ខ្មែរប៉ុស្ដិ៍ Close

វៀតណាមបរិច្ចាគ ២០ម៉ឺនដុល្លារជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងកូវី១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៣ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 52
វៀតណាមបរិច្ចាគ ២០ម៉ឺនដុល្លារជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងកូវី១៩ វៀតណាមបរិច្ចាគ ២០ម៉ឺនដុល្លារជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងកូវី១៩

លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម បានផ្ញើលិខិតមួយ សួរសុខទុក្ខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់ពីប្រទេសកម្ពុជា ទទួលរងនូវការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍យ៉ាងខ្លាំងក្លា។

តាមរយៈសារលិខិតសួរសុខទុក្ខ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ លោកនាយករដ្ឋមន្រ្តីវៀតណាម ក៏បានចូលរួមបរិច្ចាគ២០ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីឌ១៩ នៅក្នុងប្រទេសផងដែរ។

ក្នុងសារលិខិតរបស់ លោក ង្វៀន សួនហ៊្វុក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា៖

«ជំងឺរាតត្បាតកូវីដ-១៩ បាន និងកំពុងជះឥទ្ធិពលដ៏ធ្ងន់ធ្ងរដល់គ្រប់ប្រទេសលើសកលលោក។ នាពេលកន្លងមក កម្ពុជា និងវៀតណាម បានខិតខំ និងដាក់ចេញនូវវិធានការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាពជាច្រើន ព្រមទាំងបានចែករំលែក និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងគ្រាលំបាកនេះ។ ប៉ុន្តែស្ថានភាពនាថ្មីៗនេះ កំពុងមានការវិវត្តយ៉ាងស្មុគស្មាញដែលទាមទារឱ្យគ្រប់ប្រទេសទាំងកម្ពុជា និងវៀតណាម ចាំបាច់ត្រូវខិតខំប្រឹងប្រែងខ្លាំងជាងមុន និងបង្កើនសាមគ្គីភាពដ៏ជិតស្និទ្ធកាន់តែខ្លាំងថែមទៀត ដើម្បីឆ្លើយតប និងយកឈ្នះជំងឺរាតត្បាតនេះ»។

លោកអះអាងថា វៀតណាមបានវាយតម្លៃខ្ពស់ចំពោះ គ្រប់វិធានការដ៏ម៉ឹងម៉ាត់របស់កម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតនេះ ជាពិសេសនៅតាមតំបន់ព្រំដែនដែលមានការវិវត្តស្មុគស្មាញ។ លោកបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភពីសំណាក់សម្តេចតេជោ និងស្ថាប័ននានារបស់កម្ពុជា ចំពោះសហគមន៍ជនជាតិវៀតណាម ដែលកំពុងសិក្សា និងធ្វើការនៅកម្ពុជា។

លោកនាយករដ្ឋមន្រ្តី វៀតណាម បានបញ្ជាក់បន្ថែមដូច្នេះថា៖

«ក្នុងស្មារតីទំនាក់ទំនង ភាពជាអ្នកជិតខាង មិត្តភាពជាប្រពៃណី និងបំណងប្រាថ្នាចង់ជួយគ្នាក្នុងគ្រាលំបាក រដ្ឋាភិបាលវៀតណាម សូមផ្ញើជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានូវថវិកាចំនួន ២០០,០០០ដុល្លារអាមេរិក ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ»។

លោកនាយករដ្ឋមន្រ្តីវៀតណាម បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចតេជោ កម្ពុជានឹងគ្រប់គ្រងបាននូវការរីករាលដាលក្នុងពេលឆាប់ៗ និងនាំមកនូវស្ថិរភាពជូនប្រជាបលរដ្ឋ។ លោកបានជូនពរសម្តេចតេជោ ហ៊ុន សែន ឱ្យបន្តជោគជ័យបន្ថែមទៀត នាពេលខាងមុខ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកម្សិលមិញនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ២,៥៤៦នាក់ ដែលក្នុងនោះអ្នកជំងឺ១៦នាក់បានស្លាប់ ខណៈ១,២៥៦នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង អ្នកកំពុងសម្រាកព្យាបាលជំងឺមានចំនួន ១,២៧០នាក់៕ Fresh News

អត្ថបទទាក់ទង