ខ្មែរប៉ុស្ដិ៍ Close

ពីថ្នាក់ដឹកនាំក្រុមហ៊ុនធំៗក្លាយជាអ្នករត់តុក្នុងភោជនីយដ្ឋាន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 43
ពីថ្នាក់ដឹកនាំក្រុមហ៊ុនធំៗក្លាយជាអ្នករត់តុក្នុងភោជនីយដ្ឋាន ពីថ្នាក់ដឹកនាំក្រុមហ៊ុនធំៗក្លាយជាអ្នករត់តុក្នុងភោជនីយដ្ឋាន

អគ្គនាយក និងថ្នាក់ដឹកនាំធំៗរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ត្រូវបានគេប្រទះឃើញធ្វើជាអ្នករត់តុ អ្នកចំអិនអាហារ និងអ្នកគិតលុយដូចបុគ្គលិកធម្មតាក្នុងភោជនីយដ្ឋាននានារបស់ក្រុមហ៊ុន EFG កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ដែលជាថ្ងៃទិវាពលកម្មអន្ដជាតិផងដែរ។
លោក ងន សាំង ត្រូវបានគេស្គាល់ថាជាអគ្គនាយរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលកំពុងស្លៀកឯកសណ្ឋានបុគ្គលិកសេវាអតិថិជនរបស់ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា ទួលគោក បានមានប្រសាស៍ថា “នេះមិនមែនជាលើកទី១ទេ ដែលរូបលោកបានស្ម័គ្រចិត្តមកបំពេញការងារ​​នៅតាមហាងរបស់ EFG ដែលកន្លងមកលោកធ្លាប់ស្ម័គ្រចិត្តធ្វើជាអ្នកចំអិនភីហ្សា ក្នុងហាង ដឹ ភីហ្សា ខមផេនី និងអ្នកឆុងកាហ្វេរបស់ហាងកាហ្វ ខូសស្ដា​ ជាដើម។”


លោក ងន សាំង បាននិយាយថា “ពួកយើងផ្ដួចផ្ដើមធ្វើបែបនេះឡើងដើម្បីឲ្យបុគ្គលិកការិយាល័យទាំងអស់ចំណាយពេលវេលាក្នុងការយល់ពីអតិថិជនតាមរយៈធ្វើការប្រតិបត្តិការដោយផ្ទាល់ជាមួយបុគ្គលិកក្នុងហាង ដើម្បីមានការប្រាស្រ័យទាក់ទងនិងទំនាក់ទំនងជាមួយអតិថិជន ព្រមទាំងស្វែងយល់ដឹងពីគម្លាតនិងការតម្រូវររបស់បុគ្គលិក និងអតិថិជនក្នុងការអភិវឌ្ឍភាពពេញចិត្តរបស់អតិថិជន ក្រុមហ៊ុន និង​សង្គមនាពេលអនាគត។”


ចំនែក​ឯលោក ទេព វិរៈ ជាប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន EFG បានថ្លែងថា “ក្នុងឆ្នាំនេះ ទិវា EFG ត្រូវបានធ្វើឡើងជាលើកទី ៥ ហើយបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន RMA Cambodia ដែលធ្វើការនៅទីស្នាក់ការកណ្តាលក្នុងនោះរួមមានបុគ្គលិកនៅការិយាល័យ អ្នកគ្រប់គ្រងទូទៅ, នាយកប្រតិបត្តិការ នាយកទីផ្សារ និងអគ្គនាយកក្រុមហ៊ុន បានស្ម័គ្រចិត្តចំណាយពេលពេញមួយថ្ងៃធ្វើការនៅក្នុងហាងនានារបស់ក្រុមហ៊ុន EFG នៅទូទាំងរាជធានីភ្នំពេញ និងខេត្តសៀមរាប ដោយចុះទៅធ្វើការក្នុងហាងផ្ទាល់ មានដូចជាធ្វើការចំអិនអាហារ ការរក្សាទុកអាហារឲ្យមានអនាម័យ និងសុវត្ថិភាព ព្រមទាំងរៀបចំតុ កៅអី សម្អាតបន្ទប់ទឹក និងធ្វើការប្រាស្រ័យទាក់ទង ស្វាគមន៍ ជាមួយនឹងការទទួលបញ្ជាទិញពីអតិថិជន និង បម្រើម្ហូបអាហារជាដើម។”


លោក វិរៈ ក៏បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនថា “វាជាឱកាសដ៏ល្អមួយដើម្បីទទួលយកបទពិសោធន៍ការងារប្រចាំថ្ងៃជាមួយនឹងសហការីជួរខាងមុខរបស់យើង និងអ្វីដែលសំខាន់ជាងនេះ គឺដើម្បីមានឱកាសបម្រើសេវាកម្មជូនអតិថិជនរបស់យើងដោយផ្ទាល់។ ខ្ងុំទទួលបានប្រយោជន៍យ៉ាងច្រើនពីសកម្មភាពនៅថ្ងៃនេះ ព្រោះខ្ងុំអាចចូលមកកាន់តែខិតជិតដល់បុគ្គលិករបស់យើងនៅហាង ញុំាអាហាររួមគ្នា ជជែកបែបមិត្តភ័ក្ដ ដែលធ្វើឲ្យយើងយល់ដឹងកាន់តែច្រើនពីគ្នាទៅវិញទៅមក និងរកវិធីដើម្បីកែលម្អការងារ និងជីវិតរបស់យើង។ ខ្ងុំពិតជារីករាយជាមួយនឹងសកម្មភាពរបស់យើងនៅ EFG Day ហើយនឹងចូលរួមនៅឆ្នាំក្រោយ នៅហាងផ្សេងទៀតៗ។”
តាមច្បាប់ពលកម្មរបស់ព្រះរាជាណាចក្រកម្ពុជា​ និយោជិក ទទួលបានការឈប់សម្រាប់ ១ថ្ងៃ សម្រាប់ទិវាពលកម្មអន្ដជាតិ ១ ឧសភានេះ។ ដោយឡែក បុគ្គលិក និងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន RMA Cambodia ស្ម័គ្រចិត្តមកធ្វើការងារតាមហាងនានារបស់ក្រុមហ៊ុន EFG។
លោក ងន សាំង បានបន្ថែមថា៖ «បើទោះបីជាបុគ្គលិករបស់ក្រុមហ៊ុន RMA Cambodia ស្នាក់ការកណ្ដាលទទួលបានការឈប់សម្រាកមួយថ្ងៃ តែពួកគាត់ស្ម័គ្រចិត្តមកធ្វើការងារនៅតាមភោជនីយដ្ឋាន។ ពួកគាត់ទាំងនោះ ធ្លាប់តែផ្ដល់យោបល់ដំបូន្មាន ដើម្បីផ្ដល់សេវាកម្មប្រសើរ និងមានគុណភាពខ្ពស់ដល់អតិថិជន ប៉ុន្ដែសម្រាប់ថ្ងៃនេះ ពួកគាត់ត្រូវបានសហសេវិក ណែនាំវិញម្ដង រួមទាំងខ្ងុំផងដែរ។»

 

 

ប្រភព៖ Khmernote