ខ្មែរប៉ុស្ដិ៍ Close

បណ្តាប្រទេសភាគច្រើន មិនយល់ស្របនឹងការលើកពេលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម របស់វៀតណាម នោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 53
បណ្តាប្រទេសភាគច្រើន មិនយល់ស្របនឹងការលើកពេលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម របស់វៀតណាម នោះទេ បណ្តាប្រទេសភាគច្រើន មិនយល់ស្របនឹងការលើកពេលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម របស់វៀតណាម នោះទេ

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ កាលពីល្ងាចថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២១ ជាមួយគណៈអចិន្ត្រៃយ៍នៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ស្តីពីការចង់ស្នើសុំពន្យារពេលនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ចុងឆ្នាំ២០២១ លើកទៅឆ្នាំ២០២២ ឬលើកពេលរយៈពេលវែងរបស់ម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាម។ ប៉ុន្តែបណ្តាប្រទេសភាគច្រើនមិនយល់ព្រមនោះទេ ដោយសារការលើកពេលនេះនឹងជះឥទ្ធិពលយ៉ាងច្រើន។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គូសបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតពីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) គណៈអចិន្ត្រៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ បានកោះប្រជុំបន្ទាន់មួយតាមប្រព័ន្ធអនឡាញ ស្តីពីការស្នើសុំពន្យារពេល ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ ទៅឆ្នាំ២០២២របស់គណៈកម្មាធិការជាតិវៀតណាម ហើយគណៈកម្មាធិការជាតិ នៃបណ្តាប្រទេសក្នុងអាស៊ីអាគ្នេយ៍ ជាសមាជិកបានផ្លាស់ប្តូរយោបល់គ្នា។

«ភាគច្រើននៃបណ្តាប្រទេសនានាមិនយល់ព្រម នៃការលើកពេលស៊ីហ្គេម ឆ្នាំ២០២១ របស់ម្ចាស់ផ្ទះវៀតណាមនោះទេ។ ដោយបណ្តាប្រទេសទាំងនោះបានលើកហេតុផលអំពីការប៉ះពាល់យ៉ាងច្រើនអំពីការត្រៀមរៀបចំរបស់ខ្លួន ជាពិសេសគឺនឹងធ្វើឱ្យរងផលប៉ះពាល់ទៅលើគម្រោងថវិការជាតិរបស់គេនីមួយៗ ។ ពីព្រោះគម្រោងថវិកាដែលចំណាយគឺត្រៀមចូលរួមប្រកួតស៊ីហ្គេម សម្រាប់ឆ្នាំ២០២១ ខណៈគម្រោងថវិកាសម្រាប់ឆ្នាំ២០២២ គឺសម្រាប់គម្រោងលើព្រឹត្តិការណ៍ប្រកួតអន្តរជាតិផ្សេងៗទៀត ដូចជា កីឡាអាស៊ី កីឡាអូឡាំពិករដូវរងារ ឬសម្រាប់ហ្គេមផ្សេងៗទៀតប៉ុណ្ណោះ។ ដូច្នេះមាន ៦ទៅ៧ប្រទេសហើយដែលជាសំឡេងភាគច្រើនមិនគាំទ្រ ដោយមានការលំបាកខ្លាំង ប្រសិនបើម្ចាស់ផ្ទះវៀតណាម លើកពេលពីឆ្នាំ២០២១ទៅឆ្នាំ២០២២វិញនោះ»។

លោកអគ្គលេខាធិការ បន្ថែមថា អ្វីជាលទ្ធផលរួមគឺអនុប្រធានគណៈកម្មាធិការជាតិវៀតណាមនឹងលើកសំណើរចំនួន៣ ទៅកាន់រដ្ឋាភិបាលរបស់ខ្លួនដោយ សេនារីយោទី១-គឺគម្រោងការប្រកួតចាស់ដដែល ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។ សេនារីយោទី២-គឺអាចពន្យារពេលរហូតដល់ខែឧសភា-មិថុនា ឬខែកក្កដា ឆ្នាំ២០២២ ។ សេនារីយោទី៣-គឺអាចពន្យារពេលវែង ដែលបន្ទាប់ពីស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា គឺនៅឆ្នាំ២០២៥ ដែលដល់វេនប្រទេសថៃធ្វើម្ចាស់ផ្ទះ ឬស៊ីហ្គេម ឆ្នាំ២០២៧ ដល់វេនធ្វើម្ចាស់ផ្ទះរបស់ប្រទេសព្រុយណេ ដោយវៀតណាមអាចស្នើសុំធ្វើម្ចាស់ផ្ទះ ក្នុងចន្លោះពីរលើកនេះ ហើយសំខាន់គឺម្ចាស់ផ្ទះទាំងពីរនេះព្រមផ្តល់សិទ្ធិឱ្យវៀតណាម ឬអត់?។

នេះជាការស្ទាបស្ទង់កម្រិតជំនាញប៉ុណ្ណោះ មិនទាន់ឈានដល់កម្រិតការសម្រេចនយោបាយនៅឡើយទេ។ ដោយកម្រិតនយោបាយនេះ ដល់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលបញ្ហាលើកពេលរបស់ម្ចាស់ផ្ទះវៀតណាម នឹងត្រូវបើកកិច្ចប្រជុំមួយទៀត នៅ២សប្តាហ៍បន្ទាប់ ពោលគឺនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នឹងមានកិច្ចប្រជុំចុងក្រោយមួយ ថាតើការជ្រើសរើសរបស់រដ្ឋាភិបាលវៀតណាម ក្នុងសេនារីយោណាមួយ ក្នុងចំណោមសេនារីយោ៣នេះ ហើយគណៈកម្មាធិការជាតិអូឡាំពិកទាំងអស់ ជាសមាជិកនៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ សម្រេចយកឬក៏អត់ ៕

អត្ថបទទាក់ទង