UNESCO និងACC អបអរសាទរកម្ពុជាដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដល់គ្រូបង្រៀន
អង្គការUNESCO ចាត់ទុកថា កម្ពុជា ជាប្រទេសដែលបានផ្តល់អាទិភាពខ្ពស់ក្នុង ចំណោមប្រទេសចំនួន១៧លើពិភពលោកដែលបានផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់គ្រូបង្រៀន។
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី ហៅកាត់ថា (ACC) នៅថ្ងៃទី៧ មេសា ឆ្នាំ២០២១ បានបញ្ជាក់ថា អង្គការវិស័យអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ ហៅកាត់ថា អង្គការយូណេស្កូ(UNESCO) បានចាត់ទុកប្រទេសកម្ពុជា ក្នុងចំណោមប្រទេសទាំង១៧ នៅលើសកលលោក ដែលបានផ្តល់អាទិភាពខ្ពស់ ក្នុងការចាក់វ៉ាក់សាំង កូវីដ-១៩ជូនគ្រូបង្រៀន។
ការផ្តល់ចំណាត់ថ្នាក់នេះ ត្រូវបានធ្វើឡើងតាមរយៈការសិក្សាស្រាវជ្រាវលើប្រទេសចំនួន១៥០នៅក្នុងពិភពលោក ដោយអង្គការយូណេស្កូ និងក្រុមការងារអន្តរជាតិទទួលបន្ទុកគ្រូបង្រៀនសម្រាប់ការអប់រំឆ្នាំ២០៣០ អស់រយៈពេល១ឆ្នាំ ចាប់តាំងពី ការរីករាលដាលនៃជំងឺកូវីដ-១៩ ពីខែមីនា ឆ្នាំ២០២០ ដល់ខែមីនា ឆ្នាំ២០២១។
ACC ដែលមានសមាជិកមកពី៥២ ប្រទេស និង១ដែនដីនៅទ្វីបអាស៊ី និងជាដៃគូសហប្រតិបត្តិការផ្នែកវប្បធម៌នៅអាស៊ីមួយរបស់អង្គការយូណេស្កូ បានសម្តែងនូវការអបអរសាទរ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការខិតខំស្វះស្វែងរកវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនក្រុម ប្រជាជនអាទិភាព ពិសេសគ្រូបង្រៀន រួមទាំងប្រជាជនដែលប្រឈមផ្ទាល់ទៅនឹងការឆ្លង ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ខណៈដែលបណ្តាប្រទេសស្ទើរតែទាំងអស់នៅក្នុងពិភពលោកកំពុងខ្វះខាតវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។
សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា មិត្តភក្តិអន្តរជាតិជាច្រើនតែងលើកសរសើរប្រទេសកម្ពុជាថា ជាប្រទេសតូច ប៉ុន្តែចិត្ត ទូលាយ ហើយក៏ជាប្រទេសតូច ដែលមានអត្តសញ្ញាណជាតិរឹងមាំផងដែរ។ ក្រុមប្រឹក្សាវប្បធម៌អាស៊ីបានសម្តែង នូវការគាំទ្រចំពោះការដោះស្រាយ វិបត្តិសកលកូវីដ -១៩ របស់រាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក និង សង្ឃឹមជឿជាក់ថា ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា នឹងធូរស្រាលឆាប់រហ័សនាពេលដ៏ខ្លីខាងមុខ៕