ខ្មែរប៉ុស្ដិ៍ Close

ទីក្រុងហូជីមីញរំពឹងថា នឹងអាចធ្វើតេស្តរកកូវីដ-១៩ លើមនុស្សបាន ១០ម៉ឺននាក់ក្នុងមួយថ្ងៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 70
ទីក្រុងហូជីមីញរំពឹងថា នឹងអាចធ្វើតេស្តរកកូវីដ-១៩ លើមនុស្សបាន ១០ម៉ឺននាក់ក្នុងមួយថ្ងៃ ទីក្រុងហូជីមីញរំពឹងថា នឹងអាចធ្វើតេស្តរកកូវីដ-១៩ លើមនុស្សបាន ១០ម៉ឺននាក់ក្នុងមួយថ្ងៃ

កាលពីថ្ងៃចន្ទ ប្រទេសវៀតណាមបានធ្វើការផ្អាកការហោះហើរពីបរទេស ធ្វើការរឹតបន្តឹងនៅក្នុងទីក្រុងធំបំផុតរបស់ខ្លួន និងបានជំរុញឱ្យមានការផ្គត់ផ្គង់វ៉ាក់សាំងជាលក្ខណៈឯកជនបន្ថែមទៀត ខណៈពេលដែលប្រទេសនេះកំពុងតែព្យាយាមដើម្បីធានានូវការផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួនដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺឆ្លង ដែលបានធ្វើឱ្យតួរលេខនៃករណីឆ្លងក្នុងប្រទេសនេះបានកើនឡើងទ្វេដងរួចមកហើយនៅក្នុងខែមុន។

ប្រទេសវៀតណាមមិនទាន់បានចាប់ផ្តើមការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅឡើយទេ ប៉ុន្តែរដ្ឋាភិបាលរបស់ខ្លួនបានឱ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួនត្រូវតែលុបបំបាត់ឧបសគ្គនានាដើម្បីទទួលបានវ៉ាក់សាំង ដែលក្នុងនោះប្រទេសនេះក៏បានអនុញ្ញាតឱ្យអាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុននានាអាចធ្វើការទិញវ៉ាក់សាំងដោយខ្លួនឯង តាមរយៈក្រសួងសុខាភិបាល ឬក្រុមហ៊ុននាំចូលទាំង ២៧ ដែលទទួលបានការអនុញ្ញាត។

ប្រទេសវៀតណាមក៏បានស្នើដល់ប្រទេសខាងក្រៅ ដែលរួមមានទាំងសហរដ្ឋអាមេរិក ដើម្បីឱ្យជួយលើបញ្ហាវ៉ាក់សាំងនេះផងដែរ ។

លោក Vu Duc Dam ឧបនាយករដ្ឋមន្រ្តីបានជម្រាបជូននៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថា «យើងត្រូវតែស្វែងរកវិធីសាស្ត្រដើម្បីធានាឱ្យបាននូវវ៉ាក់សាំងនាពេលនេះ ។ ឧបសគ្គទាំងអស់ត្រូវតែដកចេញ ហើយបញ្ហាដែលពាក់ព័ន្ធទាំងអស់ត្រូវតែដោះស្រាយ»។

បន្ទាប់ពីទទួលបានជោគជ័យក្នុងការគ្រប់គ្រងជំងឺរាតត្បាតកាលពីឆ្នាំមុន ប្រទេសវៀតណាមកំពុងតែរាយការណ៍អំពីការកើនឡើងយ៉ាងលឿននៃករណីឆ្លងថ្មី ជាមួយនឹងការរកឃើញនូវមេរោគបំលែងខ្លួនថ្មីៗជាច្រើន ដែលអាចធ្វើការចម្លងបានលឿន ហើយក្នុងនោះ «ក៏មានមេរោគមួយដែលទើបនឹងត្រូវបានប្រកាសកាលពីថ្ងៃសៅរ៍នេះ ដែលជាមេរោគបំលែងខ្លួនកូនកាត់រវាងមេរោគបំលែងខ្លួនដែលរកឃើញនៅចក្រភពអង់គ្លេស
និងឥណ្ឌា»។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ង្វៀន ថាញ់ឡុង បានឱ្យដឹងថា «គោលដៅក្នុងការធានាឱ្យបាននូវវ៉ាក់សាំងចំនួន ១៥០លានដូសនៅក្នុងឆ្នាំនេះ គឺវៀតណាមអាចធ្វើទៅរួច»។

ប្រទេសវៀតណាមបានអនុញ្ញាតិឱ្យមានការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca និង Sputnik V របស់រុស្ស៊ី ហើយលោក ង្វៀន ថាញ់ឡុង ក៏បានបញ្ជាក់កាលពីថ្ងៃសៅរ៍ផងដែរថា «វ៉ាក់សាំងរបស់
ក្រុមហ៊ុន Moderna និង Pfizer/BioNTech ក៏កំពុងត្រូវបានពិនិត្យផងដែរ»។

កាលពីថ្ងៃចន្ទ រដ្ឋាភិបាលបានប្រកាសថា ជើងហោះហើរអន្តរជាតិចូលមកទីក្រុងហាណូយ នឹងត្រូវផ្អាករហូតដល់ថ្ងៃទី ៧ ខែមិថុនា។ នៅក្នុងថ្ងៃជាមួយគ្នានោះ មជ្ឈមណ្ឌលសេដ្ឋកិច្ចហូជីមិញក៏បានប្រកាសអនុវត្តនូវវិធានការណ៍គម្លាតសង្គមរយៈពេល ១៥ ថ្ងៃរបស់ខ្លួន ដែលរួមមានទាំងការហាមឃាត់ការញ៉ាំអាហារនៅក្នុងភោជនីយដ្ឋាន ការជួបជុំនៅទីសាធារណៈមិនឱ្យលើសពី ១០ នាក់ និងការបិទកាស៊ីណូ និងហាងថែរក្សាសម្ផស្សផងដែរ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានអោយដឹងថា «ទីក្រុងហូជីមិញដែលជាទីក្រុងមានប្រជាជនច្រើនជាងគេបំផុតនៅ ប្រទេសវៀតណាមកំពុងត្រៀមសម្រាប់ធ្វើតេស្តប្រជាជនទាំង ១៣លាននាក់របស់ខ្លួន បន្ទាប់ពីការកើនឡើង យ៉ាងគំហុកនៃការឆ្លងជាសហគមន៍»។

យោងតាមការឱ្យដឹងពីសំណាក់សារព័ត៌មានអនឡាញ VnExpress លោកអភិបាលក្រុង ង្វៀន ថាញ់ផុង បានលើក ឡើងនៅក្នុងកម្មវិធីប្រជុំបន្ទាន់មួយកាលពីថ្ងៃអាទិត្យថា «កម្មវិធីធ្វើតេស្តទ្រង់ទ្រាយធំ នេះអាចមានសមត្ថភាពក្នុងការធ្វើតេស្តមនុស្សចំនួន ១០ម៉ឺននាក់ក្នុងមួយថ្ងៃ»។

ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងសរុបចំនួន ៧ ៣២១ ករណី និងមានអ្នកស្លាប់សរុបចំនួន ៤៧នាក់។ ការផ្ទុះឡើងនាពេលថ្មីនេះ បានរីករាលដាលដល់ខេត្តចំនួន ៣៤ ក្នុងចំណោមខេត្តចំនួន ៦៣ របស់ខ្លួន ដែលរួមមានខេត្ត Bac Ninh និងខេត្ត Bac Giang ដែលជាកន្លែងផលិតគ្រឿងបរិក្ខាររបស់ក្រុមហ៊ុនយក្សពិភពលោក ដូចជា Samsung Electronics និង Foxconn ផងដែរ។

យោងតាមក្រសួងសុខាភិបាលបានអោយដឹងថា អាជ្ញាធរ បានចាប់ផ្តើមចាក់វ៉ាកសាំងដល់កម្មករ នៅក្នុងខេត្ត Bac Ninh និងខេត្ត Bac Giang ហើយកាលពីថ្ងៃសុក្រ ដែលក្នុងនោះ ខេត្តនីមួយៗទទួលបានវ៉ាក់សាំងចំនួន ១៥ម៉ឺនដូស។

បើតាម លោក ង្វៀន ថាញ់ឡុង រដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាម «មេរោគកូនកាត់ប្រភេទថ្មីនេះអាចឆ្លងបានលឿនតាមរយៈខ្យល់ ហើយត្រូវបានរកឃើញតាម រយៈលំដាប់ហ្សែន»៕ South China Morning Post

អត្ថបទទាក់ទង