ខ្មែរប៉ុស្ដិ៍ Close

ឡូយអស់ស្ទះ! ដ្រូន (Drone) ជួយសង្គ្រោះឆ្កែមួយក្បាលពីក្នុងលូ​ (មានវីដេអូ)

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៧ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 59
ឡូយអស់ស្ទះ! ដ្រូន (Drone) ជួយសង្គ្រោះឆ្កែមួយក្បាលពីក្នុងលូ​ (មានវីដេអូ) ឡូយអស់ស្ទះ! ដ្រូន (Drone) ជួយសង្គ្រោះឆ្កែមួយក្បាលពីក្នុងលូ​ (មានវីដេអូ)

សារ​ព័ត៌មាន NDTL របស់​ឥណ្ឌា​បាន​រាយ​ការណ៍​អំពី​វិស្វករ​ម្នាក់​ដែល​កែ​ច្នៃ​ដ្រូន ដើម្បី​ជួយ​កូន​ឆ្កែ​មួយ​​ក្បាល​ដែល​នៅ​ជាប់​នៅ​ក្នុង​លូ​នា​ទី​ក្រុង​ញូដេលី ប្រទេស​ឥណ្ឌា។

ដំបូង​ឡើយ​លោក Milind Raj បាន​ឮ​សំឡេង​កូន​ឆ្កែ​យំ​ចេញ​ពី​លូ​នៅ​ចន្លោះ​ផ្លូវ​ ដែល​លោក​ដើរ​ឆ្លង​កាត់។ អ្នក​នៅ​ជិត​នោះ​បាន​និយាយ​ថា​ ពួកគេ​បាន​ឮ​កូន​ឆ្កែ​យំ ២​ថ្ងៃ​មក​ហើយ​ តែ​គ្មាន​នរណា​ចុះ​ទៅ​ជួយ​ព្រោះ​លូ​នោះ​គគ្រិច​ខ្លាំង​ពេក និង​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​បាន។

លោក Raj ក៏​សម្រេច​ចិត្ត​នឹង​ជួយ​កូន​ឆ្កែ​នេះ​ដោយ​ប្រើ​ចំណេះ​ដឹង​របស់​​លោក ព្រោះ​លោក​មាន​បទពិសោធន៍​ក្នុង​វិស័យ AI និង​គ្រឿង​យន្ត​ស្រាប់។ អ្វី​ដែល​លោក​ត្រូវ​ការ​គឺ​គ្រឿង​បង្គំ​ប៉ុណ្ណោះ។ ក្នុង​រយៈ​ពេល​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ លោក​បាន​ធ្វើ​ក្រញាំ​ដៃ​ដែល​ភ្ជាប់​ជាមួយ​ដៃ​មនុស្ស​យន្ត និង​ចង​ភ្ជាប់​ទៅ​នឹង​ដ្រូន​ស្លាប ៦ ដែល​​លោក​បាន​កែ​ច្នៃ​ក្នុង​មន្ទីរ​ពិសោធន៍​លោក​ផ្ទាល់​ក្នុង​ក្រុង Lucknow។

ចំពោះ​ដ្រូន​លោក​បង្កើត​បាន​ជាង ២​ឆ្នាំ​ តែ​ចំពោះ​ដៃ​និង​ក្រញាំ​ លោក​ទើប​នឹង​បង្កើត​សម្រាប់​ជួយ​សង្គ្រោះ​កូន​ឆ្កែ​ដ៏​កម្សត់​នោះ​ប៉ុណ្ណោះ។ អ្វី​ដែល​កាន់​តែ​ពិសេស​នោះ គឺ​នៅ​ក្នុង​ក្រញាំ​ដៃ​នេះ​មាន​បង្កប់ sensor ដែល​អាច​ចាប់​ចង្វាក់​បេះដូង និង​ដង្ហើម​បាន ដើម្បី​កុំ​ឲ្យ​វា​រឹត​ខ្លាំង​ពេក​ពេល​ចាប់​យក​កូន​ឆ្កែ ដែល​អាច​ឲ្យ​វា​ងាប់​បាន។

ភ្លាម​ៗ​នោះ​លោក​បាន​យក​ដ្រូន​ទៅ​ជួយ​កូន​ឆ្កែ​ភ្លាម​ៗ បន្ទាប់​ពី​ផ្គុំ​ចប់។ ដោយ​សារ​តែ​វា​ជាប់​នៅ​លើ​មាត់​លូ​នោះ ២​ថ្ងៃ​ទៅ​ហើយ កូន​ឆ្កែ​គ្មាន​កម្លាំង​កំហែង​ទេ តែ​វា​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​លោក ដោយ​អាច​បញ្ជា​ដ្រូន​បាន​ងាយ ហើយ​យក​ប្រឡៅ​ទៅ​ថ្ពក់​ក​កូន​ឆ្កែ និង​ក្រញាំ​ទៅ​ចាប់​ដង​ខ្លួន​របស់​វា។ បើ​តាម​វីដេអូ​បង្ហាញ​មក​នេះ បេសកកម្ម​របស់​លោក​ក្នុង​ការ​ជួយ​សង្គ្រោះ​នេះ ទទួល​បាន​ភាព​ជោគ​ជ័យ។

កូន​ឆ្កែ​នោះ មាន​សុវត្ថិភាព​តែ​វា​ក្អួត​ចេញ​នូវ​ប្លាស្ទិក និង​សំរាម​ដែល​វា​បាន​ស៊ី​ពេល​ជាប់​នៅ​ក្នុង​នោះ។ រឿង​ដែល​គួរ​ឲ្យ​កោត​សរសើរ​ដល់​លោក Milind Raj មួយ​ទៀត​គឺ​លោក​យក​កូន​ឆ្កែ​នោះ​មក​ចិញ្ចឹម​តែ​ម្ដង ដោយ​ដាក់​ឈ្មោះ​វា​ថា “Lift” ដែល​មាន​ន័យ​ថា “យោង​ឡើង” ឲ្យ​ដូច​បេសកកម្ម​ដែល​ជួយ​ជីវិត​វា​ដូច្នោះ​ដែរ៕

នេះ​ជា​វីដេអូ​បង្ហាញ​ពី​ការ​ប្រើដ្រូន ដើម្បី​ជួយកូន​ឆ្កែ​មួយ​ក្បាល​នេះ៖