ដំណឹងថ្មី! តំបន់ប្រាសាទអង្គរវត្ត ត្រូវបានចងសម្ព័ន្ធភាពជាមួយប្រាសាទ ១ របស់ចិន
លោក ហង់ ពៅ អគ្គនាយករងតំណាងលោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ បានអនុញ្ញាតឲ្យប្រតិភូក្រុង Datong ខេត្តសានស៊ី របស់ចិន ដឹកនាំដោយលោក Feng Sujing អភិបាលរងក្រុង Datong ចូលជួបសំណេះសំណាលការងារ មុននឹងឈានដល់កិច្ចព្រមព្រៀងចុះអនុស្សារណៈយោគយល់គ្នា ស្តីអំពីការចងសម្ព័ន្ធមេត្រីភាពរវាងតំបន់បេតិកភណ្ឌពិភពលោកនៃប្រទេសទាំងពីរ គឺខេត្តសានស៊ី និងខេត្តសៀមរាប។
លោក Feng Sujing មានប្រសាសន៍ថា នៅក្រុង Datong មានប្រាសាទអ៊ីងកាង កសាងនៅសតវត្សរ៍ទី៤ ជាប្រាសាទពុទ្ធសាសនាធំជាងគេនៅលើពិភពលោក ឯខេត្តសៀមរាបក៏មានប្រាសាទអង្គរវត្តជាមជ្ឈមណ្ឌលសាសនាដ៏ធំនៅអាស៊ីអាគ្នេយ៍ ហើយជាសម្បត្តិបេតិកភណ្ឌពិភពលោកដូចគ្នា។ ដូច្នេះនេះគឺជាឆន្ទៈនិងគោលបំណងក្នុងការចងសម្ពន្ធ័ភាពរវាងភាគីទាំងពីរ។ បច្ចុប្បន្នទីក្រុង Datong និងក្រុងសៀមរាប បានចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពនៅប្រទេសចិនរួចមកហើយ។
ថ្លែងក្នុងជំនួបនោះ លោក ហង់ ពៅ បានសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូចិនថា អាជ្ញាធរជាតិអប្សរាពេញចិត្ត និងស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការដែលបម្រើដល់ប្រយោជន៍បេតិកភណ្ឌទាំងមូល៕
(ប្រាសាទអ៊ីងកាង របស់ចិន)