ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន ចុះសួរសុខទុក្ខកងទ័ពជួរមុខកំពុងបំពេញភារកិច្ចការពារជាតិនៅទិសយោធភូមិភាគទី៣

ដោយ៖សូ សែនឬទ្ធា | ថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ ព័ត៌មានទូទៅ 597
ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន ចុះសួរសុខទុក្ខកងទ័ពជួរមុខកំពុងបំពេញភារកិច្ចការពារជាតិនៅទិសយោធភូមិភាគទី៣ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន ចុះសួរសុខទុក្ខកងទ័ពជួរមុខកំពុងបំពេញភារកិច្ចការពារជាតិនៅទិសយោធភូមិភាគទី៣

នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខដល់នាយទាហាន នាយទាហានរងនិងពលទាហានកំពុងបំពេញភារកិច្ចការពារជាតិនៅទិសយោធភូមិភាគទី៣។

លោកឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ បានសម្តែងនូវការស្វាគមន៍ និងសោមនស្សរីករាយចំពោះវត្តមានរបស់ឯកឧត្តមអគ្គមេបញ្ជាការនាពេលនេះ ធ្វើឱ្យកងទ័ពមានអារម្មណ៍កក់ក្តៅ មានទឹកចិត្តមោះមុតក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ ព្រោះថា “សុខទុក្ខរបស់កងទ័ពគឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ”។

នាឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានពាំនាំនូវការសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំកំពូលៗផ្ញើជូនកងទ័ពនិងក្រុមគ្រួសារកងទ័ព។ ឯកឧត្តម បានមានប្រសាសន៍កោតសរសើរដោយស្មោះចំពោះស្មារតីលះបង់ខ្ពស់និងភាពអត់ធ្មត់របស់កងទ័ពដែលជានិច្ចកាលតែងតែឈរជើងការពារបូរណភាពទឹកដីយ៉ាងអង់អាចទោះក្នុងកាលៈទេសៈណាក៏ដោយ។

ឯកឧត្តមអគ្គមេបញ្ជាការ បានសង្កត់ធ្ងន់ថា ខណៈពេលដែលប្រជាពលរដ្ឋទូទាំងប្រទេសកំពុងជួបជុំក្រុមគ្រួសារសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បងប្អូនកងទ័ពនៅតែបន្តឈរជើងយ៉ាងស្វាហាប់។ នេះគឺជា “គំរូវីរភាពដ៏ថ្លៃថ្លា” ដែលបានមកពីការលះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីប្រជាជន។

ឯកឧត្តម បានលើកទឹកចិត្តឱ្យកងទ័ពបន្តពង្រឹងសាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ ខិតខំហ្វឹកហាត់បង្កើនសមត្ថភាពឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ឯកឧត្តមបានប្រសិទ្ធពរជ័យសិរីសួស្តី ជ័យមង្គល វិបុលសុខ ជូនដល់កងទ័ពទាំងអស់ សូមមានសុខភាពមាំមួន ស្មារតីវាងវៃ និងទទួលបានជោគជ័យក្នុងភារកិច្ចបម្រើជាតិនិងប្រជាជន៕

អត្ថបទទាក់ទង