ខ្មែរប៉ុស្ដិ៍ Close

ស្វែងយល់ពីមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី B.1.617 ដែលមានប្រភពមកពីប្រទេសឥណ្ឌា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ នគរគំនិត 132
ស្វែងយល់ពីមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី B.1.617 ដែលមានប្រភពមកពីប្រទេសឥណ្ឌា ស្វែងយល់ពីមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី B.1.617 ដែលមានប្រភពមកពីប្រទេសឥណ្ឌា

ប្រទេសឥណ្ឌាបានរាយការណ៍ពីការកើនឡើងយ៉ាងគំហុកនូវការឆ្លងរីករាលដាលនៃ វីរុសកូវីដ-១៩ ក្នុងកម្រិតដ៏ខ្លាំងក្លាជាងគេនៅក្នុងពិភពលោកជាបន្តបន្ទាប់ ខណៈដែលទីក្រុង New Delhi និង Mumbai បាននិងកំពុងរងនូវកង្វះគ្រែមន្ទីរពេទ្យ អុកស៊ីសែន និងថ្នាំសម្រាបព្យាបាលវីរុសកូវីដ-១៩។

អ្នកវិទ្យាសាស្ត្រកំពុងសិក្សាអំពីមូលហេតុដែលបង្កឱ្យមានការកើនឡើងនៃការឆ្លងដ៏មិនគួរឱ្យនឹកស្មានដល់នេះ និងជាពិសេសថា «តើវីរុសទម្រង់ថ្មីដែលបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាគឺជាមូលហេតុមែនដែរឬអត់»។

វីរុសទម្រង់ថ្មីដែល មានឈ្មោះថា «B.1.617» ត្រូវបានគេរាយការណ៍ថា បានរកឃើញនៅក្នុងប្រទេសយ៉ាងហោចណាស់ចំនួន ៤៤ ប្រទេសហើយ (គិតត្រឹមថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២១) ដែលប្រការនេះបានបង្កនូវការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ពិភពលោក។

លោក Shahid Jameel ដែលជាអ្នកជំនាញជាន់ខ្ពស់របស់ឥណ្ឌាផ្នែកវីរុសបាន និយាយថា «វីរុសទម្រង់ B.1.617 មាន ការបំប្លែងខ្លួនសំខាន់ចំនួន ២ នៅផ្នែកខាងក្រៅផ្ទៃប្រូតេអ៊ីន Spike ដែលភ្ជាប់នឹងកោសិកាមនុស្ស»។

អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា «អំបូរដ៏លេចធ្លោនៃវីរុសទម្រង់ B.1.617 ត្រូវបានកំណត់អត្តសញ្ញាណជាលើក ដំបូងនៅក្នុងប្រទេសឥណ្ឌាកាលពីខែធ្នូ»។

កាលពីថ្ងៃទី ១០ ខែឧសភា អង្គការសុខភាពពិភពលោក បានចាត់ថ្នាក់ទម្រង់នេះជា «វីរុសទម្រង់ថ្មីដ៏គួរឱ្យព្រួយបារម្ភ» «Variant of Concern» ដែលវាក៏រួមមានទាំងវីរុសទម្រង់ថ្មីដែលត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេស, ប្រេស៊ីល និងអាហ្វ្រិកខាងត្បូងផងដែរ។

ការសិក្សាដំបូងមួយចំនួនបានបង្ហាញថា «វីរុសទម្រង់ B.1.617 មានសមត្ថភាពអាចបង្កការឆ្លងរីករាល ដាលកាន់តែងាយស្រួលជាងទម្រង់មុនៗ»។

ប៉ុន្តែ វាពិបាកក្នុងការកំណត់ណាស់ថា «តើវីរុសទម្រង់ថ្មីនេះពិតជាមូលហេតុដែល បង្កឱ្យមានការកើន ឡើងនូវករណីឆ្លងឬយ៉ាងណា» បើទោះបីជាការសិក្សារបស់មន្ទីរពិសោធន៍ លើគំរូនៃទម្រង់នេះបានបង្ហាញអំពីសក្តានុពលនៃការចម្លងកាន់តែខ្លាំងជាងមុនក៏ដោយ។

បញ្ហានេះមានភាព ស្មុគស្មាញ ដោយសារ វីរុសទម្រង់B.117 ដែលត្រូវបានរកឃើញដំបូងគេនៅអង់គ្លេស ក៏ស្ថិតនៅ ពីក្រោយការកើន ឡើងនៃការឆ្លងនៅផ្នែកខ្លះនៃប្រទេសឥណ្ឌាផងដែរ។

លោក Sujeet Kumar Singh ដែលជាប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺ (National Centre for Disease Control) បាននិយាយថា «នៅក្នុងទីក្រុង Delhi ករណីកូវីដ-១៩ ដែលបង្កឡើងដោយវីរុសទម្រង់ថ្មីរបស់អង់គ្លេស បានកើនឡើងទ្វេដង នៅក្នុងអំឡុងចុងខែមីនា ខណៈដែលវីរុស ទម្រង់ B.1.617 មានវត្តមានយ៉ាងទូលំទូលាយនៅក្នុងរដ្ឋ Maharashtra ដែលជារដ្ឋកំពុងរងគ្រោះខ្លាំងជាងគេបំផុតនៅ ក្នុងប្រទេស»។

លោក Chris Murray មកពី សាកលវិទ្យាល័យវ៉ាស៊ីនតោន (University of Washington) បាន និយាយថា «ទំហំដ៏ធំនៃការឆ្លងរាតត្បាតនៅឥណ្ឌាក្នុងរយៈ ពេលដ៏ខ្លីបានបង្ហាញថា : វីរុសទម្រង់ថ្មី ដែលអាចជា B.1.617 អាចនឹងមានសមត្ថភាពគេចពីប្រព័ន្ធភាពស៊ាំរបស់មនុស្សដែលធ្លាប់បានឆ្លងវីរុសកូវីដ-១៩ពីមុនមក។ ប៉ុន្តែ វានៅតែមានភាព ស្រពិចស្រពិល ដោយសារវានៅមានវីរុសទម្រង់ថ្មីជាច្រើនទៀតដែលបាននិងកំពុងរាតត្បាតនៅក្នុងប្រទេសឥណ្ឌា»។

លោក Carlo Federico Perno ប្រធានផ្នែកមីក្រូជីវសាស្រ្តនិងការធ្វើរោគវិនិច្ឆ័យលើប្រព័ន្ធភាពស៊ាំ នៅមន្ទីរពេទ្យ Bambino Gesù នៃទីក្រុងរ៉ូម ប្រទេសអ៊ីតាលី បាននិយាយថា «វីរុសទម្រង់ B.1.617 អាចមិនមែនជាហេតុផលតែមួយគត់ដែលស្ថិតនៅពីក្រោយការកើនឡើងយ៉ាងខ្លាំងនៃការឆ្លងនៅឥណ្ឌានោះទេ ដោយវាក៏អាច បង្កឡើងដោយសារការជួបជុំគ្នាធំៗនៅក្នុងសង្គមផងដែរ»។

ទីប្រឹក្សាផ្នែកវេជ្ជសាស្ត្ររបស់សេតវិមាន លោក Anthony Fauci បាននិយាយថា «ភស្តុតាងបឋមពីការ សិក្សានៅមន្ទីរពិសោធន៍បានបង្ហាញថា : វ៉ាក់សាំង Covaxin ដែលជាវ៉ាក់សាំងដែលត្រូវបានបង្កើតឡើងនៅ ក្នុងប្រទេសឥណ្ឌា ទំនងជាមានសមត្ថភាព បន្សាបឥទ្ធិពលរបស់វីរុសទម្រងថ្មីនេះបាន»។

អាជ្ញាធរសុខាភិបាលសាធារណៈអង់គ្លេស (PHE) បានឱ្យដឹងថា «ខ្លួនបានធ្វើការលើ រឿងនេះជាមួយដៃគូអន្តរជាតិ។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ វានៅមិនមានភស្តុតាងណាមួយ ដែលបង្ហាញថា : វីរុស ទម្រង់ B.1.617 របស់ឥណ្ឌា និងវីរុសទម្រង់ថ្មីដែលពាក់ព័ន្ធចំនួន 2 ផ្សេងទៀត អាចបង្កឱ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬអាចធ្វើឱ្យវ៉ាក់សាំងបច្ចុប្បន្នអស់ប្រសិទ្ធភាពនោះទេ» ៕

South China Morning Post

អត្ថបទទាក់ទង