ខ្មែរប៉ុស្ដិ៍ Close

មន្ត្រីនគរបាលចរាចរទារប្រាក់ពីជនបរទេសដែលជិះខុសភ្លើងសញ្ញាចរាចរណ៍ ប្រព្រឹត្តខុសវិន័យកងកម្លាំងបណ្តេញចេញពីក្របខ័ណ្ឌនគបាលជាតិ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 47
មន្ត្រីនគរបាលចរាចរទារប្រាក់ពីជនបរទេសដែលជិះខុសភ្លើងសញ្ញាចរាចរណ៍ ប្រព្រឹត្តខុសវិន័យកងកម្លាំងបណ្តេញចេញពីក្របខ័ណ្ឌនគបាលជាតិ មន្ត្រីនគរបាលចរាចរទារប្រាក់ពីជនបរទេសដែលជិះខុសភ្លើងសញ្ញាចរាចរណ៍ ប្រព្រឹត្តខុសវិន័យកងកម្លាំងបណ្តេញចេញពីក្របខ័ណ្ឌនគបាលជាតិ

ភ្នំពេញ ៖ បន្ទាប់ពីមានមតិរិៈគន់ពីមហាជនក៏ដូចជាអ្នកលេងបណ្តាញសង្គម facebook ចែករំលែកតៗគ្នាកាលពីពេលកន្លងមក
ពាក់ព័ន្ធទៅលើមន្ត្រីនគរបាលចរាចរ២រូបដែលបានទារប្រាក់ពីជនបរទេសដែលបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ដោយមន្ត្រី
នគរបាលទាំង២នាក់ទារប្រាក់ចំនួន២០ដុល្លារជាថ្នូរនឹងការមិនចាប់បញ្ជូនទៅការិយាល័យ។

លោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី០២ ខែឧសភា
ឆ្នាំ២០១៨នេះថា មន្ត្រីនគរបាលចរាចរទាំង២នាក់ដែលប្រព្រឹត្តខុសនឹងវិន័យកងកម្លាំងនោះ ត្រូវផ្អាកការងារបណ្តោះអាសន្ននៅ
ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។

ចំពោះចំណាត់ការយ៉ាងណានោះលោកបានសុំគោលការណ៍ពីឯកឧត្តម នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ
និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិផងដែរ។លោកនាយការិយាល័យបានបន្ថែមថា
មន្ត្រីនគរបាលចរាចរទាំង២នាក់ខាងលើ បានប្រព្រឹត្តខុសនូវវិន័យ០០៦របស់កម្លាំងនគរបាលជាតិ ដោយផាកពិន័យ
លើសគោលការណ៍និងមិនបានចេញវិក្កយបត្រ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីនគរបាលផ្សេងទៀត។ បច្ចុប្បន្នការិយាល័យ
ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញនៃស្នងការដ្នាននគបាលរាជធានីភ្នំពេញបានចាត់វិធានការយ៉ាងតឹងរឹងព្រមទាំងផ្អាក
ការងារជាបណ្តោះអាសន្ន ចំពោះមន្រ្តីទាំង២រូបនេះហើយបានកសាងសំណុំរឿងស្នើសុំគោលការណ៍ពី ឯកឧត្តម នាយឧត្តមសេនីយ៍
អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញផងដែរ ។

ក្នុងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍បន្ថែមថា មន្ត្រីនគរបាលចរាចរទូទាំងរាជធានីភ្នំពេញត្រូវបានទទួល
នូវការលើកទឹកចិត្ត និងឧបត្ថម្ភពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍
សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ និង ឯកឧត្តមអភិបាល នៃ គណៈភិបាល រាជធានីភ្នំពេញ ក៏ដូចជាសេចក្តីណែនាំ
ក្រើនរំលឹកពី ឯកឧត្តម នាយឧត្តមសេនីយ៍ស្នងការផងដែរ ។

ជារួម ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការរង និងជាស្នងការនគបាលរាជធានីភ្នំពេញ មិនអនុញ្ញតអោយមានមន្ត្រី
នគរបាលណាម្នាក់អនុវត្ត ឬប្រព្រឹត្តបទល្មើសផ្ទុយពីសេចក្តីថ្លៃថ្នូរ សុជីវធម៌ ក្រមសីលធម៌ ជាមន្ត្រីកងកម្លាំងនគរបាលជាតិឡើយ ។

ចំពោះទង្វើរបស់មន្ត្រីនគបាលទាំងពីរនាក់ខាងលើ ឯកឧត្តម មិនអាចអប់រំណែនាំបន្តទៀតនោះទេ គឺ ឯកឧត្តម គោរពស្នើសុំគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ បណ្តេញចេញពីក្របខ័ណ្ឌនគបាលជាតិតែម្តង ៕

អត្ថបទទាក់ទង