ខ្មែរប៉ុស្ដិ៍ Close

កសិករដាំដំណាំប័រនៅខេត្តមណ្ឌលគិរី ចាប់ផ្តើមប្រមូលផលឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 105
កសិករដាំដំណាំប័រនៅខេត្តមណ្ឌលគិរី ចាប់ផ្តើមប្រមូលផលឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក កសិករដាំដំណាំប័រនៅខេត្តមណ្ឌលគិរី ចាប់ផ្តើមប្រមូលផលឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក

ខែមិថុនានេះ ដំណាំប័រនៅខេត្តមណ្ឌលគិរីកំពុងប្រមូលផល ហើយមានតម្រូវការទីផ្សារខ្លាំង ព្រោះមានរស់ជាតិឆ្ងាញ់ជាង ប័រនៅខេត្តដទៃនិងប័រនាំចូលមកពីបរទេស។

លោកស្រី លី សុខនី ប្រជាកសិករដាំផ្លែប័រ រស់នៅក្នុងភូមិដើមស្រស់ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រាប់វិទ្យុជាតិកម្ពុជាថា ដំណាំប័រនៅក្នុងខេត្តនេះកំពុងប្រមូលផលបានច្រើនសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅកាន់រាជធានី-ខេត្ត ផ្សេងៗផងដែរ ខណៈដែលឈ្នួញខ្លះ បានចុះទៅទិញដល់ចម្ការតែម្តង។

លោកស្រីបន្តថា បច្ចុប្បន្នផ្លែប័រមានតម្លៃ បោះដុំក្នុងមួយគីឡូក្រាម ៥ ០០០រៀល និងលក់រាយតម្លៃ ៨ ០០០រៀលក្នុងមូយគីឡូក្រាម។

លោកស្រីបន្ថែមថា ផ្លែប័រមណ្ឌលគិរីមានរស់ជាតិឆ្ងាញ់ណាស់ ហើយវាគឺជាប្រភេទដំណាំ ដែលមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាព មនុស្ស ពីព្រោះផ្លែប័រ បានជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម ការពារប្រព័ន្ធភាពស៊ាំក្នុងរាងកាយ កាត់បន្ថយជំងឺបេះដូង ព្យាបាលការរលាក សម្រួលដល់ការរំលាយអាហារ សម្បូរជាតិប៉ូតាស្យូម ធ្វើឲ្យសម្រស់ក្មេងជាងវ័យ ស្បែកមានសំណើម និងសម្រាប់សម្រកទំងន់។

ចង់សំណូមពរឲ្យ ប្រជាពលរដ្ឋជួយគាំទ្រប័រធម្មជាតិរបស់ខេត្តមណ្ឌលគិរី ឲ្យបានច្រើន ដោយសារគឺជាប័រធម្មជាតិពិតៗ មិនប៉ះពាល់ដល់សុខភាពទេ ណាមួយវាមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព ជួយសម្រួល ដល់ការរំលាយអាហារ ជាពិសេសជួយកាត់ បន្ថយការចំណាកស្រុករបស់ប្រជាពលរដ្ឋ។

លោកសុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរីបានមានប្រសាសន៍ប្រាប់ថា ដំណាំប័រជាប្រភេទដំណាំដែលអាចរកប្រាក់ចំណូលបានច្រើនហើយមានអតិថិជនច្រើនត្រូវការ សម្រាប់យកទៅបរិភោគ។ លោកបន្តថា បច្ចុប្បន្នកសិករភាគច្រើននៅខេត្តមណ្ឌលគិរីបានពង្រីកផ្ទៃដីដាំ ដុះដំណាំជាច្រើនហិកតា ដើម្បីបំពេញតម្រូវការទីផ្សារ ខណៈដែលខេត្តនេះ មានអំណោយផលខ្លំាងលើ វិស័យកសិកម្ម ពិសេសដំណាំប័រ។

ប៉ុន្មានឆ្នាំកន្លងទៅនេះគឺថាពាក់ព័ន្ធនឹងដំណាំប័រកសិករដាំកសិករដាំតែនៅតាមផ្ទះរបៀបដាំជាដំណាំនៅតាមភូមិជាលក្ខណៈ គ្រួសារប៉ុណ្ណោះ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ដំណាំនេះបានផ្ដល់ប្រាក់ចំណូលច្រើន ដូច្នេះកសិករចាប់ផ្ដើមដាំជាចម្ការ ​ដើម្បីបង្កើនការ ផ្គត់ផ្គត់ទីផ្សារ។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២០ ខេត្តមណ្ឌលគិរីមានផ្ទៃដីដាំដំណាំប័រជាង ២០០ហិកតា៕