លោកតាអាយុ១០៣ឆ្នាំ និង១០០ឆ្នាំ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានបន្ដនាំយកថវិការបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋកមន្ដ្រីកម្ពុជា ទៅប្រគល់ជូនលោកតា អាយុ១០៣ឆ្នាំ និង១០០ឆ្នាំ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទទួលបានថវិកាចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។
លោកតាដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង ហើយទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នាឱកាសនេះ ឈ្មោះ នន អែម អាយុ១០៣ឆ្នាំ រស់នៅភូមិតាមុល ឃុំព្រែកដំបូល និងលោកតាឈ្មោះ ហែម ម៉ៅ រស់នៅភូមិក្សេរ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ថ្លែងក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា នន អែម និងលោកតា ហែម ម៉ៅ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់លោកតា ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ផងដែរ។
បើទោះបីរៀងធ្ងន់ត្រចៀកពិបាកស្ដាប់បន្ដិចមែន តែលោកតា នន អែម និងលោកតា ហែម ម៉ៅ អាចស្ដាប់បាននូវអ្វីដែលជាការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានផ្ដល់អំណោយជូនលោកតានៅឱកាសនេះ៕ Fresh News