ខ្មែរប៉ុស្ដិ៍ Close

AMRO ថា ការងើបឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា គឺពឹងផ្អែកលើវិស័យសេវាកម្ម និងផលិតកម្ម

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី៧ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 33
AMRO ថា ការងើបឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា គឺពឹងផ្អែកលើវិស័យសេវាកម្ម និងផលិតកម្ម AMRO ថា ការងើបឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា គឺពឹងផ្អែកលើវិស័យសេវាកម្ម និងផលិតកម្ម

វិទ្យុជាតិកម្ពុជា លោក វ៉ាង ភក្តី ភ្នំពេញ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន ហៅកាត់ AMRO បានធ្វើនិទស្សន៍ថា ការងើបឡើងវិញនូវសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់៤ភាគរយ នៅឆ្នាំ២០២១នេះ គឺពឹងផ្អែកទាំងស្រុងទៅលើវិស័យសេវា កម្ម និងវិស័យផលិតកម្ម។ ការវាយតម្លៃបឋមរបស់ AMRO បន្ទាប់ពីបានពិគ្រោះយោបល់ប្រចាំឆ្នាំជាក់ស្តែងជាមួយអាជ្ញាធរកម្ពុជា ចាប់ពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ បញ្ជាក់ថា វិស័យទាំងពីរនេះ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញច្រាន និងសង្រ្គោះសេដ្ឋកិច្ចកម្ពុជាឱ្យងើបឡើងវិញ ពីការដួលដោយសាររលកឆ្លងថ្មីនៃជំងឺកូវីដ-១៩។ របាយការណ៍វាយតម្លៃបឋមរបស់AMRO ដែលចេញផ្សា យនៅថ្ងៃទី៧ ខែឧសភា នេះ លើកឡើងថា ការបិទអាជីវ កម្ម និងការបាត់បង់ការងារដោយសារជំងឺរាតត្បាត ប្រសិនបើអូសបន្លាយពេលយូរ អាចកាត់បន្ថយភាពខ្លាំងនៃការងើបឡើងវិញនៅប៉ុន្មានឆ្នាំខាងមុខ ហើយអាចបន្សល់ ទុកនូវការខូចខាតយូរអង្វែងដល់សមត្ថភាពផលិតភាពសេដ្ឋកិច្ច។ លោកបណ្ឌិត Seung Hyun Luke Hong អ្នកឯកទេសសេដ្ឋកិច្ចរបស់ AMRO ពន្យល់ថា ស្ថិតក្នុងបរិយាកាសដ៏លំបាកនេះ គោលនយោបាយសារពើពន្ធនៅតែមានសារសំខាន់ នៅ ពេលដែលការដាក់ចេញកញ្ចប់ជំរុញសារពើពន្ធទូលំទូលាយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់សេដ្ឋកិច្ច។ ទោះជាយ៉ាងនេះក្តី ការដោះស្រាយឧបសគ្គ និងការរៀបចំរចនាសម្ព័ន្ធនានា គួរតែត្រូវបានពន្លឿន ដើម្បីបង្កើនការប្រកួតប្រជែង និងភាពធន់នៃសេដ្ឋកិច្ច ខណៈការកើនឡើងនូវជំងឺឆ្លងក្នុង ករណីសហគមន៍នាពេលថ្មីៗនេះ បញ្ជាក់ពីតម្រូវការសម្រាប់ការឆ្លើយតបយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរាតត្បាត និងពន្លឿនការចាក់វ៉ាក់សាំង។ សូមបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះ៣,១ភាគ រយក្នុងឆ្នាំ២០២០ ដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។ ប៉ុន្តែបើតាមការព្យា ករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី គឺសេដ្ឋកិច្ចកម្ពជានឹងវិលត្រឡប់មកវិញក្នុងកំណើន ៤ភាគរយ នៅឆ្នាំ២០២១នេះ និងកំណើន៥,៥ភាគរយ ដែលកំណើននេះ នឹងជួយបង្កើនប្រាក់ចំណូលគ្រួសារ ប៉ុន្តែមិនមែនគ្រប់វិស័យ និងតំបន់ទាំងអស់ នឹងទទួលបានប្រយោជន៍នេះស្មើគ្នានោះទេ ៕