក់ព័ន្ធ និងផ្តល់ធាតុចូលលើសេចក្តីថ្លែងការណ៍រួម ក្នុងទិសដៅគាំទ្រនិងជំរុញដល់ការអនុវត្តន៍ការងារ ក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ របស់កម្ពុជានាពេលអនាគត ។

លោក វេង សាខុន បានលើក ឡើងថា គោលនយោបាយអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០២១- ២០៣០ គោលដៅចម្បងគឺបង្កើនតម្លៃបន្ថែម និងបង្កើនផលិតភាពពលកម្មកសិកម្ម ឆ្លើយតបទៅនឹងវឌ្ឍនាការនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងបច្ចេកវិទ្យាឌីជីថល ពិសេសក្របខណ្ឌគោលនយោ បាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ របស់រាជរដ្ឋាភិបាល ។

លោកបញ្ជាក់ថា ក្រសួងកសិកម្មបន្តជំរុញកំណើនកសិកម្មដោយភាពប្រកួតប្រជែងខ្ពស់ តាមរយៈការផ្តល់សេវាកម្មប្រកប ដោយតម្លាភាព គុណភាព សុវត្ថិភាព ធានាដល់ការផ្គត់ផ្គង់ស្បៀងអាហារ និងអាហារូបត្ថម្ភគ្រប់គ្រាន់ ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងដី ធនធានព្រៃឈើ និងជលផលប្រកប ដោយចីរភាព និរន្តរភាព និង ភាតរបរិស្ថាន។

លោកបញ្ជាក់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជំរុញផលិតភាព និងកំណើនវិស័យកសិកម្មដោយចីរភាព។ ដូចនេះ ប្រព័ន្ធស្រាវជ្រាវកសិកម្មជាតិមួយនឹងត្រូវបានពង្រឹង និងពង្រីកឱ្យមានប្រសិទ្ធភាព ដើម្បីសម្រេចបាននូវទស្សនៈវិស័យច្បាស់លាស់គឺ៖ “បង្កើត និងផ្ទេរវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សមស្រប សម្រាប់ទំនើបកម្មវិស័យកសិកម្ម។

លោកបញ្ជាក់ថា ក្នុងគោលបំណងបង្កើនសមត្ថភាព និងពង្រឹងប្រព័ន្ធស្រាវជ្រាវកសិកម្មជាតិមួយឱ្យបានរឹងមាំ គឺចាំបាច់ត្រូវមាន “គោលនយោបាយស្រាវជ្រាវកសិកម្ម” ដែលនឹងចង្អុលទិសសម្រាប់អនុវត្តការងារឱ្យបានច្បាស់លាស់ ជាមួយនឹងគោលការណ៍លើកទឹកចិត្តដល់អ្នកស្រាវជ្រាវទាំងអស់ ជាពិសេសនៅក្នុងស្រទាប់យុវជនដែលទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ។

គាំទ្រឱ្យមាន “មូលនិធិស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍” សម្រាប់អង្គភាព ស្រាវជ្រាវទាំងអស់ ពិសេសអង្គភាពស្រាវជ្រាវផ្នែកវិស័យកសិកម្ម។ លោកបញ្ជាក់ថា ក្រសួងនឹងធ្វើការសិក្សាលម្អិតអំពីលទ្ធភាព បង្កើត “បណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្ម” នាពេលខាងមុខ ព្រមទាំង រៀបចំបង្កើតក្រុមការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាសេនាធិការសម្រាប់វិស័យកសិកម្ម ដើម្បីជួយពិនិត្យ វាយតម្លៃ និងសម្របសម្រួលការងារជាមួយ ក.ជ.វ.ប.ន ។

សូមបញ្ជាក់ថា កិច្ចប្រជុំបានឯកភាពជាឯកច្ឆន្ទធ្វើការអនុម័តលើការរៀបចំផែនទីបង្ហាញផ្លូវក្នុងការអនុវត្តន៍បច្ចេកវិទ្យាអាទិភាពចំនួន៣គឺ ៖ ទី១- បច្ចេកវិទ្យាអប់រំ ទី២- បច្ចេកវិទ្យាសុខាភិបាល និងទី៣-បច្ចេកវិទ្យាកសិកម្ម ៕

អត្ថបទទាក់ទង