សម្តេចតេជោ ហ៊ុន សែន ត្រូវបានអង្គការ UPF ស្នើជាបេក្ខភាពម្ចាស់ពានរង្វាន់ «សន្តិភាពស៊ុនហាក់»
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានអង្គការសហព័ន្ធសន្តិភាពសកល ហៅកាត់ថា UPF ស្នើជាបេក្ខភាពម្ចាស់ពានរង្វាន់ «សន្តិភាពស៊ុនហាក់» បន្ទាប់ពីអង្គការមួយនេះពិនិត្យឃើញថា សម្តេចជាឥស្សរជនមួយរូបដែលបានប្រឹងប្រឹងក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា និងរួមចំណែកក្នុងកសាងសន្តិភាពនៅក្នុងតំបន់ផងដែរ។
សំណើនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំមួយរវាងសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំអង្គការ UPF តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ។
ជំនួបនេះ បានពិភាក្សាទៅការរៀបចំកិច្ចប្រជុំកំពូលរបស់អង្គការ UPF ដែលគ្រោងធ្វើនៅខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្រោមប្រធានស្តីពីសន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រៅតែពីការជជែកលើការងាររៀបចំកិច្ចប្រជុំនេះទៅ អង្គការ UPF ក៏បានស្នើសុំការអនុញ្ញាតសម្តេចតេជោ អញ្ជើញជាសហប្រធានកិត្តិយសនៃកិច្ចប្រជុំនេះផងដែរ។
បន្ថែមពីលើនោះអង្គការ UPF ក៏បានស្នើសុំដាក់បេក្ខភាពសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាម្ចាស់ពានរង្វាន់ «សន្តិភាពស៊ុនហាក់»។
បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកព័ត៌មាននៅក្រោយកិច្ចប្រជុំថា សម្តេចតេជោ ហ៊ុន សែន បានឯកភាពទៅលើប្រធានបទស្តីពីសន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាប្រធានបទមួយដ៏មានសារសំខាន់សម្រាប់ឆ្លើយតបស្ថានការណ៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិកនាពេលបច្ចុប្បន្ននេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានយល់ព្រមនឹងសំណើអញ្ជើញជាសហប្រធានកិត្តិយសនៃកិច្ចប្រជុំ និងការដាក់សម្តេចជាបេក្ខភាពម្ចាស់ពានរង្វាន់ «សន្តិភាពស៊ុនហាក់» ផងដែរ។
សូមបញ្ជាក់ថា ពាំនរង្វាន់សន្តិភាពស៊ុនហាក់ ត្រូវបានបង្កើតឡើងដោយលោកស្រីបណ្ឌិត Hak Ja Han Moon ភរិយារបស់លោក Sun Myung Moon ដើម្បីបន្តមរតកនៃការលះបង់អស់មួយជីវិតរបស់ស្វាមីលោកស្រីចំពោះសន្តិភាព។ ពានរង្វាន់នេះ ផ្តល់ជូនរៀងរាល់២ឆ្នាំម្តងដល់បុគ្គល ដែលមានស្នាដៃលេចធ្លោលើផ្នែកអភិវឌ្ឍន៍មនុស្សប្រកបដោយចីរភាព ដោះស្រាយជម្លោះ និងការអភិរក្សអេកូឡូស៊ី ហើយមានតម្លៃជាទឹកប្រាក់ ១លានដុល្លារ។
មានបុគ្គលចំនួន៩រូបរួចមកហើយដែលទទួលបានពានរង្វាន់នេះចាប់តាំងពីបង្កើតឡើងនៅឆ្នាំ២០១៥។ បុគ្គលទាំង៩រូបនោះរួមមាន៖ ប្រធានាធិបតីសេនេហ្គាល់ លោក Macky Sall, លោក បាន គី ម៉ូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងបុព្វជិតប៉ាឡេស្ទីន Bishop Muhib Younan, លោកបណ្ឌិត Akinwumi Ayodeji Adesina ប្រធានធនាគាអភិវឌ្ឍន៍អាហ្វ្រិក, លោកស្រី Waris Dirie អ្នកសិល្បៈ និងជាសកម្មជនសង្គមនៅសុម៉ាលី, លោកបណ្ឌិត Gino Strada ស្ថាបនិកអង្គការវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់អន្តរជាតិ និងលោកស្រីបណ្ឌិត Sakena Yacoohi ស្ថាបនិកកម្មវិធីអប់រំជនភៀសខ្លួន និងសាលារៀនក្រោមដី, លោក Anote Tong ប្រធានាធិបតី Kiribati និងលោកបណ្ឌិត M. Vijay Gupta អ្នកជីវវិទូ និងជលផលឥណ្ឌា។
សូមរំលឹកផងដែរថា កាលពីឆ្នាំ២០១៩កន្លងទៅអង្គការសហព័ន្ធសន្តិភាពសាកល បានផ្តល់ពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ជូនសម្តេចតេជោ ហ៊ុន សែន ផងដែរ៕ Fresh News