ខ្មែរប៉ុស្ដិ៍ Close

អ្នកជំនាញអាជ្ញាធរជាតិអប្សរាកំពុងជួសជុលខឿនរួតទី៣នៃប្រាសាទបាយ័ន្តតាមរបៀបបុរាណ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 38
អ្នកជំនាញអាជ្ញាធរជាតិអប្សរាកំពុងជួសជុលខឿនរួតទី៣នៃប្រាសាទបាយ័ន្តតាមរបៀបបុរាណ អ្នកជំនាញអាជ្ញាធរជាតិអប្សរាកំពុងជួសជុលខឿនរួតទី៣នៃប្រាសាទបាយ័ន្តតាមរបៀបបុរាណ

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដែលសហការជាមួយស្ថាប័JASA ប្រទេសជប៉ុន កំពុងជួស​ជុលនិងពង្រឹងរចនាសម្ពន្ធខឿននៅរួតទី៣នៃប្រាសាទបាយ័ន្តឡើងវិញ បន្ទាប់ពីពិនិត្យឃើញថា​រួត​ទី៣នៃ​ប្រាសាទ មានការទ្រុឌទ្រោម​ជាច្រើនកន្លែង​។

ដំណើរការជួសជួល​បាន​ចាប់ផ្ដើមតាំងពីដើមខែមីនា ឆ្នាំ២០២១ មកដល់ពេលនេះ ​ដោយ​ការងារ​សម្រេចបាន​៦៥ភាគរយ ហើយ គ្រោងនឹងបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០២១ ខាងមុខ។ តាមការបញ្ជាក់របស់លោក​ ឃាម មុនី មន្ត្រីបច្ចេកទេសនៃ​ការជួសជុលខឿនរួតទី៣នៃប្រាសាទបាយ័ន្ត ឱ្យដឹងថា ការ​ជួសជុលខឿនរួតទី៣នេះ ក្រុមការងារបានយកតាមលំនាំបច្ចេកទេសបុរាណទាំងស្រុង។

លោក​បញ្ជាក់​ទៀតថា បន្ទាប់ពីរើថ្មភក់ និងថ្មបាយក្រៀមនៅកន្លែងដែលក្រៀក​ហែកចេញពីគ្នារួចហើយ អ្នក​ជំនាញបានយកទៅរៀបឡើងវិញ​តាមលក្ខណៈដើម និងបានធ្វើតេស្តពិនិត្យ​លើគុណភាពដី​របស់​គ្រឹះបុរាណ ព្រមទាំងបានរក្សាដីដែលមានគុណភាព​យកមកប្រើឡើងវិញផង។

លោក​ មុនី ពន្យល់ថា ក្រុមការងារបានបុកបង្ហាប់ដីឥដ្ឋ កម្ទេចថ្មបាយក្រៀម ខ្សាច់ ដីដំបូកកណ្តៀរ កំបោរ នៅតាមស្រទាប់នីមួយៗនៃ​រចនាសម្ពន្ធ​របស់ប្រាសាទ ប្រយោជន៍ដើម្បីឱ្យរួតប្រាសាទ​ មាន​គុណ​ភាពអាចទ្រទម្ងន់បានយូរអង្វែង និងបញ្ចៀស​ការជ្រាបទឹក​ដែលធ្វើឱ្យខូចខាត​ដល់គ្រឹះប្រា​សា​ទ​​បន្ថែមទៀត។

រចនាសម្ពន្ធខឿននៅរួតទី៣នៃប្រាសាទបាយ័ន្ត រងការខូចខាតដោយសារកត្តាជាច្រើនយ៉ាង​ដូច​ជា​ កត្តាអាកាសធាតុ ដើមឈើ ជាពិសេសកត្តាទឹកបានហូរច្រោះ​ចូលរចនាសម្ពន្ធដែលនាំ​ល្បាយ​ខ្សាច់​ចេញ​ បង្កឱ្យមានបញ្ហានៅតាមជ្រុង​និងកែងក្រៀកចេញពីគ្នា ដែលអាចប៉ះពាល់ដល់ខឿន​រួតទី៣ ហើយគំរាម​កំហែងដល់​សំណង់ប្រាសាទទាំងមូល ៕