ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាល​ជំរុញការតភ្ជាប់ខ្សែបណ្តាញចរន្តប្រើប្រាស់អគ្គិសនីដល់ផ្ទះប្រជាពលរដ្ឋឱ្យបាន​១០០ភាគរយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៩ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 23
រាជរដ្ឋាភិបាល​ជំរុញការតភ្ជាប់ខ្សែបណ្តាញចរន្តប្រើប្រាស់អគ្គិសនីដល់ផ្ទះប្រជាពលរដ្ឋឱ្យបាន​១០០ភាគរយ រាជរដ្ឋាភិបាល​ជំរុញការតភ្ជាប់ខ្សែបណ្តាញចរន្តប្រើប្រាស់អគ្គិសនីដល់ផ្ទះប្រជាពលរដ្ឋឱ្យបាន​១០០ភាគរយ

រាជរដ្ឋាភិបាលបានជំរុញការតភ្ជាប់ខ្សែបណ្តាញចរន្តប្រើប្រាស់អគ្គិសនីដល់ផ្ទះប្រជាពលរដ្ឋឱ្យបាន ១០០ភាគរយ ដើម្បីបំពេញតាមតម្រូវការប្រើប្រាស់អគ្គិសនីរបស់ប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នការងារនេះសម្រេចបានប្រមាណ ៩៧,៣៩ភាគរយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ សារលិខិតជូនរួមជាតិ អបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បានគូសបញ្ជាក់ថា វិស័យថាមពលអគ្គិសនី នៅឆ្នាំ២០២០កន្លងទៅ បរិមាណផ្គត់ផ្គង់ដោយវារីអគ្គិសនី និងរោងចក្រអគ្គិសនីដុតធ្យូងថ្ម ដែលជាប្រភពថាមពលផ្ទាល់របស់កម្ពុជា សម្រេចបានជាង ៨ ៥១២លានគីឡូវ៉ាត់ម៉ោង បើធៀបនឹងឆ្នាំមុន ដែលមានជាង ៨ ៦៧៥លានគីឡូវ៉ាត់ម៉ោង ថយចុះ ១,៨៧ភាគរយ។

ក្នុងសារលិខិតបានបន្តថា ការតភ្ជាប់ខ្សែបណ្តាញចរន្តឱ្យដល់ប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ថាមពលអគ្គិសនី រហូតមកដល់ឆ្នាំ២០២០ ចំពោះគេហដ្ឋានប្រជាពលរដ្ឋសុទ្ធសាធ បានកើនដល់ប្រមាណ២,៩១លានខ្នងផ្ទះ ត្រូវជាប្រមាណ៨១,០៦% នៃចំនួនផ្ទះសរុបប្រមាណ៣,៥៩លានខ្នងផ្ទះ និងគ្របដណ្តប់ដល់ភូមិប្រមាណ៩៧,៣៩% នៃចំនួនភូមិសរុប ១៤ ៤៩៨ភូមិ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

អគ្គិសនីកម្ពុជាបានឱ្យដឹងថាក្នុងយុទ្ធសាស្ត្ររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ឲ្យគ្រប់ភូមិទាំងអស់ នៃប្រទេសកម្ពុជា មានអគ្គិសនីប្រើប្រាស់ពីបណ្តាញជាតិឲ្យបានឆាប់បំផុត ហើយបច្ចុប្បន្ននេះ ដោយសារការកែទម្រង់ស៊ីជម្រៅរបស់អគ្គិសនីកម្ពុជា និងការដឹកនាំឈានមុខរបស់អគ្គិសនីកម្ពុជា ភូមិចំនួនជិត៩៨ភាគរយរួចហើយដែលមានអគ្គិសនីប្រើប្រាស់ពីបណ្តាញជាតិ នៅសល់តែជាង៣០០ភូមិទៀតប៉ុណ្ណោះ ដែលនឹងត្រូវបញ្ចប់។

ជាផ្នែកមួយដើម្បីជួយដល់ភូមិ ដែលនៅដាច់ស្រយាលពីបណ្តាញជាតិ (តំបន់កោះ) ឲ្យមានអគ្គិសនីប្រើប្រាស់នោះ កាលពីពេលថ្មីៗ អគ្គិសនីកម្ពុជា បានអនុវត្តគម្រោងសាកល្បងការផ្គត់ផ្គង់អគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ នៅភូមិដាច់ស្រយាលមួយចំនួន ដើម្បីអាចមានអគ្គិសនីប្រើប្រាស់។ ថ្វីត្បិតតែគម្រោងថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យនេះ ជាគម្រោងរបស់ក្រុមហ៊ុន មានកម្រិតតូច មិនអាចប្រើប្រាស់តាមចិត្ត ១០០% ប៉ុន្តែនេះជាជំហានមួយក្នុងផ្គត់ផ្គង់ពន្លឺថាមពលស្អាត ទៅដល់ភូមិដាច់ស្រយាល ដែលនៅឆ្ងាយពីបណ្តាញជាតិ ដែលនេះជាចំណែកមួយនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាឲ្យភូមិនៅប្រទេសកម្ពុជា មានអគ្គិសនីប្រើប្រាស់ ១០០% ទូទាំងប្រទេសក្នុងពេលដ៏ខ្លី ហើយយុទ្ធសាស្ត្រដែលបង្កើតប្រភពថាមពលទៅឲ្យប្រជាជនគ្រប់ភូមិនេះ គឺកន្លែងអាចពង្រីកបណ្តាញជាតិទៅដល់​នឹងបន្តពង្រីកបណ្តាញជាតិ ប៉ុន្តែចំពោះភូមិដែលនៅដាច់ស្រយាលគ្មានបណ្តាញជាតិទៅដល់ ដូចជាភូមិស្ទឹងជ្រៅ ដែលជាតំបន់កោះ ឆ្ងាយពីបណ្តាញជាតិ ដូច្នេះថាមពលស្អាត ដែលជាពន្លឺព្រះអាទិត្យ អាចជាដំណោះស្រាយមួយ ក្នុងការជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋជាបណ្តោះអាសន្ន៕

អត្ថបទទាក់ទង