កម្ពុជា អំពាវនាវឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពខុសច្បាប់ដែលបានធ្វើឡើងនៅតំបន់មួយចំនួន
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា កងកម្លាំងថៃ ដោយមានជំនួយពីព្រះសង្ឃថៃ បានសាងសង់រូបសំណាកព្រះពុទ្ធមួយចំនួននៅទីតាំងផ្សេងៗក្នុងទឹកដីកម្ពុជា រួមទាំងតំបន់តាថាវ និងភ្នំទ្រព្យ ខេត្តព្រះវិហារ តំបន់អូរស្មាច់ និងប្រាសាទខ្នារ ខេត្តឧត្តរមានជ័យ ដែលតំបន់ទាំងនេះស្ថិតនៅក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជាទាំងស្រុង។
យោងតាមសេចក្តីប្រកាសដដែលបានឱ្យដឹងថា តំបន់ដែលថៃធ្វើសកម្មភាពខុសច្បាប់នេះ ស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជាបានកំណត់ដោយផែនទីមាត្រដ្ឋាន ១:២០០.០០០ របស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ស្របតាមអនុសញ្ញា បារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ សកម្មភាពខាងលើគឺជាការរំលោភបន្ថែម ទៀតលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងបោះបង្គោលព្រំដែន ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ក៏ដូចជាចំណុចទី១ (វិធានកាត់បន្ថយភាពតានតឹង) នៃសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើក ទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលបានធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ជាមួយគ្នានោះផងដែរ កម្ពុជាសូមអំពាវនាវឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលបានធ្វើឡើងនៅក្នុងតំបន់ដូចបាន រៀបរាប់ខាងលើ ឬនៅក្នុងតំបន់ផ្សេងទៀត ក្រោមកាលៈទេសៈស្រដៀងគ្នា ជៀសវាងសកម្មភាពឯកតោភាគី បន្ថែមទៀតនៅក្នុងតំបន់ខាងលើ និងធានានូវការអនុវត្តកិច្ចព្រមព្រៀង និងការរៀបចំពាក់ព័ន្ធទាំងអស់រវាង ប្រទេសទាំងពីរឱ្យបានពេញលេញ និងស្មោះត្រង់ ក្នុងគោលបំណងបន្ធូរបន្ថយស្ថានការណ៍ លើកកម្ពស់ការជឿជាក់ និងទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ។
ទន្ទឹមនោះផងដែរ រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួន និងឥតងាកររបស់ខ្លួន ក្នុងការស្វែង រកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ របស់ខ្លួន តាមរយៈមធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីនានា ព្រមទាំងប្តេជ្ញ ចិត្តជាដាច់ខាតចំពោះការប្រកាន់ជំហរជាគោលការណ៍ថា ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ៕




