សារលិខិតរបស់សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើជូនអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម
នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម។
សារលិខិតនេះ មានខ្លឹមសារទាំងស្រុងថា ៖
ឯកឧត្តមជាទីស្រឡាញ់រាប់អាន!
ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានទទួលនូវសារលិខិតសួរសុខទុក្ខរបស់ឯកឧត្តម ចុះថ្ងៃទី ១៩ ខែមេសាឆ្នាំ ២០២១។ ក្នុងនាមគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល ប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលតែងតែយកចិត្តទុកដាក់ ដល់ការថែរក្សានូវចំណងមិត្តភាព សាមគ្គីភាព និងរួមសុខរួមទុក្ខជាមួយគ្នានៅគ្រប់កាលៈទេសៈទាំងអស់។
ជាការពិតប្រទេសយើងទាំងពីរ ក៏ដូចជាសហគមន៍អន្តរជាតិ កំពុងជួបប្រទះនឹងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតមួយ ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ដោយសារជំងឺកូវីដ -១៩ ដែលបាននិងកំពុងបង្កវិបត្តិយ៉ាងធំធេង ចំពោះសុខភាពសាធារណៈសង្គមនិងសេដ្ឋកិច្ច។
ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមកោតសរសើរ ចំពោះវិធានការយ៉ាងឆាប់រហ័ស ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងយ៉ាងមានប្រសិទ្ធភាពរបស់វៀតណាម ព្រមទាំងការរួមចំណែកជាសកល ក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ តាមរយៈការគាំទ្រ និងការផ្តល់ជំនួយដល់សហគមន៍អន្តរជាតិ ក៏ដូចជាកម្ពុជាទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។
នៅកម្ពុជា ទោះបីជាយើងបានទទួលជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ -១៩ បានស្ទើរពេញមួយឆ្នាំ ២០២០ ក៏សង្គ្រាមប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ កំពុងវិវត្តន៍មកដល់ដំណាក់កាលថ្មីដែលស្មុគស្មាញជាពិសេសក្រោយការផ្ទុះ“ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” ។ បច្ចុប្បន្ន ក្រសួងសុខាភិបាល រួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត បាននិងកំពុងរៀបចំមន្ទីរព្យាបាលជម្ងឺកូវីដ -១៩ យ៉ាងដុតដៃដុតជើង ដើម្បីសម្រាលទុក្ខលំបាក និងផ្ដល់ក្ដីសង្ឃឹមដល់ប្រជាពលរដ្ឋកម្ពុជា។
ខ្ញុំសូមសម្តែងនូវការពេញចិត្ត ចំពោះការរីកចម្រើនដ៏ល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការ រវាងគណបក្សរដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរ ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។
ខ្ញុំសូមជូនពរឱ្យទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរ កាន់តែរីកចម្រើនរឹងមាំជាលំដាប់៕