ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តសៀមរាប បើកផ្សារពីរ និងសង្កាត់ចំនួន៣ ឱ្យធ្វើដំណើរចេញ-ចូលឡើងវិញ ក្រោយការឆ្លងជំងឺកូវីដ-១៩ ត្រូវបានកាត់ផ្តាច់

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 32
រដ្ឋបាលខេត្តសៀមរាប បើកផ្សារពីរ និងសង្កាត់ចំនួន៣ ឱ្យធ្វើដំណើរចេញ-ចូលឡើងវិញ ក្រោយការឆ្លងជំងឺកូវីដ-១៩ ត្រូវបានកាត់ផ្តាច់ រដ្ឋបាលខេត្តសៀមរាប បើកផ្សារពីរ និងសង្កាត់ចំនួន៣ ឱ្យធ្វើដំណើរចេញ-ចូលឡើងវិញ ក្រោយការឆ្លងជំងឺកូវីដ-១៩ ត្រូវបានកាត់ផ្តាច់

(សៀមរាប)៖ នៅរសៀលថ្ងៃទី៣០ ខែមេសានេះ រដ្ឋបាលខេត្តបានសម្រេចបើកឱ្យមានការចេញ-ចូលឡើងវិញ នូវផ្សារចំនួន២ មានផ្សារក្រោម ផ្សារវត្តអធ្វា រួមនិងសង្កាត់៣ មានសង្កាត់សាលាកំរើក សង្កាត់ស្វាយដង្គំ និងសង្កាត់សៀមរាប ខណៈដែលស្ថានភាពនៃការឆ្លងក្នុងសហគមន៍ត្រូវបានអាជ្ញាធរគ្រប់គ្រងបាន។

ផ្សារខាងលើត្រូវបានរដ្ឋបាលខេត្តសៀមរាប សម្រេចបិទខ្ទប់បណ្ដោះអាសន្នកាលពីថ្ងៃទី១៥ ខែមេសា ខណៈសង្កាត់ទាំង៣ បានបិទខ្ទប់នៅថ្ងៃទី១៧ ខែមេសា ខណៈដែលមានអាជីវករប្រមាណ ១០នាក់ រកឃើញវិជ្ជមានកូវីដ-១៩។

យ៉ាងណាក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់របស់ក្រុមការងារជំនាញ និងវិធានចត្តាឡីស័ក បានធ្វើឲ្យករណីនេះបានវិលទៅរកភាពប្រក្រតី និងស្ថិតក្រោមការគ្រប់គ្រង ហើយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបើកការចេញ-ចូល ឬដំណើរការឡើងវិញក្នុងភូមិសាស្រ្តសង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប រួមទាំងផ្សារក្រោម និងផ្សារវត្តអធ្វា ស្ថិតក្នុងភូមិសាស្រ្តក្រុងសៀមរាប ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ តទៅ។

រដ្ឋបាលខេត្តសៀមរាប តម្រូវឱ្យអាជ្ញាធរសង្កាត់ពាក់ព័ន្ធ គណៈកម្មការគ្រប់គ្រងផ្សារក្រោម និងផ្សារវត្តអធ្វា ត្រូវបន្តអនុវត្តវិធានការការពាររបស់ក្រសួងសុខាភិបាល ដោយត្រូវត្រួតពិនិត្យសុខភាពបឋមដល់អាជីវករ និងអ្នកចេញ-ចូលក្នុងផ្សារ លាងសម្អាតដៃនឹងអាកុល ឬជែល ពាក់ម៉ាស់ និងរក្សាគម្លាតសង្គម ព្រមទាំង អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)៕

អត្ថបទទាក់ទង